Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើករថយន្តបុ.../ករះឡាន២គ្រឿង សង២០០ដុល្លារ

បើករថយន្តបុ…/ករះឡាន២គ្រឿង សង២០០ដុល្លារ

ភ្នំពេញ ៖ នារីម្នាក់ បើករថយន្ត ១គ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ត ១គ្រឿង និងធ្វើឱ្យខ្ទាតទៅប៉ះរថយន្ត ១គ្រឿងទៀត បណ្តាលឱ្យរងការខូចខាតទាំងអស់ ៣គ្រឿង សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ចំណុចម្តុំវត្តមហាមន្ត្រី ផ្លូវ១៦៣ កែងផ្លូវព្រះសីហនុ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-9052 ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-0927 ដែលបើកដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខ ខាងស្តាំ ហើយភ្លាមៗនោះរថយន្តបង្កហេតុ បានខ្ទាតទៅប៉ះនឹងរថយន្ត ១គ្រឿងទៀត ម៉ាក Lexus CT-200h បណ្តាលឱ្យខូចខាតផ្នែកខាងក្រោយចំហៀងឆ្វេងតិចតួច។ ចំណែករថយន្តបង្កហេតុ ម៉ាកតូយ៉ូតា ព្រូស រងការខូចខាតផ្នែកខាងមុខ តែសំណាងល្អ ក្នុងហេតុការណ៍នេះមិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ក្រោយកើតហេតុ ដោយសារតែភាគីម្ចាស់រថយន្ត Lexus CT-200h រងការខូចខាតតិចតួច មិនចង់មានរឿងវែងឆ្ងាយ ក៏បើកចេញទៅបាត់ទៅ ទុកតែរថយន្តបង្កហេតុ និងរថយន្ត Ford Raptor នៅដោះស្រាយគ្នា ដោយខាងរថយន្តតូយ៉ូតា ព្រូស បានយល់ព្រមសងសំណងទៅខាងរថយន្ត Ford Raptor ចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

RELATED ARTICLES