Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រកឃើញទំនិញហួសដឺឡេ លក់តាមផ្សារ

 រកឃើញទំនិញហួសដឺឡេ លក់តាមផ្សារ

ខេត្តកំពង់ចាម ៖ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរតំណាងផ្សារ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានចុះធ្វើការត្រួតពិនិត្យ ផ្សព្វផ្សាយ និងណែនាំពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អាជីវករ នៅតាមផ្សារ និងផ្ទះលក់ទំនិញ។

ប្រភពដដែលបន្តថា ជាក់ស្តែងក្នុងប្រតិបត្តិការនោះ ទទួលបានលទ្ធផល ដូចខាងក្រោម ៖

– បានធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីគុណភាព សុវត្ថិភាពផលិតផល និងសេវា និងបានអញ្ជើញអាជីវករមកទទួលការផ្សព្វផ្សាយពីសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់ក្នុងម្ហូបអាហារ។

– បានធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារ ចំនួន១៤មុខ ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់នោះទេ។

– បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន សៀងដប និងមី សរុបចំនួន ១៥,៦គីឡូក្រាម ត្រូវបានដកហូត ដើម្បីទុកដុត កម្ទេចចោលនាពេលក្រោយ។

គួរបញ្ជាក់ថា មន្ត្រីជំនាញនៅតាមបណ្តារាជធានី ខេត្ត កន្លងទៅធ្លាប់តែងតែអញ្ជើញអាជីវករ ដែលប្រកប អាជីវកម្ម ស្តុកទុក លក់ និងចែកចាយផលិតផលនានា មកធ្វើការស្តាប់នូវបទបង្ហាញពីមន្ត្រីជំនាញ ក.ប.ប អំពីខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញា សម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម និងគោលការណ៍ណែនាំសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័ត ឬស្តង់លក់អាហារ។

សូមបញ្ជាក់ថា ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាងប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។

គោលបំណងនៃការធ្វើបទបង្ហាញជូនបងប្អូនអាជីវករទាំងនេះ គឺដើម្បីអប់រំណែនាំ បញ្រ្ជាបការយល់ដឹង ធានាឱ្យបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់សុខភាពអ្នកទទួលទាន សូមសហការផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង តាមប្រព័ន្ធទូរស័ព្ទសាធារណៈ (Call Center) លេខ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម (ឥតគិតថ្លៃ) ឬតាមរយ ៖ CCF Complain App ឬមកកាន់អគ្គនាយកដ្ឋាន ក.ប.ប  នៃក្រសួងពាណិជ្ជកម្ម ដោយផ្ទាល់៕

RELATED ARTICLES