ភ្នំពេញ៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្តួចផ្តើមឡើងដោយសម្តេចហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅខេត្តព្រះត្រពាំង ខ្មែរក្រោម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
យោងតាមកម្មិវិធីកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ បានបញ្ជាក់ថា «អាត្មាភាព ទូលព្រះបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នា ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើអង្គកឋិនទានមហា សាមគ្គី គ្រួសារខ្មែរ ដង្ហែទៅកាន់វត្តរពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម ។
សេចក្តីដូចបានទូលថ្វាយប្រគេន និងជម្រាបជូនខាងលើនេះ អាត្មាភាព ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមយាង និមន្ត និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ព្រះមេត្តានិងមេត្តាចូលរួមចំណែកចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លា និងអនុមោទនាយកផលានិសង្សរៀងៗព្រះអង្គ និងរៀងៗខ្លួន។
កម្មវិធីបុណ្យ ៖
-ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២: ០០នាទីរសៀល ជួបជុំពុទ្ធបរិស័ទ ប្រារព្ធពិធីក្រុងពលី នមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយនិមន្តសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះធម៌ទេសនា នៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
ព្រឹក ៖ ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥:០០ នាទីព្រឹក ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទ នៅវិមាន៧មករា រាជធានីភ្នំពេញ រៀបចំក្បួនដង្ហែអង្គកឋិនទានមហា សាមគ្គីគ្រួសាខ្មែរ ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម (តាមច្រកអន្តរជាតិ ជ្រៃធំ ខេត្តកណ្តាល) ។
រសៀល ៖ ថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ចស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សំណេះសំណាលជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ។ បន្ទាប់មក មានសម្តែងសិល្បៈសម័យ និងល្ខោនបាសាក់ ។
ព្រឹត ៖ ថ្ងៃអង្គារ ៥កើតខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីព្រឹក ប្រគេនយាគូព្រះសង្ឃ រៀបចំពិធីដថ្ងៃអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណជុំវិញព្រះវិហារ ៣ជុំ រួចវេរប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។ រសៀល ៖ គណ:ប្រតិភូអញ្ជើញមាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយថា សម្តេចនិងភរិយា បានប្រើពេលដល់ទៅ ១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយ គឺការផ្តួចផ្តើមធ្វើបុណ្យកឋិនទាន ដង្ហែទៅវត្តខ្មែរក្រោម ។ ជាមួយនេះ សម្តេចហ៊ុន សែន បានបញ្ជាក់ថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបសម្តេច និងភរិយា បានដាក់ឈ្មោះអង្គកឋិនទានឆ្លងដែននេះថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដែលបងប្អូនខ្មែរ នៅគ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។
សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ថា «ភរិយាខ្ញុំបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទាន ទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្ត នៅកម្ពុជា។ ជាអកុសល ឪពុកខ្ញុំទទួលមរណភាព នៅឆ្នាំ២០១៣ ដែលគ្រួសារខ្ញុំ សម្រេចផ្អាកការធ្វើបុណ្យកឋិន រយៈពេល ៥ឆ្នាំ។ រឿងថ្មីបានកើតឡើង គឺម្តាយក្មេកខ្ញុំមានជំងឺនិងមរណភាពនៅឆ្នាំ២០២០ យើងសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត»។
សម្តេចហ៊ុន សែន សរសេរបន្តថា «ឆ្នាំនេះ ភរិយាខ្ញុំ បានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នា ទាំងឪពុកម្តាយនិងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដោយមានភរិយាខ្ញុំ រួមជាមួយសម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់»។
សម្តេចប្រធានព្រឹទ្ធសភា បន្តថា «សូមបញ្ជាក់ថា អង្គកឋិនទាននេះ ធ្វើឡើងដោយគណបក្សប្រជាជន រាជរដ្ឋា ភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃ ទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅវិមាន ៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្ញុំព្រះករុណា និងភរិយា ចូលរួមដោយផ្ទាល់»។
សម្តេចហ៊ុន សែន បានសរសេរបន្តទៀតថា «ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។ បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបាន ដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។ ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេចឆ្នាំ២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ»៕ ខៀវទុំ