Monday, October 21, 2024
Homeព័ត៌មានជាតិករណីវិវាទ MGC-MGI អ្នកវិភាគថា ស្ថាប័ន MGC គួររកអ្នកច្បាប់ ប្តឹងទារខូចខាតពីស្ថាប័ន MGI

ករណីវិវាទ MGC-MGI អ្នកវិភាគថា ស្ថាប័ន MGC គួររកអ្នកច្បាប់ ប្តឹងទារខូចខាតពីស្ថាប័ន MGI

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ករណីវិវាទរវាង Miss Grand Cambodia (MGC) និង Miss Grand International (MGI) ស្ថាប័ន MGC គួររកអ្នកច្បាប់ ប្ដឹងទារខូចខាតពីស្ថាប័ន MGI ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបង្ហោះវីដេអូធ្វើសន្និសីទសារព័ត៌មាន របស់លោកណៈវ៉ាត់ ឥស្សរក្រៃស៊ីន នាយកស្ថាប័ន Miss Grand International (MGI) និង Miss Grand Thailand នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ជាមួយសំណេរថា “ប្រសិនបើមានកិច្ចសន្យាត្រឹមត្រូវ អ្នកគ្រប់គ្រងកម្មវិធីនេះ របស់កម្ពុជា គួរតែរកអ្នកច្បាប់ ដើម្បីប្តឹងទាមទារការខូចខាតពីបុគ្គលនេះ“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ថា ប្រសិនបើភាគីខ្មែរ ជ្រើសរើសវិធីដោះស្រាយតាមផ្លូវច្បាប់ ហើយទុកឱកាសឲ្យភាគីក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរ ធ្វើកិច្ចការងារដោះស្រាយបញ្ហានេះដោយសន្តិវិធី ដោយលក្ខណៈអាជីព លោកជឿជាក់ថា ជារឿងល្អ ជាជាងឲ្យពលរដ្ឋខ្មែរយើងដែលជាអ្នកគាំទ្រកម្មវិធីនេះ ឬក៏ប្រជាពលរដ្ឋដែលឈឺចាប់ដោយសារតែពាក្យសម្ដីមើលងាយ បន្តុះបង្អាប់ ដាក់បន្ទុករបស់ភាគីថៃ ឲ្យគាត់មានប្រតិកម្ម។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ទាក់ទងនឹង Miss Grand International ហ្នឹង តាមពិតទៅ ដំបូងឡើយ ខ្ញុំមើលឃើញថា ជារឿងទំនាស់ពីស្ថាប័នហ្នឹង វាជាស្ថាប័នក្រុមហ៊ុនឯកជនដែលគេរកស៊ី ។ អ៊ីចឹងខ្ញុំមើលឃើញពីដំបូងទៅ សាច់រឿងវាដូចជាគ្រាន់តែជាទំនាស់រវាងបុគ្គល ឬក៏តំណាងក្រុមហ៊ុនពីរ ដែលរកស៊ីទាក់ទងនឹងរឿងកម្មវិធីប្រលងបវរកញ្ញា ឈ្មោះ Miss Grand International ហ្នឹងទេ ។ ប៉ុន្តែនៅពេលដែលរឿងរ៉ាវហ្នឹងវាកាន់តែបែកធំទៅ ហើយខាងភាគីហ្នឹងក៏ចេញទៅធ្វើសន្និសីទកាសែត រហូតដល់ទៅមានការបកស្រាយសុទ្ធតែបង្ហាញថា ស្រុកខ្មែរហ្នឹង ជាសង្គមដែលធ្លាប់កាប់សម្លាប់គ្នាអស់ប្រជាពលរដ្ឋជាងពាក់កណ្ដាល បើពាក្យបន្តុះបង្អាប់ខ្មែរយើងមួយពីរអ៊ីចឹង ហើយពាក្យពេចន៍របស់គាត់ហ្នឹង ពេលខ្លះទៅវាមិនសមជាអ្នកធ្វើកិច្ចការងារទាក់ទងនឹងកម្មវិធីប្រលងបវរកញ្ញា ដើម្បីលើកកម្ពស់សន្តិភាពមនុស្សធម៌ និងការសង្គ្រោះនៅក្នុងសង្គម ឬក៏ក្នុងពិភពលោកទេ គាត់ហ្នឹងហាក់បីដូចជាតួអង្គមួយ ដើម្បីអុជអាល ប្រកាសសង្រ្គាម បង្កបញ្ហារវាងជាតិសាសន៍ទៅវិញ រហូតដល់ទៅមានការចុះផ្សាយនៅក្នុងកាសែត The Nation បញ្ជាក់ថា តំណាង Miss Grand International របស់ថៃ ហ្នឹងបានលើកឡើងថា ការដកខ្លួនចេញមកពីប្រទេសកម្ពុជា ហ្នឹង ក៏ដោយសារតែក្រសួងទេសចរណ៍កម្ពុជាយើងហ្នឹង មិនសហការនៅក្នុងការធ្វើសន្និសីទកាសែតរួមគ្នាអី រហូតដល់មានការឆ្លើយតបពីក្រសួងទេសចរណ៍យើង និងក៏មានការអំពាវនាវអំពីស្ថានទូតថៃ នៅក្នុងទីក្រុងភ្នំពេញ ផងដែរ ដើម្បីជម្រះមន្ទិល និងទាមទារឲ្យភាគីថៃ ហ្នឹងធ្វើការកែតម្រូវ និងផ្សព្វផ្សាយព័ត៌មានឲ្យបានប្រយ័ត្នប្រយែង ដើម្បីកុំឲ្យមានការភ័ន្តច្រឡំ អាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ ពីព្រោះលក្ខណៈដែលតំណាងថៃ គាត់លើកយកមកនិយាយទាំងក្នុងសន្និសីទកាសែត ក៏ដូចជាការផ្សព្វផ្សាយតាមហ្វេសប៊ុក របស់គាត់ហ្នឹង ហាក់ដូចជាមានការដាក់បន្ទុក ទម្លាក់កំហុស បន្តុះបង្អាប់ភាគីខ្មែរយើងហ្នឹងធ្ងន់ធ្ងរ ហើយពេលគាត់និយាយ វាមិនមែនតែទម្លាក់កំហុស ឬក៏បន្តុះបង្អាប់តំណាងភាគីខ្មែរយើង ផ្នែក Miss Grand  International ទេ ប៉ុន្តែគាត់និយាយជាតំណាងប្រទេសតែម្ដង” ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “អ៊ីចឹងវាលើសពីទំនាស់រវាងបុគ្គលនិងបុគ្គល រវាងក្រុមហ៊ុនឯកជននិងក្រុមហ៊ុនឯកជន ទាំងពីរប្រទេសហ្នឹង វាទៅជាតំណាងប្រទេសមួយ និងប្រទេសមួយទៅវិញ ហើយរហូតដល់គាត់ចោទប្រកាន់តំណាងខ្មែរយើងហ្នឹងថា ជាពូជល្ងង់អី ប្រកាសបាត់បង់អាជ្ញាប័ណ្ណ ហើយធ្វើឲ្យគាត់ហ្នឹងទទួលលុយកាក់ លុយអីនៅក្នុងហោប៉ៅ គាត់រៀបរាប់នៅក្នុងសន្និសីទរបស់គាត់ជាហូរហែអ៊ីចឹងទៅ ។ អ៊ីចឹងខ្ញុំមើលឃើញរឿងរ៉ាវនេះ វាលើសពីទំនាស់រវាងក្រុមហ៊ុនឯកជនពីរ នៅក្នុងការរកស៊ីរឿងការប្រកួតប្រលងបវរកញ្ញា Miss Grand  International ហ្នឹង ពីព្រោះសម្ដី ការដាក់បន្ទុក ចោទប្រកាន់ ទម្លាក់កំហុស និងបន្តុះបង្អាប់របស់ភាគីថៃហ្នឹង វាមានចរិតជាការជាន់ពន្លិចខ្មែរយើង ហើយជាប្រទេសតែម្ដង ជាតិសាសន៍ទាំងមូល មិនមែនតែក្រុមហ៊ុនឯកជនមួយទេ ហើយរឿងហ្នឹង តាមពិតទៅ ក្រសួង និងស្ថាប័នសារព័ត៌មានយើងមួយចំនួនហ្នឹង ក៏បានចុះផ្សាយញឹកញាប់ដែរ អំពីភាពចាំបាច់នៃការយកចិត្តទុកដាក់ដើម្បីធ្វើម៉េចកុំឲ្យរឿងហ្នឹងវាផ្ទុះ ហើយបង្កជាបញ្ហាដូចកាលរឿងករណីនាងផ្កាយព្រឹក ដែលនិយាយរឿងប្រាសាទអង្គរវត្ត រហូតដល់ទៅមានកុបកម្មដុតទូតថៃ ដុតអគារពាណិជ្ជកម្មអីហ្នឹងនៅក្នុងឆ្នាំ២០០៣ ដែលធ្វើឲ្យកម្ពុជាយើងហ្នឹងខាតបង់ប្រាក់រាប់លាន