Monday, October 21, 2024
Homeព័ត៌មានជាតិសម រង្ស៊ី ថាឲ្យសម្តេចហ៊ុន សែន កាច់ចង្កូត ប្រទេសកម្ពុជា នឹងធ្លាក់ក្នុងជ្រោះដ៏ជ្រៅ

សម រង្ស៊ី ថាឲ្យសម្តេចហ៊ុន សែន កាច់ចង្កូត ប្រទេសកម្ពុជា នឹងធ្លាក់ក្នុងជ្រោះដ៏ជ្រៅ

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងថា បើទុកឲ្យសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) អតីតនាយករដ្ឋមន្រ្តី ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅបន្តកាច់ចង្កូតឡានកម្ពុជា តទៅទៀត នោះប្រទេសកម្ពុជា នឹងធ្លាក់ជ្រោះដ៏ជ្រៅ មិនអាចវិលត្រឡប់មកក្រោយវិញបានទេ ។ អតីតមេបក្សប្រឆាំងដែលកំពុងរស់និរទេសនៅប្រទេសបារាំងរូបនេះ បានថ្លែងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរថា មិនត្រូវឲ្យសម្ដេចហ៊ុន សែន សម្រេចចិត្តជំនួសយើងបានទេ ព្រោះកម្ពុជា ជាប្រទេសរបស់យើងទាំងអស់គ្នា មិនមែនជាប្រទេសរបស់គ្រួសារហ៊ុន ផ្តាច់មុខទេ ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ថា “បើយើងទុកឲ្យហ៊ុន សែន សម្រេចអនាគតប្រទេសយើង នោះយើងនឹងធ្លាក់ទៅក្នុងជ្រោះដ៏ជ្រៅ មិនអាចវិលត្រឡប់មកក្រោយវិញបានទេ។ យើងជាពលរដ្ឋខ្មែរ ទាំងអស់ ត្រូវសម្រេចចិត្តដើម្បីអនាគតខ្លួនឯង ដើម្បីអនាគតយុវជនជំនាន់ក្រោយរបស់យើង យើងមិនអនុញ្ញាតឱ្យ ហ៊ុន សែន សម្រេចចិត្តជំនួសយើងបានទេ។ កម្ពុជា ជាប្រទេសរបស់យើងទាំងអស់គ្នា មិនមែនជាប្រទេសរបស់គ្រួសារហ៊ុន ផ្តាច់មុខទេ“ ។

ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកហេង ដាណារ៉ូ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ថា របបសម្ដេចហ៊ុន សែន ធ្វើការនៅលើបបូរមាត់ បើសម្ដេចហ៊ុន សែន ចង់ទៅឆ្វេង អ្នកទាំងអស់គ្នាក៏ទៅឆ្វេងតាមសម្ដេចហ៊ុន សែន ទោះបីដឹងថា ទៅឆ្វេងនោះ ធ្លាក់អន្លង់ ធ្លាក់ជ្រោះក៏ដោយ ពីព្រោះរបបនេះជារបបហៃអើ ជារបបដែលធ្វើការតាមបញ្ជា ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាតស៊ូដើម្បីឲ្យមានការផ្លាស់ប្ដូរ ហើយយើងឃើញថា ក្នុងរយៈពេលដែលលោកហ៊ុន សែន កាន់អំណាច តាំងពី១៩៧៩ មកដល់ឥឡូវនេះ ប្រទេសកម្ពុជា វាមានការប្រែប្រួលតែមុខ ដូចថាមនុស្សវាមានតែប៉ាតម្សៅ ខាងក្នុងវាអត់មានអីជារបស់យើង គឺរបៀបក្លែងក្លាយ ។ ការអភិវឌ្ឍប្រទេសកម្ពុជា ឃើញមានអគារ ឃើញអី ដែលគេនិយាយថា វាខ្ពស់ហ្នឹង វាឃើញមែន ក៏ប៉ុន្តែអាខាងក្នុងហ្នឹងវាអត់មាន ធនធានធម្មជាតិអស់រលីង ព្រៃ រ៉ែយើងត្រូវបានកាប់បំផ្លាញយ៉ាងខ្ទេចខ្ទី ភ្នំ ឥឡូវវាលែងទៅជាទួលហើយ ទៅជារាបអស់ហើយ តែបើលោកហ៊ុន សែន គាត់នៅគ្រប់គ្រងទៀត អាអស់ហ្នឹង រឹតតែអស់ថែមទៀត ពីព្រោះអ្វីៗត្រូវបានបំផ្លាញក្នុងកណ្ដាប់ដៃគាត់ ជាង៤០ឆ្នាំហ្នឹង ។ ដូច្នេះចង្កូតអ្នកណាកាច់ វាអត់ជាបញ្ហាទេ បញ្ហារឿងមនុស្សគោរពច្បាប់ ធ្វើការនៅក្រោមច្បាប់ មិនមែននៅលើបបូរមាត់ ប៉ុន្តែរបបលោកហ៊ុន សែន ធ្វើការនៅលើបបេរមាត់ ។ បើលោកហ៊ុន សែន ចង់ទៅឆ្វេង អ្នកទាំងអស់គ្នាស៊្រូទៅឆ្វេង ទោះបីដឹងថា ឆ្វេងធ្លាក់អន្លង់ ធ្លាក់ជ្រោះក៏ដោយ ក៏នាំគ្នាទៅឆ្វេងតាមលោកហ៊ុន សែន ដែរ ពីព្រោះរបបនេះជារបបហៃអើ ជារបបដែលធ្វើការតាមបញ្ជា ហើយយើងត្រូវការផ្លាស់ប្ដូរ ពីព្រោះយើងមិនមែនផ្អែកទៅលើមនុស្សទេ មនុស្សគ្មានអីអមតៈទេ ដល់ពេល ដល់វេលា ត្រូវតែស្លាប់ ត្រូវតែទៅហើយ ប៉ុន្តែអ្វីដែលអមតៈ គឺច្បាប់ ។ បើមានច្បាប់រឹងមាំ ច្បាប់ដែលគ្រប់គ្រងប្រទេសប្រកបដោយគុណភាព គឺមនុស្សត្រូវតែស្របច្បាប់ មិនមែនដូចសព្វថ្ងៃនេះ មនុស្សនៅលើច្បាប់ ។ ដល់ពេលមនុស្សនៅលើច្បាប់ អ្វីៗក៏នៅលើមាត់លោកហ៊ុន សែន ដូចសព្វថ្ងៃនេះអ៊ីចឹង ប៉ុន្តែអ្នកដទៃនៅលើច្បាប់អត់បានទេ បានតែលោកហ៊ុន សែន មួយ នៅលើច្បាប់“ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្តថា “ចំពោះអ្វីដែលលោកសម រង្ស៊ី លើកឡើងថា យើងជាពលរដ្ឋខ្មែរទាំងអស់ ត្រូវសម្រេចចិត្តដើម្បីអនាគតខ្លួនឯង ដើម្បីអនាគតយុវជនជំនាន់ក្រោយរបស់យើង យើងមិនអនុញ្ញាតឱ្យហ៊ុន សែន សម្រេចចិត្តជំនួសយើងបានទេ គឺអាហ្នឹងវាជាការពិតហើយ នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកដឹកនាំត្រូវតែគោរពប្រជាពលរដ្ឋ ត្រូវតែគោរពសំឡេងប្រជាពលរដ្ឋ ។ នៅក្នុងប្រទេសណាក៏ដោយ វាត្រូវតែមានសំឡេងភាគតិច និងសំឡេងភាគច្រើន ហើយអ្នកសំឡេងភាគច្រើន ត្រូវស្ដាប់សំឡេងភាគតិច មិនមែនថា យើងសំឡេងភាគច្រើនហើយ យើងបោះចោលសំឡេងភាគតិចទេ ប៉ុន្តែរឿងអនុវត្ត មិនអនុវត្ត ផ្អែកទៅលើគោលការណ៍រៀងខ្លួន ប៉ុន្តែអ្វីដែលសំឡេងភាគតិចណែនាំ គឺគេមើលឃើញអ្វីជាចំណុចអវិជ្ជមានរបស់សំឡេងភាគច្រើន ។ អ៊ីចឹងហើយការតស៊ូអំណាច គឺផ្អែកទៅលើការយល់ពីការដឹកនាំ មិនមែនយល់អំពីអារម្មណ៍ទេ ។ បើយើងធ្វើការដឹកនាំមិនយល់អារម្មណ៍ វានឹងធ្វើឲ្យបរាជ័យ ហើយអ្នករងគ្រោះ គឺប្រជារាស្រ្ត ។ ចំពោះថា កម្ពុជា ជាប្រទេសរបស់យើងទាំងអស់គ្នា មិនមែនជាប្រទេសរបស់គ្រួសារហ៊ុន ផ្តាច់មុខទេ គឺអាហ្នឹងច្បាស់ហើយ ប្រទេសកម្ពុជា ជារបស់យើងទាំងអស់គ្នា ហើយយើងជាប្រជារាស្រ្ត ត្រូវការពារ ។ សព្វថ្ងៃនេះ លោកហ៊ុន សែន ដឹកនាំប្រទេស គិតថាប្រទេសហ្នឹងជារបស់គាត់ផ្ដាច់មុខ ជារបស់ក្រុមគ្រួសារគាត់ អ៊ីចឹងគាត់ធ្វើអីក៏ស្រេចតែចិត្ត ហើយអ្វីដែលជាការសំខាន់ គឺឆន្ទៈរបស់ប្រជារាស្រ្ត ។ ប្រជារាស្រ្ត ត្រូវយល់ថា ប្រទេសនេះ ជារបស់យើងទាំងអស់គ្នា ។ អ៊ីចឹងហើយ មិនត្រូវឱបដៃមើលឲ្យប្រទេសនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃលោកហ៊ុន សែន ដែលធ្វើការដោយអត្តនោម័ត ហើយធ្វើការដោយប្រើអំណាចលើបបេរមាត់ទៀត“ ។

ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៊ី ម្នាក់ទៀត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ថា បើយើងទុកឲ្យសម្ដេចហ៊ុន សែន កាច់ចង្កូតប្រទេស នោះប្រទេសប្រាកដជាធ្លាក់ទៅក្នុងជ្រោះដ៏ជ្រៅ ដូចជាជួបវិបត្តិសេដ្ឋកិច្ច ប្រជាពលរដ្ឋក្រីក្រ អត់ការងារធ្វើ ចំណាកស្រុកទៅធ្វើការនៅស្រុកគេ សម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស កាប់បំផ្លាញព្រៃឈើ ជាដើម ។ ដូច្នេះប្រជាពលរដ្ឋ ត្រូវតែសម្រេចចិត្តដើម្បីអនាគតរបស់ខ្លួនឯង និងយុវជន ដោយមិនត្រូវអនុញ្ញាតឲ្យសម្ដេចហ៊ុន សែន សម្រេចជោគវាសនាជំនួសខ្លួននោះទេ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ជាការត្រឹមត្រូវហើយ បើយើងទុកឲ្យលោកហ៊ុន សែន កាច់ចង្កូតប្រទេសហ្នឹង ប្រទេសប្រាកដជាធ្លាក់ទៅក្នុងជ្រោះដ៏ជ្រៅ ជួបវិបត្តិសេដ្ឋកិច្ច ប្រជាពលរដ្ឋក្រីក្រ អត់ការងារធ្វើ ចំណាកស្រុកទៅធ្វើការនៅស្រុកគេ ហើយការដឹកនាំហ្នឹងកាន់តែផ្ដាច់ការទៅៗ សម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ចាប់អ្នកប្រឆាំងដាក់គុកអីអ៊ីចឹងទៅ ហើយការឆបោករបស់ឧកញ៉ាហ្នឹងកាន់តែច្រើន ការកាប់បំផ្លាញព្រៃឈើ ក៏ច្រើន ។ អ៊ីចឹងវាធ្វើឲ្យសង្គមហ្នឹងគឺកាន់តែដុនដាបទៅៗ យ៉ាប់យ៉ឺនទៅៗ វិបត្តិសេដ្ឋកិច្ចក៏ធ្លាក់ចុះ ។ អ៊ីចឹងដើម្បីអនាគតរបស់ប្រជាពលរដ្ឋ និងយុវជន ទាល់តែយើងធ្វើម៉េចបញ្ចប់ការកាន់អំណាចផ្ដាច់ការរបស់ត្រកូលហ៊ុន ហ្នឹង គឺបញ្ចប់ជោគវាសនាលោកហ៊ុន សែន ហ្នឹងទៅ ដើម្បីឲ្យប្រទេសហ្នឹងបានរីកចម្រើន បានងើបមុខមាត់នៅលើឆាកអន្តរជាតិនឹងគេ យុវជនមានអនាគតនឹងគេ ហើយនិងឲ្យមានប្រជាធិបតេយ្យ ឲ្យមានការគោរពសិទ្ធិមនុស្សឡើងវិញ ។ ប្រជាពលរដ្ឋត្រូវតែសម្រេចចិត្ត ដើម្បីអនាគតរបស់ខ្លួនឯង និងយុវជនហ្នឹង យើងក៏មិនត្រូវអនុញ្ញាតឲ្យហ៊ុន សែន សម្រេចជោគវាសនាជំនួសយើងនោះទេ ។ ទុកឲ្យហ៊ុន សែន សម្រេចជោគវាសនារបស់យើង យើងនៅតែវេទនាហ្នឹងឯង អ្នកដែលរស់ស្រួល ដែលមានលុយរាប់កោដិ រាប់លាននោះ គឺត្រកូលហ៊ុន និងអ្នកមានអ្នកមានអំណាចហ្នឹងឯង“ ។

ទោះបីយ៉ាងណា លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាសមាជិកគណៈកម្មាធិកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ថា ជាការឆ្លើយតបទៅលោកសម រង្ស៊ី អ្វីដែលសំខាន់ គឺសម្ដេចហ៊ុន សែន មិនដែលបានប្រកាសថា ប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់សម្ដេច ឬរបស់ត្រកូលហ៊ុន នោះទេ ហើយក៏មិនដែលមានចេតនាទាញកម្ពុជា ឲ្យធ្លាក់ជ្រោះនោះដែរ ព្រោះបើមិនអ៊ីចឹង មិនមែនសម្ដេច យកជីវិតទៅធ្វើដើមទុន ដើម្បីរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមួយនេះនោះទេ ។ ដូច្នេះប្រជាពលរដ្ឋកម្ពុជា កុំជឿតាមការញុះញង់ ការឃោសនាភូតកហុកពីសំណាក់លោកសម រង្ស៊ី តទៅទៀត ។

