Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោ.../រស្រីជិះតាក់ស៊ី មកគា.../ស់ផ្ទះ ជា.../ប់ខ្នោះ

ចោ…/រស្រីជិះតាក់ស៊ី មកគា…/ស់ផ្ទះ ជា…/ប់ខ្នោះ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីសង្ស័យម្នាក់ បានជិះរថយន្តតាក់ស៊ីចេញពីបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល សំដៅទៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួចធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋដែលចាក់សោចោល ចូលទៅរើកកាយរករបស់ទ្រព្យមានតម្លៃ ស្រាប់តែភ្លាមនោះ ម្ចាស់ផ្ទះមកទាន់ ក៏ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ករណីគាស់ផ្ទះនេះ បានកើតឡើងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះឈ្មោះចាប សុវណ្ណា ស្ថិតក្នុងភូមិចម្ការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡី វីន ហៅសុខ ខឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សព្វថ្ងៃ ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនធ្វើសកម្មភាព ស្ត្រីសង្ស័យខាងលើ បានជិះរថយន្តតាក់ស៊ី ចេញពីផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មកចុះនៅផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានចុះដើរតាមបណ្តោយផ្លូវជាតិលេខ៥៣ ឆ្ពោះទៅទិសខាងលិច ដើម្បីរកទីតាំងធ្វើសកម្មភាពគាស់ផ្ទះ។ បន្ទាប់មក ស្ត្រីសង្ស័យ បានដើរមកដល់ចំណុចផ្លូវបេតុង ចូលក្នុងភូមិចម្ការម៉ៅ លុះមកដល់ចំណុចផ្ទះកើតហេតុខាងលើ ឃើញផ្ទះចាក់សោ មិនមានមនុស្សនៅ ទើបស្ត្រីសង្ស័យបានផ្លោះរបងចូលទៅធ្វើសកម្មភាពយកកាំបិតប៉័ងតោដែលម្ចាស់ផ្ទះទុកនៅផ្ទះបាយ គាស់ផ្ទះចូលទៅខាងក្នុង និងរើសម្លៀកបំពាក់ រករបស់មានតម្លៃ ភ្លាមនោះស្រាប់តែម្ចាស់ផ្ទះមកទាន់ ឃើញដូច្នេះ ស្ត្រីសង្ស័យបានផ្លោះរបង បំណងរត់គេច តែត្រូវម្ចាស់ផ្ទះចាប់ជាប់តែម្តង។

ភ្លាមៗនោះ ម្ចាស់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ច  និងត្រូវបានលោកវរសេនីយ៍ទោ វ៉េត សុផល អធិការនគរ បាលស្រុករលាប្អៀរ ចាត់កម្លាំងសមត្ថកិច្ចជំនាញចុះនាំខ្លួនស្ត្រីសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ដោយបានធ្វើការដកហូតវត្ថុតាង រួមមាន កាំបិតប៉័ងតោ សម្រាប់ធ្វើសកម្មភាពគាស់ផ្ទះ និងទូរ ស័ព្ទដៃ ១គ្រឿង។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES