Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម មេរងប៉េអឹមខេត្តប៉ៃលិន ធ្លាប់ជា.../ប់គុក នាយករដ្ឋមន្ត្រី ដេ.../ញចេញពីក្របខ័ណ្ឌ

 មេរងប៉េអឹមខេត្តប៉ៃលិន ធ្លាប់ជា…/ប់គុក នាយករដ្ឋមន្ត្រី ដេ…/ញចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ លុបឈ្មោះវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចដូចខាងក្រោម ៖

មាត្រា១-ត្រូវបានលុបឈ្មោះនាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន។

មាត្រា២- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា៣- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជុំវិញករណីខាងលើនេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់តាមគណនីបណ្តាញសង្គម ផ្ទាល់ខ្លួនរបស់លោកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជនជ្រាប ២ចំណុច ៖

១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យ លេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា “មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹ ក្សាវិន័យជាមុនសិន។ ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យ ត្រូវកំណត់ដោយប្រកាសក្រសួងការពារ ជាតិ”។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចលុបឈ្មោះនាយទា ហានចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្តប៉ៃលិន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន។

គួររំលឹកថា ជុំវិញការលុបឈ្មោះវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នេះ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ គណនីបណ្តាញសង្គម ហ្វេសប៊ុក «Pheng Vannak» បានសរសេរថា «អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានធ្វើលិខិតស្នើសុំផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ទៅថ្នាក់ដឹកនាំក្រសួងការពារជាតិ ។ 

តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ អគ្គបញ្ជាការដ្ឋាន បានគោរពស្នើសុំឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីផ្អាកមុខតំណែងនាយទាហានកងរាជអាវុធ ហត្ថខេត្តប៉ៃលិន ចំនួន ១នាក់ គឺវរសេនីយ៍ឯក ស ប៊ុនសឿង ។ 

អគ្គបញ្ជាការដ្ឋានបានរកឃើញលោកវរសេនីយ៍ឯក ស ប៊ុនសឿង ប្រព្រឹត្តខុស ចំនួន៣ គឺទី១ បានប្រើប្រាស់កម្លាំងខុសបទបញ្ជា។ ទី២ យកឥទ្ធិពលនិងអំណាចនៅក្នុងមុខតំណែងរបស់ខ្លួន ទៅសម្លុតគំរាមកំហែងបំពានសិទ្ធិប្រជាពលរដ្ឋ និងទី៣ គឺប៉ុនប៉ងនាំមនុស្សមកសួរនាំនៅកងរាជអាវុធហត្ថខេត្តប៉ៃលិន ទាំងមិនមានបទល្មើស» ។ 

គណនីហ្វេសប៊ុក ដដែល សរសេរបន្តថា «សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ស ប៊ុនសឿង ជាអតីតមេបញ្ជា ការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាឲ្យចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ ពាក់ព័ន្ធប្រើហិង្សាបណ្ដាលឲ្យពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ស្លាប់ នៅខេត្តបន្ទាយមានជ័យ ។  តុលាការ បានផ្ដន្ទាទោសឈ្មោះ ស ប៊ុនសឿង ដាក់ពន្ធនាគារ ចំនួន ៤ឆ្នាំ ។  បើតាមច្បាប់កងទ័ព គឺទាហានដែលត្រូវបានតុលាការផ្ដន្ទាទោសរួចហើយ មិនអាចរក្សានូវក្របខ័ណ្ឌបានទេ គឺនឹងត្រូវបណ្ដេ ញចេញពីក្របខ័ណ្ឌកងទ័ពតែម្ដង។ ប៉ុន្តែករណីលោកវរសេនីយ៍ឯក ស ប៊ុនសឿង គឺពិសេសខុសគេ ចេញពីពន្ធនាគារមកវិញ បានធ្វើមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនថែមទៀត ។ 

ឥឡូវលើកនេះ មហាជនកំពុងបើកភ្នែកធំៗមើលមុខអ្នករត់ការអន្តរាគមន៍ការពារមន្ត្រីពាលពាក់ស័ក្តិ៥ ស ប៊ុនសឿង តើគេចេញមុខអន្តរាគមន៍បែបណា?»៕

RELATED ARTICLES