លោកជុំ កុសល បានមានប្រសាសន៍ថា “បាទ! ទី១ ខ្ញុំសុំឆ្លើយសម្ដេចហ៊ុន សែន ឬត្រកូលហ៊ុន លោកមិនដែលបានប្រកាសថាប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់លោក ឬរបស់ត្រកូលហ៊ុន ទេ អាហ្នឹងខ្ញុំសុំឆ្លើយតបទៅលោកសម រង្ស៊ី វិញអ៊ីចឹង លោកអត់ដែលបានប្រកាសថា អូ! កម្ពុជា ជាកម្មសិទ្ធិរបស់លោកទេ ផ្ទុយទៅវិញ សម្ដេចតេជោ ហ៊ុន សែន ឬក៏ត្រកូលហ៊ុន ហ្នឹង មានតែធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិមួយនេះ ។ ជាក់ស្ដែងដូចសម្ដេចតេជោ លោកយកជីវិតទៅធ្វើដើមទុន ដើម្បីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីធ្វើឲ្យជាតិមួយនេះ ក្លាយជាប្រទេសពីគំនរផេះផង់ ពីមានសង្រ្គាម មកបញ្ចប់សង្រ្គាម នាំសន្តិភាព និងមានការអភិវឌ្ឍ ហើយអ្វីដែលលោកសម រង្ស៊ី លើកឡើង ខ្ញុំគិតថា វាជាប្រពៃណីរបស់លោកសម រង្ស៊ី ទៅហើយ ដែលមួយម៉ាត់ណាក៏លើកឡើងពីបញ្ហានេះ ពីរបៀបហ្នឹងដែរ ប៉ុន្តែយើងមើលជាក់ស្ដែងកម្ពុជា ក្រោមការដាក់នាំរបស់សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត វាមានតែបោះជំហានទៅមុខ បើទោះបីជានៅក្នុងពេលវេលាខ្លះ ដែលជួបនឹងបញ្ហាវិបត្តិសកល ដូចកន្លងមក កូវីដ-១៩ សង្រ្គាមនៅអឺរ៉ុប ឬក៏នៅមជ្ឈិមបូព៌ាអីថ្មីៗនេះ ទោះបីជាមានវិបត្តិសេដ្ឋកិច្ចសកលខ្លះ អីខ្លះ វាប៉ះពាល់តិចតួចមកដល់សេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែកម្ពុជា នៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ចមួយដ៏ល្អប្រសើរដែរ ។ អ៊ីចឹងបានបញ្ហានេះ ទុកឲ្យប្រជាពលរដ្ឋ លោកជាអ្នកមានសុភវិនិច្ឆ័យទៅមើលថា តើសម រង្ស៊ី គាត់លើកហ្នឹង វាបានប៉ុន្មានភាគរយ? ហើយចំពោះលោកសម រង្ស៊ី វិញហ្នឹង ដែលមួយម៉ាត់ណាក៏សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបរាជ័យ ប៉ុន្តែមានបានសម្លឹងខ្លួនឯងវិញអត់ ថាតើខ្លួនឯងហ្នឹងធ្លាក់ដល់ចំណុចណាហើយ ក្នុងបច្ចុប្បន្នកាលនេះ?“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “យើងអត់មានទៅព្រួយថា កម្ពុជា នឹងវិលទៅរកអតីតកាល ឬក៏ធ្លាក់ជ្រោះអីដូចលោកសម រង្ស៊ី គាត់លើកឡើងទេ ពីព្រោះដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ដូចដែលយើងបានដឹងទាំងអស់គ្នាថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ក្នុងបច្ចុប្បន្ននេះ គឺបានប្រកាសអំពីគោលដៅដែលត្រូវទៅច្បាស់លាស់ហើយ ២០៣០ ខាងមុខនេះ នឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនិង ២០៥០ នឹងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ហើយថ្មីៗនេះ ក្នុងឱកាសទិវាខួប២០ឆ្នាំ នៃកម្ពុជា ចូលជាសមាជិក WTO សម្ដេច លោកក៏បានលើកឡើងពាក់ព័ន្ធទៅនឹងការចាកចេញអំពីប្រទេសដែលអភិវឌ្ឍតិចតួចរបស់កម្ពុជា នៅក្នុងឆ្នាំខាងមុខនេះ ២០២៥-២០២៦ ខាងមុខនេះ ។ អ៊ីចឹងមានន័យថា កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺឆ្ពោះទៅមុខ ។ បើសិនជាមិនឆ្ពោះទៅមុខ យើងមិនអាចហ៊ានអះអាងថា យើងចេញពីបន្ទាត់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ហើយការអះអាងថា ២០៣០-២០៥០ នេះ ដោយសាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ លោករំពឹងច្បាស់ លោកមានផែនការអភិវឌ្ឍច្បាស់ លោកមានការជឿជាក់លើកការដឹកនាំរបស់លោក លោកមានចក្ខុវិស័យវែងឆ្ងាយ និងទស្សនវិស័យច្បាស់លាស់ ទើបលោកអះអាងបែបនេះ អាហ្នឹងជាក់ស្ដែង គឺបែបហ្នឹង“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំនៅតែមានជំនឿជាក់ថា ប្រទេសយើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ជានាយករដ្ឋមន្រ្តី យើងរំពឹងខ្ពស់ថា កម្ពុជាយើង នឹងបោះជំហានទៅមុខ ប្រកបទៅដោយមោទនភាព កត្តាសំខាន់ គឺយើងធ្វើយ៉ាងណារក្សាសន្តិភាព ឲ្យស្ថិតស្ថេរជានិរន្តរភាពទៅ ឱកាសអភិវឌ្ឍប្រទេស ក៏នឹងមានជាបន្តបន្ទាប់ រឿងហ្នឹងគឺយើងត្រូវតែមានទំនុកចិត្តខ្ពស់ ។ ហើយចំណុចហ្នឹង គឺសំខាន់ លោកសម រង្ស៊ី ទាល់ច្រក ទាល់គំនិត ។ មនុស្សទាលើច្រក ទាល់គំនិត អាហ្នឹងវាមិនខុសពីសត្វសុនខទេ កាលណាវាទាល់ជញ្ជាំងហើយ វាតែងតែបកក្បាលខាំតែពីសតែពាស អត់ដឹងអីទេ ហើយនយោបាយសម រង្ស៊ី វាមិនខុសគ្នាទេ ។ អ៊ីចឹងបានរាល់ថ្ងៃនេះ ក្នុងខួរក្បាលរបស់លោក គឺអត់មានអីក្រៅតែពីបំភ្លៃ បំផ្លើស ញុះញង់ ដើម្បីឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែភ្លេចខ្លួនឯងថា មនុស្សដែលនៅវិញជុំវិញខ្លួនឯង កំពុងតែចាកចេញ ផ្ដាច់ខ្លួនជាបន្តបន្ទាប់ហើយ ។ ជាក់ស្ដែងដូចថ្ងៃហ្នឹង (១៨ តុលា) តែម្ដងហ្នឹង សកម្មជនរបស់ខ្លួន ផ្ដាច់ពីរនាក់ហើយ សុទ្ធតែជាមនុស្សសំខាន់ៗ មានលោកថាល់ សាវុធ លោកហៃ វណ្ណា សកម្មជននៅជប៉ុន អីជាដើមហ្នឹង ល្មមភ្ញាក់ខ្លួនហើយ ហើយប្រជាពលរដ្ឋមួយចំនួនតូចដែលគាំទ្រលោកសម រង្ស៊ី ក៏ល្មមប្រើវិចារណញ្ញាណឲ្យច្រើនជាងនេះ ។ ដោយឡែក ប្រជាពលរដ្ឋកម្ពុជា កុំជឿតាមការញុះញង់ ការឃោសនាភូតកហុកពីសំណាក់លោកសម រង្ស៊ី អីតទៅទៀត ទុកឲ្យគាត់ទៅតែឯងទៅ កុំទៅលង់លើយជាមួយអី“ ៕​ កុលបុត្រ

RELATED ARTICLES