ខេត្តព្រះសីហនុ ៖ រថយន្ត ១គ្រឿង ម្ចាស់ធ្វេសប្រហែស ចាប់ភ្ជាប់ចរន្តភ្លើងទុកចោល រវល់តែទៅដូរហ្គាស់ វិលវិញរថយន្តឆ្លងភ្លើងឆេះខ្ទេចអស់ សល់តែគ្រោងដែកប៉ុណ្ណោះ សំណាងល្អ មិនឆេះរាលដល់លំនៅឋានក្បែរខាងឡើយ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុរថយន្តខាងលើ ត្រូវបានម្ចាស់ធ្វើការជួស ជុល (ផ្សារ) ដោយចាប់ភ្ជាប់ចរន្តភ្លើងជាប់នឹងរថយន្ត ម៉ាក CRV បន្ទាប់មក ដោយសារតែម្ចាស់រថយន្តរវល់ចេញទៅដូរហ្គាស់ ដើម្បីយកមកផ្សាររថយន្តបន្ត ស្រាប់តែពេលត្រឡប់មកវិញ ប្រទះឃើញរថយន្តឆ្លងចរន្តកើតជាអណ្តាតភ្លើងឆេះខ្ទេចអស់ សល់តែគ្រោងដែកប៉ុណ្ណោះ។
ក្រោយកើតហេតុ ម្ចាស់រថយន្តខាងលើ បានត្រឹមឈរមើលគ្រោងឆ្អឹងដែករថយន្តរបស់ខ្លួន ដោយក្តីសោក ស្តាយ៕