ភ្នំពេញ ៖ ក្រោយកើតមានករណីដ៏ភ្ញាក់ផ្អើលនិងគួរឱ្យហួសចិត្ត ដោយស្ត្រីម្នាក់ ទើបនឹងសម្រាលកូនខ្ចី បាន២ខែ ដាច់ចិត្តចាក់សោទុកកូនតូចនៅក្នុងបន្ទប់ជួល តែម្នាក់ឯង រួចចេញទៅដើរលេងពេញ១យប់ ទុកឱ្យកូនតូចឃ្លានបៅ ស្រែកយំឡើងខ្សោះខ្លួនស្ទើរស្លាប់ សំណាងបានអ្នកជិតខាងជួយសង្គ្រោះទាន់ពេល ហើយស្ត្រីជា ម្តាយ បានចេញមុខមកទទួលស្គាល់កំហុស និងអះអាងថានាងទុកកូនចោល ដើម្បីចេញទៅរកលុយមកទិញទឹកដោះគោឱ្យកូនបៅ និងបន្ទាប់មកនាងសម្រេចចិត្តប្រគល់កូនឲ្យអង្គការមែកឈើ យកទៅចិញ្ចឹមថែទាំមក ស្រាប់តែស្ត្រីជាម្តាយរបស់នារីក្មេងនេះ ដែលត្រូវជាយាយរបស់ក្មេងតូច បានខឹងសម្បានឹងកូនស្រីគាត់ជាខ្លាំង ដែលមិនព្រមឲ្យកូនតូច ទៅគាត់ចិញ្ចឹម បែរជាឲ្យទៅអង្គការ រហូតប្រកាសកាត់កាល់កូនស្រី ថែមទាំងព្រមាន។
នារីជាម្តាយដែលទុកកូនតូចចោលក្នុងបន្ទប់ ពេញ១យប់នោះ មានឈ្មោះលក្ខិណា អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយមិត្តភក្តិ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
នារីជាម្តាយ ឈ្មោះលក្ខិណា បានរៀបរាប់ថា ព្រោះតែលង់ជឿលើសម្តីប្រុសព្រាន ទើបនាងធ្លាក់ខ្លួនដល់មានផ្ទៃពោះ និងត្រូវប្រុសស្នេហ៍បោះបង់ចោល តែនាងមិនដាច់ចិត្តទម្លាក់កូនចោល ទើបទ្រាំស្ពាយពោះរហូតដល់ថ្ងៃសម្រាល។ តាំងពីមានផ្ទៃពោះមក នាងបានស្គាល់បុរសម្នាក់ ដែលធ្វើការរោងចក្រ នៅកំពង់ស្ពឺ ហើយគេក៏ដឹងថានាងមានផ្ទៃពោះដែរ តែមិនប្រកាន់ និងថែមទាំងបានជួយទំនុកបម្រុង ផ្តល់លុយកាក់ឱ្យនាងជាហូរហែ រហូតដល់ថ្ងៃសម្រាល និងថែមទាំងផ្ញើប្រាក់ទិញទឹកដោះគោ ចិញ្ចឹមកូននាងទៀតផង។ ចំណែករូបនាង ក្រោយ ពីសម្រាលកូនរួច ក៏កើតមានជំងឺសើស្បែក ចេះតែរមាស់ និងដំបៅពេញខ្លួន លុះទៅពិនិត្យ គ្រូពេទ្យប្រាប់ថា នាងមានជំងឺស្វាយ ហើយដោយមិនមានលទ្ធភាពព្យាបាល ទើបជំងឺនេះ បានឆ្លងដល់កូនតូចរបស់នាងថែម ទៀត។
នារីជាម្តាយ បន្តថា មួយរយៈចុងក្រោយនេះ នាងដាច់លុយ គ្មានលុយទិញទឹកដោះគោឱ្យកូន តែក៏មិនហ៊ានទៅរំខានបុរសជាសង្សារដែរ ធ្វើឲ្យកូនរបស់នាង ដាច់ទឹកដោះគោ តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ ចំណែកនាងក៏ទ័ មិនដឹងជាទៅខ្ចីលុយអ្នកណាបាន ទើបនាងសម្រេចចិត្តចេញទៅរកលុយទិញទឹកដោះគោ ឱ្យកូន ដោយទុកកូនចោលក្នុងបន្ទប់បែបនេះតែម្តង។