នៅក្នុងការសងដល់ទូតថៃ និងក្រុមហ៊ុនឯកជនថៃ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ដូច្នេះរឿងចាំបាច់ គឺទី១ យើងគួរតែដោះស្រាយបញ្ហាភាគីកម្ពុជាយើងហ្នឹង ជាពិសេសខាងតំណាងអ្នកសម្របសម្រួល ឬក៏អ្នកគ្រប់គ្រងកម្មវិធី Miss Grand  International កម្ពុជាហ្នឹង គួរតែពិនិត្យមើលរកជំនួយផ្លូវច្បាប់ ប្រសិនបើកិច្ចសហប្រតិបត្តិការហ្នឹងមានធ្វើជាលាយលក្ខណ៍អក្សរត្រឹមត្រូវ គួរតែពិនិត្យមើលអំពីលក្ខខណ្ឌដែលអាចប្ដឹងទាមទារភាគីថៃ សម្រាប់ការខូចខាតលុយកាក់ ក៏ដូចជាកិត្តិយស កេរ្តិ៍ឈ្មោះទាំងខ្លួនឯង ក៏ដូចជាប្រទេសកម្ពុជា ពីព្រោះគាត់និយាយបកស្រាយតាមសន្និសីទកាសែត ក៏ដូចជាតាមសារព័ត៌មានគាត់ហ្នឹង វាលើសពីបន្ទាត់ក្រហម បើតាមខ្ញុំមើលទៅ ហើយខាងអាជ្ញាធររដ្ឋយើង ខ្ញុំក៏បានឃើញមានការចុះផ្សាយជាហូរហែដែរកន្លងមក ទាក់ទងនឹងបញ្ហាហ្នឹង ជាពិសេសពីក្រសួងទេសចរណ៍ និងមានការកែតម្រូវពីខាងស្ថានទូតថៃអី ខ្ញុំមើលឃើញថា ជារឿងល្អ ដើម្បីធ្វើរឿងហ្នឹងកុំឲ្យវាទៅជារឿងធំ តែមិនត្រូវប្រមូលផ្ដុំឲ្យវាទៅជាគំនុំរវាងជាតិសាសន៍ពីរហ្នឹងតទៅទៀត ខ្ញុំអត់ចង់ឃើញឲ្យវាមានកើតដូចជាព្រឹត្តិការណ៍នៃការដុតស្ថានទូត និងអគារពាណិជ្ជកម្មថៃ នៅឆ្នាំ២០០៣ ។ អ៊ីចឹងសម្រាប់ខ្មែរយើង ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមហ្នឹង កុំទៅឈឺចាប់ស្អិតទ្រូង រហូតដល់បញ្ចេញកំហឹងបែបហិង្សា ដូចករណីឆ្នាំ២០០៣ ប៉ុន្តែទុកឲ្យសមត្ថកិច្ច និងក្រុមហ៊ុនខ្មែរយើងដែលគ្រប់គ្រងកម្មវិធី Miss Grand International ហ្នឹង គាត់ធ្វើកិច្ចការងារបែបវិជ្ជាជីវៈ បែបផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាហ្នឹងដោយសន្តិវិធីនិងជាវិជ្ជមាន ។ ខ្ញុំជឿជាក់ថា ប្រសិនបើភាគីខ្មែរយើងជ្រើសរើសវិធីដោះស្រាយតាមផ្លូវច្បាប់ ហើយអាជ្ញាធរ ក៏ដូចជាសារព័ត៌មានជួយផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹង ហើយនិងបង្ហាញពីផ្លូវដែលទាំងតំណាង Miss Grand International ខ្មែរយើង ក៏ដូចជា Fan (អ្នកគាំទ្រ) របស់គាត់ និងប្រជាពលរដ្ឋយើងតាមប្រព័ន្ធផ្សព្វផ្សាយហ្នឹងឲ្យយល់ ហើយទុកឱកាសឲ្យភាគីក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរធ្វើកិច្ចការងារដោះស្រាយបញ្ហាហ្នឹងដោយសន្តិវិធី ដោយលក្ខណៈអាជីព ជារឿងល្អ ជាជាងឲ្យពលរដ្ឋខ្មែរយើងដែលជាអ្នកគាំទ្រកម្មវិធីហ្នឹង ឬក៏ប្រជាពលរដ្ឋដែលឈឺចាប់ដោយសារតែពាក្យសម្ដីមើលងាយ បន្តុះបង្អាប់ ដាក់បន្ទុករបស់ភាគីថៃ ឲ្យគាត់មានប្រតិកម្ម ហ្នឹងជារឿងមិនល្អទេ“ ។

ស្រដៀងនឹងការលើកឡើងរបស់លោកបណ្ឌិត ប៉ា ចន្ទរឿន ខាងលើនេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពជា បានលើកឡើងថា ស្របពេលដែលកម្ពុជា និងថៃ កំពុងមានវិវាទឆ្លងឆ្លើយគ្នាក្នុងបណ្ដាញសង្គម ទាក់ទងស្ថាប័នបវរកញ្ញា MGI និងMGC នេះ កូនខ្មែរ ត្រូវចាំ កម្ពុជា ធ្លាប់ខាតបង់ធ្ងន់ធ្ងរ ពីតារាថៃ នៅឆ្នាំ២០០៣ ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ថា “ត្រូវចាំ កម្ពុជា ធ្លាប់ខាតបង់ធ្ងន់ធ្ងរពីតារាថៃ ២០០៣…! បញ្ហាដុតរោលទំនាក់កម្ពុជា-ថៃ កើតឡើងនៅថ្ងៃ ២៩ មករា ឆ្នាំ២០០៣ ដែលយើងនៅចាំបានថា ករណីតារាថៃ ផ្កាយព្រឹក ឬហៅនាងផ្កាយព្រឹក ដែលខណៈនោះលោកថាក់ស៊ីន (ឪពុកលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន) ជានាយករដ្ឋមន្ត្រីប្រទេសថៃ រីឯកម្ពុជា សម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រី (ឪពុកសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន)។ ហេតុអ្វីខ្ញុំមានភាពចាំបាច់រម្លឹកពីទំនាក់ទំនងថ្នាក់ដឹកនាំប្រទេសទាំង២នេះ? យើងអាចទាញចំណោទសមីការនយោបាយថា ទំនាក់រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលល្អ, ទំនាក់ទំនងរវាងគ្រួសារថ្នាក់ដឹកនាំល្អ… អាចមានក្រុមនយោបាយ ឬហៅថាបាតដៃទី៣ ណារុញច្រានដុតរោលឬទេ ក្នុងខណៈភាពតានតឹងជាតិនិយមនេះ? ខ្ញុំនៅចាំបាន ព្រឹត្តិការណ៍២៩ មករា ឆ្នាំ២០០៣ បានធ្វើឱ្យកម្ពុជា រងនូវភាពអាម៉ាស់ការទូតធ្ងន់ធ្ងរ រួមនិងការខាតបង់សេដ្ឋកិច្ចយូរអង្វែងផងទៀត។ ឥឡូវព័ត៌មានក្នុងបណ្តាញសង្គមនៃប្រទេសទាំង២ កំពុងដុតរោលបញ្ហា Miss Grand។ ខ្ញុំសង្ឃឹមថា មេដឹកនាំប្រទេសទាំង២ ឆាប់ពន្លត់ផ្សែងភ្លើងនេះ“ ។

