Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអតីតផ្កាយ២ ចេញពីគុ.../ក១ឆ្នាំ ប៉ូលិសព្រហ្មទណ្ឌចា.../ប់ខ្លួនវិញ

អតីតផ្កាយ២ ចេញពីគុ…/ក១ឆ្នាំ ប៉ូលិសព្រហ្មទណ្ឌចា…/ប់ខ្លួនវិញ

ភ្នំពេញ ៖ អតីតមន្ត្រីយោធាពាក់ផ្កាយ ២ម្នាក់ ដែលទើបចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ បានប្រមាណ១ឆ្នាំ នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅចំណុចផ្លូវលំមាត់ទន្លេ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោក សំម ឫទ្ធីវាសនា តំណាងអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តការបង្ខំដល់រូបរាងកាយ ទារប្រាក់សំណងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណី ។

ជនជាប់ចោទ មានឈ្មោះសូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ អតីតផ្កាយ ២យោធា តែត្រូវបានលុបឈ្មោះដោយព្រះរាជក្រឹត្យ ព្រោះជននេះមានរឿងអាស្រូវជាច្រើន ដូចជាករណីចាប់ស្ត្រីម្នាក់ ពីខេត្តកណ្តាល យកទៅបង្ខាំង ប្រើអំពើហិង្សាវាយដុំឱ្យមានរបួសស្នាម ត្រូវបាន សមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ខ្លួន ហើយតុលាការ បានផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល៣ឆ្នាំ តែទោសនោះតម្រូវឱ្យអនុវត្តក្នុងពន្ធនាគារ តែ១ឆ្នាំកន្លះ ទោសនៅសល់ព្យួរ។

សំណុំរឿងមួយទៀត ពាក់ព័ន្ធបណ្តឹងបរិហារបង្កាច់កេរ្តិ៍ ទៅលើលោកកើត ខេង ជាអាជីវកររកស៊ីសុចរិត ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់៨ខែ និងសងជំងឺចិត្តជាទឹកប្រាក់ ចំនួន២០លានរៀល ទៅ ដើមបណ្តឹង។ ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន មានសាលក្រម ចំនួន៣នាក់ និងមានបណ្តឹងថែមទៀត ស្ថិតក្នុងដៃតុលាការ ពីថ្នាក់ក្រោម ដល់កំពូល។

ការឃាត់ខ្លួនអតីតផ្កាយ២ សូយ ចាន់សឿន ពេលនេះ គឺសមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើសាលក្រម និងសាលដីកាចូលជាស្ថាពរ ដែលមានខ្លឹមសារនៃសេចក្តីសម្រេច ត្រង់ចំណុច២- បង្គាប់ឱ្យឈ្មោះ សូយ ចាន់សឿន សងសំណងជំងឺចិត្ត ចំនួន២០លានរៀល ឱ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះកើត ខេង ដែលការទាមទារលើសពីនេះច្រានចោល។

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សេចក្តីសម្រេច ត្រង់ចំណុច២ នៃសាលក្រមព្រហ្មទណ្ឌលេខ ៤៦៤ “ស” ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ តាមសាលក្រមព្រហ្មទណ្ឌលេខ ២២០ ក្រ V“រ” ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ ភ្នំពេញ។ ទណ្ឌិតឈ្មោះសូយ ចាន់សឿន ពុំបានអនុវត្តសងសំណងជំងឺចិត្ត ២០លានរៀល ឱ្យទៅដើមបណ្តឹងឈ្មោះកើត ខេង តាមការជូនដំណឹង ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងលិខិតជូនដំណឹងចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នោះឡើយ។ ចំនួនទឹកប្រាក់សំណងជំងឺចិត្ត ឱ្យដើមបណ្តឹងរដ្ឋប្បវេណី ២០លានរៀល ហេតុនេះ ថិរវេលាដាក់គុក បង្ខំរូបរាងកាយចំនួន១ឆ្នាំ តាមមាត្រា ៥៣០ កថាខណ្ឌទី៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

ទណ្ឌិត សូយ ចាន់សឿន មិនបានបង់ប្រាក់សំណងជំងឺចិត្ត ឱ្យទៅដើមបណ្តឹងរដ្ឋប្បវេណី របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គប្បីចាប់ខ្លួនយកមកអនុវត្តបង្ខំរូបរាងកាយដើម្បីទារប្រាក់សំណងរដ្ឋប្បវេណី។ ក្នុងករណីប្រសិនបើទណ្ឌិត សូយ ចាន់សឿន បង់ប្រាក់សំណងជំងឺចិត្តនេះ ចំនួន២០លានរៀល ការអនុវត្តបង្ខំរូបរាងកាយត្រូវបានបញ្ចប់។

ក្រោយពីឃាត់ខ្លួនជនជាប់ចោទឈ្មោះសូយ ចាន់សឿន សមត្ថកិច្ចបានបំពេញបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

RELATED ARTICLES