នារីជាម្តាយខាងលើ បានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មុននឹងចេញពីបន្ទប់ជួល នាងបានទៅផ្តាំអ្នកជិតខាង ឱ្យជួយមើលកូនរបស់នាងផងដែរ ដោយគិតថា មិត្តភក្តិនាងដែលជាម្ចាស់បន្ទប់ជួល នឹងចេញពីធ្វើការមកវិញ នៅវេលាម៉ោង ២រំលងអធ្រាត្រ អាចនឹងជួយមើលថែកូនរបស់នាងបន្តបាន រួចហើយនាងក៏ចាកចេញទៅ ដោយទៅជួបភ្ញៀវ ញ៉ាំបាយជាមួយភ្ញៀវ ដើម្បីរកលុយយកមកទិញទឹកដោះគោឱ្យកូនបៅ ធ្វើឲ្យកើតរឿងភ្ញាក់ផ្អើលបែបនេះតែម្តង។
នារីជាម្តាយក្មេងតូចដដែល បានបន្តថា ក្រោយពីកើតមានរឿងរ៉ាវនេះភ្លាម ម្តាយរបស់នាងដែលរស់នៅស្រុកកំណើត ឯខេត្តកំពង់ចាម បានទាក់ទងមកនាង និងទាមទារយកកូនរបស់នាង ទៅមើលថែជំនួស តែនាងមិនយល់ព្រមទេ ដោយហេតុថា នៅផ្ទះ ឯស្រុកកំណើតនោះ បងស្រីរបស់នាង មានកូនតូចដល់ទៅ ២នាក់ កំពុងបៅទឹកដោះគោ ចំណែកម្តាយនាង ក៏មានប្អូនស្រីតូច កំពុងបៅដោះគោដូចគ្នា រីឯជីដូន សម្រាន្តលើកន្ទេល ធ្វើ អ្វីមិនកើត ជីតានាង ក៏ចាស់ជរាដែរ មូលហេតុនេះហើយ ទើបនាងមិនព្រមយកកូនទៅឱ្យម្តាយមើលថែ ដោយសារខ្លាចម្តាយរត់មិនរួច ណាមួយការងាររបស់នាងក៏មិនទាន់ច្បាស់លាស់ គ្មានប្រាក់ខែត្រឹមត្រូវហើយកូនក៏មានជំងឺទៀត ទើបនាងមិនចង់បន្ថែមបន្ទុកទៅម្តាយ សុខចិត្តឱ្យម្តាយកាត់កាល់នាងចោល ក៏កាត់កាល់ចុះ ហើ យនាងនឹងយកកូនទៅផ្ញើនៅអង្គការ ឬមណ្ឌលកុមារកំព្រា ដើម្បីឱ្យកូនមានទឹកដោះគោបៅគ្រប់គ្រាន់ និងមានឱកាសបានព្យាបាលជំងឺឱ្យជាសះស្បើយ។
នារីជាម្តាយ បាននិយាយថា “នាងខ្ញុំពិតជាសុំទោសទៅដល់មហាជន ខ្ញុំដឹងថា ខ្លួនខ្ញុំធ្វើខុស តែធ្វើម៉េចបើខ្ញុំអត់លុយ ណាមួយកូនដាច់ទឹកដោះគោបៅ ២ថ្ងៃមកហើយ ហេតុនេះទើបខ្ញុំសម្រេចចិត្តថា ទៅញ៉ាំបាយញ៉ាំអីជា មួយភ្ញៀវ ភ្ញៀវគាត់ពេញចិត្តយើង ឱ្យលុយធីបខ្លះ ដើម្បីយកលុយមកទិញទឹកដោះគោកំប៉ុងតូច ឱ្យកូន ក្នុងតម្លៃ ជាង៣ម៉ឺនរៀល ខ្ញុំទៅចោលកូននេះ ខ្ញុំពិតជាខុសមែន ហើយពេលខ្ញុំទៅ មិនមែនខ្ញុំអត់គិតកូនទេ គឺខ្ញុំគិត តែធ្វើម៉េចបើពេលហ្នឹងវាទ័ល ហើយអត់លុយទៀត បើចំពោះខ្ញុំ ដាច់បាយតែម្នាក់ឯង គឺមិនអីទេ តែកូន គ្នាទើបនឹង២ខែ អត់ទឹកដោះគោបៅ អ៊ីចឹងទើបខ្ញុំសម្រេចចិត្តថា ទៅញ៉ាំបាយជាមួយភ្ញៀវ សុំលុយធីបភ្ញៀវ ដើម្បីរកលុយមកទិញទឹកដោះគោ ឱ្យកូនតូចបៅ ហើយពេញ ១យប់នេះ ខ្ញុំរកបានប្រាក់ចំនួន៤ម៉ឺនរៀលដែរ គ្រប់ល្មមនឹងទិញទឹកដោះគោឱ្យកូនបៅ ដោះទ័ល១គ្រាដែរ…”។
