Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះឡានដើរគា.../ស់ផ្ទះ៧ដង ជា.../ប់ខ្នោះ៣នាក់

ជិះឡានដើរគា…/ស់ផ្ទះ៧ដង ជា…/ប់ខ្នោះ៣នាក់

ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ចំនួន៣នាក់ បានធ្វើសកម្មភាពបើកនិងជិះរថយន្ត ១គ្រឿង ដឹកគ្នាដើរគាស់ផ្ទះប្រជាពលរដ្ឋ ឆ្លងខេត្ត ដោយធ្លាប់ធ្វើសកម្មភាពនៅតាមបណ្តាខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តកណ្តាល ដោយធ្វើបានសម្រេចរហូតដល់ទៅ៧ដង រួចមកហើយ តែចុងក្រោយអស់ លក្ខណ៍ ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវក្រសោបបានទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបករណីគាស់ផ្ទះនេះ បានធ្វើឡើង កាលពីវេលាម៉ោង៣និង៣៨នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរគ្រាត ឃុំគារ ស្រុកមោងឫស្សី។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគង់ រ៉ាវុធ ហៅរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ព្រំ សារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្នៀត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣-ឈ្មោះសា ស្រីណា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ចំពោះវត្ថុតាងដកហូត រួមមាន  រថយន្ត ១គ្រឿង ម៉ាក TOYOTA CAMRY ផលិតឆ្នាំ១៩៩៧ ពណ៌ឆ្លូញ ពាក់ស្លាក លេខ ភ្នំពេញ 2J 0788។ ទួរណឺវីស ចំនួន២ និងកាំបិត ចំនួន១។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅវេលាម៉ោង៣និង៣៨នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរគ្រាត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សន និល ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ១ករណី និងបានធ្វើការនាំខ្លួនជន សង្ស័យ ចំនួន៣នាក់ (១-ឈ្មោះគង់ រ៉ាវុធ ហៅរ៉ា ២-ឈ្មោះព្រំ សារិទ្ធ ៣-ឈ្មោះសា ស្រីណា) មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ពួកគេបានធ្វើសកម្មភាពចូលទៅគាស់បង្អួចផ្ទះរបស់ជនរងគ្រោះឈ្មោះ ប៊ុន សុខហេង ភេទប្រុស អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួចផ្លោះចូលទៅលួចយកទ្រព្យសម្បត្តិ ហើយគេចខ្លួនបាត់ រហូតដល់ថ្ងៃខែឆ្នាំខាងលើ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន។

ក្រុមជនសង្ស័យ បានសារភាពបន្តថា កន្លងមក ពួកគេធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ ចំនួន៦លើកមកហើយ ក្នុងនោះនៅខេត្តបាត់ដំបង ចំនួន៣លើក នៅខេត្តប៉ៃលិនចំនួន២លើក និងនៅខេត្តកណ្តាល ចំនួន១លើក ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES