ខេត្តសៀមរាប ៖ ប្រុសស្រីជើងល្អ ១គូ បានប្រើល្បិចថ្មី ចូលទៅទិញរថយន្តទំនើប ១គ្រឿង ដោយបានទូទាត់ប្រាក់តាមរយៈគណនីធនាគារ (បាញ់លុយ) ឱ្យទៅអ្នកលក់រួចរាល់ ក៏បើករថយន្តនោះចាកចេញទៅបាត់ បន្ទាប់ មកបែរជាទាក់ទងទៅខាងធនាគារ ឱ្យបង្កកសាច់ប្រាក់ក្នុងធនាគារ មិនឱ្យអ្នកលក់រថយន្តដកប្រាក់បាន លុះជន រងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាគូស្នេហ៍ ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីនេះ បានកើតឡើង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចទីតាំងលក់រថយន្ត១កន្លែង ក្នុងរាជ ធានីភ្នំពេញ។ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវ៧មករា មុខសាលារៀនភ្យូឆឺរប្រាយ ស្ថិតក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះកែវ ចាន់ធា ហៅកែវ យ៉ាលី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) និងទី២-ឈ្មោះសារ៉ែន ភិរុន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ឫស្សី កែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ថា បន្ទាប់ពីកម្លាំងនគរបាលការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ប្រុសស្រី រួចមក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញបានធ្វើការប្រគល់ជនសង្ស័យទាំង២នាក់ ទៅឱ្យកម្លាំងនគរបាលការិយាល័យជំនាញរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ខណៈដែលជនសង្ស័យទាំង២នាក់ កំពុងបើក បររថយន្តទំនើប ១គ្រឿង ម៉ាក BMW i8 ពណ៌ខៀវ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BI-8000 នៅលើផ្លូវ៧មករា មុខសាលារៀនភ្យូឆឺរប្រាយ ស្ថិតក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ រួចនាំយកទៅសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំធ្វើការប្រ គល់ឱ្យកម្លាំងនគរបាលការិយាល័យជំនាញរាជធានីភ្នំពេញ ចាត់ការបន្ត។
លោកស្នងការ បានបញ្ជាក់ប្រាប់ថា មូលហេតុឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ដោយសារមានពាក្យបណ្តឹងពីជនរងគ្រោះថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ជនសង្ស័យទាំង២នាក់ខាងលើ បានទិញរថយន្ត រួចបង់ប្រាក់តាមគណនីធនាគារ (បាញ់លុយ) ប៉ុន្តែជនសង្ស័យ បានបង្កកសាច់ប្រាក់ក្នុងធនាគារ មិនឱ្យអ្នកលក់រថយន្ត ដកប្រាក់បាននោះទេ ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹង។ លុះដល់ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃើញរថយន្តខាងលើធ្វើចរាចរណ៍នៅទឹកដីក្រុងសៀមរាប ក៏ឃាត់ខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ តែម្តង។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