គួរបញ្ជាក់ថា ថ្មីនេះៗ ស្ថាប័ន Miss Grand International (MGI) ស្រាប់តែប្រកាសដកសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International ឆ្នាំ២០២៤ បើទោះជាការប្រកួតសម្រស់អន្តរជាតិនេះ បានប្រព្រឹត្តទៅប៉ុន្មានថ្ងៃហើយក៏ដោយ។ ចំណែកខាងស្ថាប័ន Miss Grand Cambodia (MGC) ក៏បានប្រកាសឈប់សហការជាមួយជានជាតិថៃ លោកណៈវ៉ាត់ ឥស្សរក្រៃស៊ីន ប្រធានស្ថាប័ន Miss Grand International ក្នុងពេលដែលម្ចាស់មកុដ Miss Grand Cambodia គឺកញ្ញា ប៊ី សុធារី ក៏បានប្រកាសដកខ្លួនពីការប្រកួតលើឆាកអន្តរជាតិ MGI ដែរ ។

កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ Miss Grand International 2024 បានធ្វើសន្និសីទសារព័ត៌មានជាផ្លូវការ នៅទីក្រុងបាងកក ដើម្បីណែនាំបេក្ខនារីជាង៧០រូប ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ព្រឹត្តិការណ៍នេះ បានកើតឡើងក្នុងទម្រង់ជាការឃោសនា និងបង្ហាញឈុតរាត្រីនៃសម្រស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ យ៉ាងណា ក្រោយបញ្ចប់ការបង្ហាញសម្រស់របស់កញ្ញាឯកពីប្រទេសផ្សេងៗ ប្រធាន MGI លោកណៈវ៉ាត់ ស្រាប់តែធ្វើសកម្មភាពទាក់ទាញចំណាប់អារម្មណ៍មួយនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងអ្នកគាំទ្រអន្តរជាតិជាច្រើន ដោយបានចេញមុខសុំទោស បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយម្ចាស់ផ្ទះកម្ពុជា។ ប៉ុន្តែការផ្លាស់ប្តូររបស់លោកកំពុងក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ យ៉ាងគគ្រឹកគគ្រេងទៅវិញ។

នាយកប្រតិបត្តិវ័យ ៥១ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំសុំទោសបេក្ខនារី និងអ្នកគាំទ្រជុំវិញពិភពលោកចំពោះអ្វីដែលបានកើតឡើងកាលពីសប្តាហ៍មុន។ ឥឡូវនេះយើងកំពុងឆ្ពោះទៅរករឿងល្អៗជាមួយគ្នា និងកាន់តែខ្ពស់ជាងមុន»។

ជាមួយគ្នានេះ លោកណៈវ៉ាត់ ក៏បានផ្ញើសារពិសេសទៅកាន់អ្នកដឹកនាំថ្នាក់ជាតិ ដែលបច្ចុប្បន្នជាអ្នករក្សាសិទ្ធិក្នុងការប្រលង Miss Grand  ថា លោកក៏ចង់សុំទោសអ្នកគ្រប់គ្រងថ្នាក់ជាតិ កុំបារម្ភអីអ្នកទាំងអស់គ្នា ព្រោះបើស្ថិតក្នុងដៃលោក ហើយលោកនៅទីនេះ ការប្រកួតប្រជែងនឹងបន្ត។ កុំភ្លេចជួយគាំទ្របេក្ខនារីទាំងអស់គ្នា។

ទោះបីជាលោកណៈវ៉ាត់ បានចេញមុខទោសនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងអ្នកគាំទ្រអន្តរជាតិក្ដី ក៏ប៉ុន្តែនាពេលនេះ ស្ថាបនិកថៃ បានប្រែក្លាយកម្មវិធី Miss Grand International 2024 ទៅជារដូវកាលដ៏អាស្រូវបំផុតក្នុងប្រវត្តិសាស្រ្តនៃការប្រលងសម្រស់ប្រចាំឆ្នាំ។ ព្រមជាមួយគ្នានេះដែរ ហេតុការណ៍នឹកស្មានមិនដល់រវាងប្រទេសកម្ពុជា និងថៃ កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រសម្រស់ទូទាំងពិភពលោក ជាពិសេសបញ្ហាចម្រូងចម្រាសពីការដកសិទ្ធិ និងការអះអាងហេតុផលរៀងៗខ្លួន ។

អ្វីដែលគួរកត់សម្គាល់ ក្រោយសង្កេតឃើញមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រឡងបវរកញ្ញា និងភាពតានតឹងរវាងក្រុមហ៊ុន Miss Grand International ដែលមានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរនោះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ បានបើកកិច្ចប្រជុំបន្ទាន់មួយតាមអនឡាញ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើនេះ ព្រោះព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ ។ បន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃដដែលនោះ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ បានចេញសេចក្ដីថ្លែងការណ៍រួម សំណូមពរ ៣ចំណុច ដូចខាងក្រោម ៖

១. សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរ ដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីកធំ។

២. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរ គួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុមហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។

៣. ក.អ.ក និង ស.អ.ថ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើ មេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ៕ កុលបុត្រ

RELATED ARTICLES