Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់សាំងរួចបញ្ឆេះ ឆេះ.../ម៉ូតូហ្មត់

ចាក់សាំងរួចបញ្ឆេះ ឆេះ…/ម៉ូតូហ្មត់

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូ ១គ្រឿង អស់សាំងតាមផ្លូវ ក៏ចូលទៅចាក់សាំងនៅស្ថានីយប្រេងមួយកន្លែង លុះចាក់សាំងរួច បញ្ឆេះម៉ូតូ បម្រុងជិះចេញ បន្តដំណើរទៅមុខទៀត ស្រាប់តែឆ្លងចរន្តឆេះម៉ូតូ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងបុគ្គលិកស្ថានីយប្រេងខាងលើ នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ភ្លាមៗដែរ តែទប់ទល់មិនឈ្នះ ក៏ទាក់ទងរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ទឹក អស់១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១៦នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចស្ថានីយប្រេងឥន្ធនៈ ភីធីធី តាមបណ្តោយផ្លូវចោមចៅ (ច្រមុះជ្រូកស្ទឹងមានជ័យ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូ ១គ្រឿង ម៉ាកអ៊ែរប្លែដ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HJ-0005 ចូលទៅចាក់សាំង នៅស្ថានីយប្រេង ឥន្ធនៈខាងលើ លុះពេលចាក់សាំងហើយ ម្ចាស់ម៉ូតូ បានបញ្ឆេះម៉ូតូ ស្រាប់តែឆ្លងចរន្ត ឆេះចេញជាអណ្តាតភ្លើងសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះបុគ្គលិកនៅទីនោះ បានទាញបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ អស់ជាច្រើនបំពង់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏សម្រេចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលនៅក្បែរនោះ ចេញអន្តរាគមន៍ ចំនួន២រថយន្ត ហើយធ្វើការបាញ់ទឹកពន្លត់ អស់មួយរថ យន្ត ធ្វើឱ្យម៉ូតូដែលកំពុងឆាបឆេះនោះ រលត់ទៅវិញ។

ក្នុងហេតុការណ៍នេះ មិនបង្កការរាលដាលទៅដល់ទ្រព្យសម្បត្តិអ្វីផ្សេងៗនៅក្នុងស្ថានីយប្រេងឥន្ធនៈនោះទេ គឺគ្រាន់តែខូចខាតម៉ូតូប៉ុណ្ណោះ។ ម៉ូតូដែលរងការខូចខាត ត្រូវបានម្ចាស់ដឹកតាមម៉ូតូកង់បី យកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES