ភ្នំពេញ៖រឿង«ភាពយន្ដជីវិត» ផលិតឡើងដោយសាស្រ្ដាហ្វ្រីម ត្រូវបានស្ថានីយ៍ទូរទស្សន៍បាយ័ន គាំទ្រហើយបន្ដសហការណ៍គ្នាបន្ដទៀតបន្ទាប់ពីផលិតកម្មនិងទូរទស្សន៍បាយ័នបានចាប់ដៃគ្នាតាំងពីឆ្នាំ២០១៩ មកដល់ឆ្នាំ២០២៤ ហើយនៅចុងឆ្នាំនេះបន្ដធ្វើការជាមួយគ្នាតទៅទៀតដើម្បីលើកស្ទួយវិស័យភាពយន្ដខ្មែរ និងបានធ្វើពិធីសម្ពោធរឿង«ភាពយន្ដជីវិត» រៀបចំនៅផ្សារK Mall កាលពីរសៀលថ្ងៃទី២០ តុលា ឆ្នាំ២០២៤ ដោយមានលោកស្រីប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្រ្ដាហ្វ្រីម និងលោកជេមស៍ អ្នកតំណាងប៉ុស្ដិ៍បាយ័ន រួមទាំងសិល្បករជាច្រើនដួងចូលរួមពិធីនោះ។។រយៈពេលជាង៥ឆ្នាំមកនេះសាស្រ្ដាហ្វ្រីម បានផលិតភាពយន្ដល្បីៗជាង៣០០ចំណងជើងមកហើយ ដូចជារឿង«រឹងមាំ » ,«បងប្អូន »,«បាបខែភ្លឺ » ,«កូនស្វា »,«ចង់ការ »,«សងលុយខ្ញុំផង »,«កូនចុង »,»ខ្ញុំក្រ ខ្ញុំត្រូវរៀន »,«ហាមក្រ »,«បងស្រី »,!ពុកខ្ញុំ »,«លុយតុងទីន »,«ប្រពន្ធដើម ប្រពន្ធចុង »,«រស់ដើម្បីអ្វី?»,»ស្រីប្ដីខ្ញុំ »,«សាហាយប្ដីខ្ញុំ »…។
លោកស្រីប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្រ្ដាហ្វ្រីម បានឲ្យដឹងថាខាងបាយ័នតែងតែឲ្យឱកាស និងជម្រុញការលើកស្ទួយម៉ោងល្អៗសម្រាប់ការចាក់បញ្ចាំងភាពយន្ដខ្មែរ ដែលក្នុងនោះយើងបានផលិតរឿងភាគខ្ទង់៣០០ភាគ ហើយសម្រាប់«ភាពយន្ដជីវិត»នេះយើងផលិតក្នុង១ឆ្នាំជាង៥០រឿង។យើងសហការណ៍គ្នាឡើងវិញ ក្នុងការចាក់បញ្ចាំង«ភាពយន្ដជីវិត»ដែលចាក់១រឿងចប់តែម្ដង ជារឿងឆ្លុះបង្ហាញពីសង្គមបច្ចុប្បន្ន បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទពីម៉ោង៩ដល់១០យប់ ។លោកស្រីនិមល បន្ថែមថា បច្ចុប្បន្នភាគីទាំងសងខាងដាក់ចិត្តទាំង២នាក់ តែពួកយើងមិនទាន់មានប្រាក់ចំណេញទេ ហើយនាងយល់ថាកម្មវិធីនេះល្អ មានប្រយោជន៍ទៅដល់សង្គម ទើបសាស្រ្ដាហ្រ្វីម និងបាយ័នធ្វើយ៉ាងណាផលិតមាតិកា ទៅឲ្យទស្សនិកជនដែលមានគុណតម្លៃ។បាយ័នមានការជឿជាក់ និងទុកចិត្តហើយឲ្យតម្លៃ ទៅលើការផលិតរបស់យើង។យើងបានផ្អាក«ភាពយន្ដជីវិត»នេះរយៈពេល១ឆ្នាំ ព្រោះយើងមិនទាន់មានអ្នកឧបត្ថម្ភ ប៉ុន្ដែបើយើងចាំថាទាល់តែមានអ្នកឧបត្ថម្ភទើបយើងផលិតប្រហែលជាយើងអត់មានឱកាសធ្វើជាមាតិកាល្អៗបានទេ អីចឹងយើងក៍សម្រេចចិត្តក្នុងការវិនិយោគផលិតសិនទៅ ទោះជាមិនទាន់មានSponsor ក្ដី។រឿងរបស់យើងប្រៀបបានដូចជាសៀវភៅ១ក្បាលដែលយើងបានអាន ហេតុនេះយើយមិនគួរបញ្ឈប់ទេ យើងត្រូវតែទៅមុខដើម្បីឲ្យអ្នកទស្សនារឿងយើងឃើញតម្លៃរឿង និងមានមោទនភាពចំពោះភាពយន្ដខ្មែរព្រោះយើងផលិតរឿងនិយាយពីជីវិតពិតរបស់តួអង្គ សង្គមជាក់ស្ដែងដូចជារឿង«ភាពយន្ដជីវិត» នេះមានសាច់រឿងជីវិតពិតរបស់នាដការីម្នាក់ និងតួអង្គថ្លុកក្នុងរឿងនេះ២នាក់ទៀត។
«ភាពយន្ដជីវិត» ផលិតដោយសាស្រា្ដហ្វ្រីម ជាមាតិកាផ្ដោតលើសាច់រឿងរបស់បុគ្គលល្បីៗ និងបុគ្គលដែលមានសាច់រឿង តស៊ូ និងភាពជោគជ័យ ដើម្បីជាមេរៀនជូនទៅអ្នកទស្សនា។សម្រាប់មាតិកាថ្មីផ្ដោតលើការលើកស្ទួយ និងមាតិកា ភាគច្រើន សម្ដៅទៅលើការបង្ហាញពីវប្បធ័ម និងថែសម្បត្តិវប្បធ័ម តាមរយៈ«ភាពយន្ដជីវិត»។
នាដការីកញ្ញាដួង សុខជា ជាតួឯកនិងសម្ដែងសាច់រឿងពិតរបស់នាងក្នុង«ភាពយន្ដជីវិត » បានឲ្យដឹងថានាងជាតួនាដការីរបាំបុរាណរៀបរាប់ពីជីវិត តស៊ូ ហាត់រៀនរបាំ ដែលខំប្រឹងស្វះស្វែង ដើម្បីវប្បធ័មជាតិ តាំងពីតូចដល់ធំ។រឿងនេះមានសារៈសំខាន់សម្រាប់អ្នកទស្សនា ព្រោះបង្ហាញពីក្បាច់របាំបុរាណដ៍ល្អ ពីវប្បធ័មខ្មែរ ផ្សាយទៅពិភពលោកឲ្យបានស្គាល់ពីរបាំបុរាណខ្មែរ ពិសេសរឿងនេះក៍បានដងស្រង់ពីរបាំអប្សរាដែលយើងបានបង្ហាញ និងយល់ពីអត្ថន័យពីជីវិតពិតរបស់អ្នករបាំបុរាណផងដែរ។កញ្ញាសុខជា បន្ថែមថាសម្រាប់នាងឈុតដែលពិបាកអត់សូវមានទេ ប៉ុន្ដែពេលលេងឈុតត្រូវគេមើលងាយ ឬបំបាក់ទឹកចិត្ត មានឈុតយំ អារម្មណ៍ពេលនោះជារឿងពិតមួយដែលត្រូវរឿងខ្លួនឯង ។ស្រីស្រស់សុខជា បន្ថែមទៀតថាសាស្រា្ដហ្វ្រីម សហការណ៍ជាថ្មីជាមួយបាយ័ន បែបនេះនឹងធ្វើឲ្យ«ភាពយន្ដជីវិត» កាន់តែកក្រើកជាងមុនថែមទៀតជាមិនខាន ។
ចំណែកលោករិទ្ធ ដារ៉ូ ហៅព្រះនាងតូច ដែលជាតួអង្គមួយរូបក្នុង«ភាពយន្ដជីវិត » ហើយជាសាច់រឿងពិតរបស់លោកដែរនោះថ្លែងថាលោកសម្ដែងជាតួថ្លុកជាខ្សែជីវិតពិតរបស់លោកតែម្ដង។លោកថារឿងនេះគ្មានការពិបាកសម្រាប់លោកឡើយ ព្រោះពាក្យពេជ្រន៍ដែលលោកបាននិយាយនិងសម្ដែង សុទ្ធសឹងជាហេតុការណ៍ដែលលោកបានជួបផ្ទាល់ ហើយទស្សនិកជននឹងបានដឹងពីជីវិតនៅក្រៅឆាករបស់លោកដែលបង្ហាញទាំងអស់ក្នុងភាពយន្ដមួយនេះ។ដោយឡែកសម្រាប់លោកមុំវណ្ណ ដាវីន ហៅជីនអាន់ដេឡា ដែលជាដៃគូរបស់លោកដារ៉ូ ជាតួថ្លុកមួយរូបសម្ដែងពីជីវិតពិតរបស់ខ្លួនរឿង«ភាពយន្ដ ជីវិត»ដែរបានឲ្យដឹងថាលោកជាអ្នកសម្ដែងនៅលើឆាក ហេតុនេះការសម្ដែងភាពយន្ដមានការពិបាកខ្លះដែរ សម្រាប់រូបលោក។លោកដាវីន យល់ថាការដែលផលិតកម្មសាស្រ្ដាហ្វ្រីម សហការណ៍ជាមួយទូរទស្សន៍បាយ័នផលិតរឿងមួយគឺជាការល្អ ព្រោះនឹងធើ្វឲ្យភាពយន្ដខ្មែរកាន់តែមានគុណភាពជាងមុន ដូចជាពេលនេះ«ភាពយន្ដជីវិត»បង្ហាញពីសាច់រឿងពិតនៅក្នុងសង្គមរបស់យើងតែម្ដង៕