ភ្នំពេញ៖«អាជីពសិល្បៈមិនស្ថិតស្ថេរទេ រលកក្រោយច្រានរលកមុខ» ទើបតារាៗជាច្រើនបានងាកទៅបើកហាងបាយ ,សាឡន និងគ្រឿងអលង្ការជាដើម ។ដោយឡែកសម្រាប់ឆ្នាំ២០២៤ នេះមានតារា៤ដួងបើកហាងកាត់ដេរ ដែលខ្លះជាប់ដៃរកស៊ីមុខរបរនេះរហូតបន្ធូដៃការងារសិល្បៈទៀតផង។
១៖យុគ ចិន្ដាៈអ្នកនាងយុគ ចិន្ដា បានតំណើរការហាង«អម រចនាម៉ូត» ជាច្រើនឆ្នាំមកហើយ ដែលយកឈ្មោះកូនស្រីរបស់នាងធ្វើជាយីហោហាងតែម្ដង។ក្នុងវ័យរាងជ្រេបន្ដិចនេះអ្នកនាងចិន្ដា មានអាជីវកម្មជាច្រើនទៀតហើយនាងប្រៀបបានជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈ ព្រោះជាប់ឈ្មោះស្ថិតក្នុងចំណោម តារាមានទ្រព្យច្រើនជាងគេជាង១០ឆ្នាំមកហើយ។ប៉ុន្ដែទាក់ទងរឿងរៀបការប្ដីវិញអ្នកនាងចិន្ដា ដែលមានវ័យក្បែ៥០ឆ្នាំ កំពុងរស់នៅជាមួយគូស្នេហ៍នៅបុរីអង្គរភ្នំពេញ(គម្រោងទី២)ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានលុបចោលមង្គលការចំនួន៣ដងមកហើយគឺនៅឆ្នាំ២០២០ ,២០២១និងទី២០២៣ នោះត្រូវបានជំនួយការនាងលោកជីមមី ប្រាប់ថាពិធីការិនីជើងចាស់CTN រូបនេះអាចចូលរោងការមែនទែននៅឆ្នាំ២០២៥ ។
២៖ឌួង ហ្សូរីដាៈអតីតពិធីការិនីរូបនេះបើកហាងកាត់ដេរ«ដាណាម៉ា កាត់ដេរ»រយៈពេល១៦ឆ្នាំមកហើយ និងពេលនេះកំពុងតែមានសកម្មភាពច្រើនទាក់ទងអាជីវកម្មមួយនេះបើប្រៀបធៀបតារាផ្សេងៗ។ហ្សូរីដា ថាអាជីវកម្មមួយនេះនាងត្រូវតែពង្រឹងឲ្យតំណើរការទៅមុខដើម្បីបន្ដមរតកពីម្ដាយនាងលោកស្រីយ៉ាលីន សុខលីម ដែលទទួលមរណភាពក្នុងអាយុ៦០ឆ្នាំ ដោយជំងឺមហារីក កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ។ហ្សូរីដា ដែលយកឈ្មោះកាត់របស់នាងផ្គួបជាមួយប្អូនស្រីទាំងពីរ ធ្វើយីហោហាងកាត់ដេរ នោះពេលនេះនាងគ្មានដំណឹងរៀបការឡើយ ប៉ុន្ដែនាងជារីដ៍រឹងមាំម្នាក់ព្រោះដឹកនាំគ្រួសារបានល្អ ហើយគ្រប់គ្រងអាជីវកម្មជាច្រើនក្នុងកណ្ដាប់ដៃ ទើបលែងសូវសកម្មក្នុងអាជីពMC ដូចមុន។
៣៖កែវ សុបញ្ញាៈតារាចម្រៀងហង្សមាសរូបនេះក៍លែងសូវមានបទចម្រៀងចេញដែរហើយនាងងាកមករកស៊ីបើកហាងកាត់ដេរ ដែលតារាមួយចំនួនទៅយកឈុតប្រពៃណីពីហាងនាងទៅកម្មវិធីផ្សេងៗផងដែរ ។បញ្ញា ថាអាជីវកម្មមួយនេះនាងរវល់ខ្លាំង តែមិនភ្លេចអាជីពចម្រៀងទេ ព្រោះនាងនៅតែស្រលាញ់។ប៉ុន្ដែអ្វីដែលបញ្ញា មិនសប្បាយចិត្តនោះគឺនាងរៀបការប្ដីកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឥឡូវមិនទាន់បានកូនដូចចិត្តទេ ដែលបញ្ហានេះនាងថាមកពីស្វាមីនាងធ្វើជាមន្រ្ដីយោធាទៅគេងតែបន្ទាយសឹងរាល់យប់ ទុកនាងចោលម្នាក់ឯង។
៤៖ព្រាប សុវត្ថិៈតារាវ័យ៤៩ ឆ្នាំបានបើកហាងកាត់ដេរជាច្រើនឆ្នាំមកហើយ ដោយអតិថិជនទៅកាត់ដេរនៅហាងរបស់លោកភាគច្រើនជាយុវវ័យនិយមស្លៀកពាក់តាមស្ទីលរបស់លោកតែម្ដង។អតីតតារាហង្សមាសដែលក្លាយជាឧកញ៉ារូបនេះមានអាជីវកម្មជាច្រើនទៀតហើយជាអ្នកចម្រៀងដែលមានទ្រព្យស្ដុកប្រៀបដូចជាសេដ្ឋី ព្រោះកាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតរបស់លោកប្រាប់អ្នកសារព័តមានថាលោកឧកញ៉ាស្នាយ មានលុយខ្ទង់៣០លានដុល្លារក្នុងការចាប់អាជីពចម្រៀងជាង២០ឆ្នាំ ៕