គួរបញ្ជាក់ថា បន្ទាប់ពីនារីខាងលើ បានសម្រេចប្រគល់កូនតូច ឲ្យទៅអង្គការមែកឈើ ចិញ្ចឹមមើលថែមក បានធ្វើឲ្យម្តាយនាងខឹងសម្បាជាខ្លាំង ព្រោះគាត់ចង់បានចៅយកទៅមើលថែ បែរជាកូនស្រី ឲ្យទៅអង្គការទៅវិញ ទើបស្ត្រីជាម្តាយរបស់នារីខាងលើ បានប្រកាសកាត់កាល់កូនស្រី និងថែមទាំងព្រមានថា បើជួបនាងពេលណា នឹងចាប់ញ៉ុកអំបិលម្ទេសក្នុងប្រដាប់ភេទទៀតផង។
ជុំវិញករណីខាងលើនេះ លោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់ លោកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ថា “កូនតូច ដែលត្រូវម្តាយទុកចោល មួយយប់ទល់ភ្លឺ តែម្នាក់ឯងនោះ ឥឡូវនេះម្តាយក្មេង បានវិលត្រលប់មកវិញហើយ ម្តាយក្មេងបានបញ្ជាក់ថា ពួក គាត់មានផ្ទុកនូវជំងឺដែលមិនអាចនិយាយបាន ហើយក៏អត់អ្នកទីពឹងទៅទៀត។ យប់មិញនេះ គឺគាត់ចេញរកលុយ ដោយទុកកូនឱ្យនៅក្នុងបន្ទប់ជួលតែម្នាក់ឯង គាត់ថាបើមិនឱ្យគាត់ចេញក្រៅរកលុយទេ គឺគាត់ច្បាស់ជាដាច់ពោះស្លាប់ទាំងម្តាយ ទាំងកូន ងាកទៅកូនរបស់គាត់ទៀត គឺគ្មាននរណាចង់ប៉ះ ចង់កាន់ឡើយ ដោយ សារតែឃើញពួកគាត់មានពងបែក និងបំបៅផ្សេងៗពេញទាំងរាងកាយ។ យ៉ាងណា នៅពេលនេះ ខ្ញុំបាននាំទាំងម្តាយ ទាំងកូន មកកាន់មន្ទីរពេទ្យហើយ។ ហ៊ឹម… មែនទែនទៅ ទាំងម្តាយ ទាំងកូន សុទ្ធតែបានរងគ្រោះ…”។
គួររំលឹកថា កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដោយស្ត្រីម្នាក់ ទើបនឹងសម្រាលកូនខ្ចី បាន២ខែ ស្រាប់តែដាច់ចិត្តចាក់សោ ទុកកូនតូច ២ខែ នៅក្នុងបន្ទប់ជួល តែម្នាក់ឯង រួចចេញទៅបាត់ ពេញ១យប់ ទុកឱ្យកូនតូចឃ្លានបៅ ស្រែកយំឡើងខ្សោះខ្លួន ស្ទើរស្លាប់ទៅហើយ សំណាងល្អបានអ្នកជិតខាងឮសំឡេង ក៏ចូលទៅជួយសង្គ្រោះទាន់ពេល។
តាមប្រភពស្ត្រីជាអ្នកជួលបន្ទប់ស្នាក់នៅក្បែរគ្នា បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ពេលត្រឡប់មកពីធ្វើការវិញ គ្រាន់តែចូលដល់បន្ទប់ជួលភ្លាម គាត់បានឮសម្រែកក្មេងយំចេញពីបន្ទប់ជួលខាងលើប្រាកដមែន ទើបនាំគ្នាបើកទ្វារចូលទៅមើល ក៏ឃើញក្មេងតូចស្រែកយំដោយក្តីស្រេកឃ្លាន ឡើងស្លេកស្លាំង ទន់ខ្លួន ហើយគាត់គិតថា ក្មេងតូចនេះ ទំនងជាមិនរស់ផង បើមើលតាមសភាពជាក់ស្តែងទៅ។ ភ្លាមនោះ គាត់ប្រញាប់រកមើលទឹកដោះគោ មកឱ្យក្មេងតូចបៅ ហើយក៏បានរកឃើញទឹកដោះគោក្រដាស ១ប្រអប់ ទើបយកមកឱ្យបៅ បំបាត់ការស្រែកឃ្លាន៕