Tuesday, November 26, 2024
Homeតារាខ្មែរតារា៤ដួង រកស៊ីបើកហាងកាត់ដេរ ​

តារា៤ដួង រកស៊ីបើកហាងកាត់ដេរ ​

ភ្នំពេញ៖«អាជីពសិល្បៈមិនស្ថិតស្ថេរទេ រលកក្រោយច្រានរលកមុខ» ទើបតារាៗជាច្រើន​បាន​ងាក​ទៅបើកហាងបាយ ,សាឡន និងគ្រឿងអលង្ការជាដើម ។ដោយឡែកសម្រាប់ឆ្នាំ២០២៤ នេះមានតារា៤ដួងបើកហាងកាត់ដេរ ដែលខ្លះជាប់ដៃរកស៊ីមុខរបរនេះរហូតបន្ធូដៃ​ការ​ងារ​​សិល្បៈទៀតផង។

 ១៖យុគ ចិន្ដាៈអ្នកនាងយុគ ចិន្ដា បានតំណើរការហាង«អម រចនាម៉ូត» ជាច្រើនឆ្នាំមក​​ហើយ ដែលយកឈ្មោះកូនស្រីរបស់នាងធ្វើជាយីហោហាង​តែម្ដង។ក្នុងវ័យរាងជ្រេបន្ដិចនេះ​អ្នក​នាងចិន្ដា មានអាជីវកម្មជាច្រើនទៀតហើយនាងប្រៀបបានជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈ ព្រោះ​​ជាប់ឈ្មោះស្ថិតក្នុងចំណោម តារាមានទ្រព្យច្រើនជាងគេជាង១០ឆ្នាំមកហើយ​។ប៉ុន្ដែ​ទាក់​​ទង​រឿង​រៀបការប្ដីវិញអ្នកនាងចិន្ដា ដែលមានវ័យក្បែ៥០ឆ្នាំ កំពុងរស់នៅជាមួយគូស្នេហ៍​នៅបុរី​អង្គរភ្នំពេញ(គម្រោងទី២)ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាន​លុបចោល​មង្គលការចំនួន៣ដងមកហើយគឺនៅឆ្នាំ២០២០ ,២០២១និងទី២០២៣ នោះត្រូវ​បាន​ជំនួ​យការនាងលោកជីមមី ប្រាប់ថាពិធីការិនីជើងចាស់CTN រូបនេះអាចចូលរោង​ការមែន​ទែននៅ​ឆ្នាំ​២០២៥ ។

 ២៖ឌួង ហ្សូរីដាៈអតីតពិធីការិនីរូបនេះបើកហាងកាត់ដេរ«ដាណាម៉ា កាត់ដេរ»រយៈពេល​១៦ឆ្នាំ​មកហើយ និងពេលនេះកំពុងតែមានសកម្មភាពច្រើនទាក់ទងអាជីវកម្មមួយនេះ​បើ​ប្រៀប​​​​​ធៀបតារាផ្សេងៗ។ហ្សូរីដា ថាអា​ជីវកម្មមួយនេះនាងត្រូវតែពង្រឹងឲ្យតំណើរការទៅមុខ​ដើម្បីបន្ដមរតកពីម្ដាយនាងលោកស្រីយ៉ាលីន សុខលីម ដែលទទួលមរណភាពក្នុង​អាយុ​៦០​ឆ្នាំ ដោយជំងឺមហារីក កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ។ហ្សូរីដា ដែលយក​ឈ្មោះ​កាត់​រប​ស់នាងផ្គួបជាមួយប្អូនស្រីទាំងពីរ ធ្វើយីហោហាងកាត់ដេរ នោះពេលនេះនាងគ្មានដំណឹង​រៀបការឡើយ ប៉ុន្ដែនាងជារីដ៍រឹងមាំម្នាក់ព្រោះដឹកនាំគ្រួសារបានល្អ ហើយគ្រប់គ្រងអាជីវកម្ម​ជាច្រើនក្នុងកណ្ដាប់ដៃ ទើបលែងសូវសកម្មក្នុងអាជីពMC ដូចមុន។

 ៣៖កែវ សុបញ្ញាៈតារាចម្រៀងហង្សមាសរូបនេះក៍លែងសូវមានបទ​ចម្រៀងចេញ​​ដែរ​ហើយនាងងាកមករកស៊ីបើកហាងកាត់ដេរ ដែលតារាមួយចំនួនទៅយកឈុតប្រពៃណីពីហាង​នាង​ទៅកម្មវិធីផ្សេងៗផងដែរ ។បញ្ញា ថាអាជីវកម្មមួយនេះនាងរវល់ខ្លាំង តែមិនភ្លេចអា​ជីព​ចម្រៀងទេ ព្រោះនាងនៅតែស្រលាញ់។ប៉ុន្ដែអ្វីដែលបញ្ញា មិនសប្បាយចិត្តនោះគឺនាងរៀប​ការ​ប្ដីកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឥឡូវមិនទាន់បានកូនដូចចិត្តទេ ដែល​បញ្ហា​​នេះ​នាងថាមកពីស្វាមីនាងធ្វើជាមន្រ្ដីយោធាទៅគេងតែបន្ទាយសឹងរាល់យប់ ទុកនាង​ចោល​ម្នាក់​ឯង។

 ៤៖ព្រាប សុវត្ថិៈតារាវ័យ៤៩ ឆ្នាំបានបើកហាងកាត់ដេរជាច្រើនឆ្នាំមកហើយ ដោយ​អតិថិជនទៅកាត់ដេរនៅហាងរបស់លោកភាគច្រើន​ជាយុវវ័យនិយមស្លៀកពាក់តាម​ស្ទីល​របស់លោកតែម្ដង។អតីតតារាហង្សមាសដែលក្លាយជាឧកញ៉ារូបនេះមានអាជីវកម្មជាច្រើនទៀតហើយជាអ្នកចម្រៀងដែលមានទ្រព្យស្ដុកប្រៀបដូចជាសេដ្ឋី ព្រោះកាលពីខែកញ្ញា ឆ្នាំ​២០២០ មនុស្សជំនិតរបស់លោកប្រាប់អ្នកសារព័តមានថាលោកឧកញ៉ាស្នាយ មានលុយខ្ទង់​៣០​លាន​ដុល្លារក្នុងការចាប់អាជីពចម្រៀងជាង២០ឆ្នាំ ៕

RELATED ARTICLES