ខេត្តបាត់ដំបង ៖ ពិធីរៀបការគូស្វាមីភរិយាថ្មោងថ្មីមួយគូ កំពុងធ្វើឱ្យមហាជន ផ្ទុះការចាប់អារម្មណ៍ កក្រើក ពេញបណ្តាញសង្គម បន្ទាប់ពីបានឃើញសាមីខ្លួនកូនកំលោះ មានវ័យដល់ទៅ៧៩ឆ្នាំ ទៅហើយ បែរជាមានសំណាងដឹកដៃកូនក្រមុំវ័យក្មេង ដ៏ស្រស់ស្អាតទ្រលុកទ្រលន់ ចូលរោងការ យ៉ាងអធិកអធម ក្រោមស្នាមញញឹមបិទមាត់មិនជិត ធ្វើឱ្យមានទាំងអ្នកចំអែចំអន់ និងអ្នកលួចច្រណែន។

មង្គលការដ៏ភ្ញាក់ផ្អើលនេះ បានរៀបចំឡើង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយកូនកំលោះ មានឈ្មោះ ម៉ាង ទ័រ អាយុ៧៩ឆ្នាំ ចំណែកកូនក្រមុំ ឈ្មោះ លុន ចិន្តា អាយុប្រមាណជាង ៣០ឆ្នាំ។
យោងតាមប្រភពគណនីបណ្តាញសង្គម ឈ្មោះ Phana Pnyb កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះវីដេអូមួយ បង្ហាញពីកម្មវិធីសូត្រមន្តមង្គលការ រវាងកូនកំលោះ ឈ្មោះ ម៉ាង ទ័រ វ័យ៧៩ឆ្នាំ និងកូនក្រមុំ ឈ្មោះលុន ចិន្តា វ័យប្រមាណជាង៣០ឆ្នាំ ភ្ជាប់ជាមួយសំណេរថា “វាសនាមនុស្សយើង មើលមិនឃើញទេ កូនកំលោះ ម៉ាង ទ័រ កូនក្រមុំ លុន ចិន្តា … ។ ចង់ប្រាប់ក្មេងៗថា កុំច្រណែននឹងតាអី សុំសប្បាយផ្តាំចាស់ម្តង…”។

ដោយឡែក សម្អាងការ រស្មីមង្គល ដែលទទួលតែងការឱ្យកូនកំលោះក្រមុំខុសវ័យ ខាងលើ បានបង្ហោះរូបភាពកូនកំលោះក្រមុំខាងលើ ចំនួន២សន្លឹក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “ថ្ងៃនេះ តែងនៅតាកុយ ម្តង បងៗដែលរកគូមិនទាន់ឃើញ កុំភ័យអី ទោះបីបងតា អាយុ៧៩ឆ្នាំ ហើយ ក៏មិនទាន់ហួសពេលដែរ…”។
ឆ្លើយតបទៅនឹងការបញ្ចេញមតិ និងចោទសួរពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ថាតើជាការសម្តែង ឬជាការពិត? ម្ចាស់សម្អាងការខាងលើ បានបញ្ជាក់ថា “មិនសម្តែងទេ គាត់ការមែនទែនតើ! បើខ្ញុំអ្នកតែងឱ្យគាត់ហ្នឹង គាត់ការនៅភូមិតាកុយ ខេត្តបាត់ដំបង…”។ ម្ចាស់សម្អាងការ បានបញ្ជាក់បន្ថែមថា “ពេលខ្ញុំទៅតែងឱ្យគាត់ គាត់ថា គាត់ស្រលាញ់គ្នា យូរដែរហើយ…”។

បន្ទាប់ពីបានឃើញពិធីមង្គលការរវាងកូនកំលោះ អាយុ៧៩ឆ្នាំ និងកូនក្រមុំ អាយុជាង៣០ឆ្នាំ ខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើន បានបញ្ចេញមតិ និងយល់ឃើញរៀងៗខ្លួន ដោយអ្នកខ្លះបានលើកឡើងពីសំណាងរបស់កូនកំលោះ តាអាយុ ៧៩ឆ្នាំ ដែលបានប្រពន្ធក្មេង ហើយស្អាតទៀត និងថែមទាំងជូនពរឱ្យស្រ លាញ់គ្នាជារឿងរហូតទៅ។ ប៉ុន្តែក្នុងចំណោមនោះ ក៏មានអ្នកខ្លះរិះគន់កូនកំលោះអាយុ ៧៩ឆ្នាំ នោះថា “តាអើយតា បានប៉ុន្មានឆ្នាំ ? យកប្រពន្ធដូចចៅទួត ចៅលួត មិនខ្មាសចៅទេតា? វ័យតាចាស់ហើយ លះបង់កាម រកវត្តវ៉ាទៅអត់ទេ បើតាគ្មានលុយ គ្មានទ្រព្យ ស្មានថានាងរៀបការជាមួយតាអី? ហើយនាង មុនសម្រេចចិត្តរៀបការហ្នឹង នាងគន់គូរអាយុខែតា បាត់ទៅហើយថា មិនបានប៉ុន្មានទេ តានឹងទៅចោលនាង ទ្រព្យសម្បត្តិតា នឹងធ្លាក់មកលើនាងហើយតា ក្មេងគេមិនល្ងង់ទេ…”។

ចំណែកកូនក្រមុំ បានឆ្លើយតបទៅគណនីហ្វេសប៊ុក របស់ស្ត្រីម្នាក់ ដែលចូលខម្មិនថា «រកគិតវត្តវ៉ាខ្លះផងតា ដើម្បីបុណ្យថ្មីចូល» ដោយនាងបានសរសេរថា «គិតតែបុណ្យប្តីអ្នកឯង ឲ្យល្អទៅ មិនបាច់គិតដល់ប្តីអញទេ…”៕
