ខេត្តព្រៃវែង ៖ វត្តមួយ ត្រូវបានពុទ្ធបរិស័ទអះអាងថា មានព្រះចៅអធិការ ដល់ទៅ២អង្គ កំពុងគង់នៅក្នុងវត្តជាមួយគ្នា និងមានប្រជាពុទ្ធបរិស័ទ ២ក្រុម ប្រកាន់បក្ខពួករៀងខ្លួន លុះមានអង្គកឋិនទានមួយ ហែចូលវត្តនេះ ស្រាប់តែធ្វើឱ្យផ្ទុះជាអធិករណ៍ ចៅអធិការទាំងពីរព្រះអង្គ ដណ្តើមគ្នាគ្រងត្រៃកឋិន ផ្អើលដល់ពុទ្ធបរិស័ទ ប៉ះ សម្តីគ្នាទៀតផង។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅក្នុងវត្តពន្លៃ ដែលមានទីតាំងស្ថិតក្នុងឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ក្នុងពេលដែលពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែអង្គកឋិនទាន ចូលមកកាន់ទីអារាមមួយនេះ។
តាមប្រភពប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃ បានឱ្យដឹងថា វត្តពន្លៃនេះ មានព្រះគ្រូចៅអធិការវត្ត ចំនួន២អង្គ តាំងពីឆ្នាំ២០១៩ មកម៉្លេះ ដោយមួយអង្គព្រះនាម សាំង គីមឃុន និងមួយអង្គទៀតព្រះនាម ឆូយ គង់នៅ ហើយពុទ្ធបរិស័ទ គណៈកម្មការអាចារ្យវត្ត ក៏បែងចែកគ្នាជា២ពួក ទៅតាមនោះដែរ។ ប៉ុន្តែកន្លងមកនេះ មិនធ្លាប់មានបញ្ហាអ្វីជាដុំកំភួនឡើយ ស្រាប់តែមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃដង្ហែអង្គកឋិនទានចូលវត្តស្រា ប់តែពុទ្ធបរិស័ទភាគីម្ខាងៗ ទាមទារឱ្យព្រះសង្ឃដែលខ្លួនគាំទ្រ ជាអ្នកគ្រងត្រៃ ហើយនិយាយមិនត្រូវគ្នា ទើបកើតជាបញ្ហាបែបនេះទៅ។
ចំណែកក្រុមគណៈកម្មការអាចារ្យវត្ត បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យមានបញ្ហាចម្រូងចម្រាសនេះកើតឡើង គឺដោយសារតែពុទ្ធបរិស័ទទាំង២ពួក បានធ្វើបុណ្យដង្ហែអង្គកឋិនទាន ចូលវត្ត ។ លុះពេលធ្វើពិធីគ្រងត្រៃ ដែលតាមប្រពៃណីសាសនា គឺតម្រូវឱ្យចៅអធិការវត្តម្នាក់ ជាអ្នកគ្រងត្រៃនោះ ទើបធ្វើឱ្យមានបញ្ហាឡើង ដោយពុទ្ធបរិស័ទទាំងសងខាងទាមទារឱ្យព្រះសង្ឃដែលខ្លួនគាំទ្រ ជាអ្នកគ្រងត្រៃរៀងៗខ្លួន។ ចំណែកព្រះអនុគណស្រុកមេសាង បានស្នើឱ្យធ្វើការបោះឆ្នោតជ្រើសរើស បើចំឈ្មោះព្រះគ្រូអង្គណា ឱ្យព្រះគ្រូអង្គ នោះជាអ្នកគ្រងត្រៃ ប៉ុន្តែពុទ្ធបរិស័ទទាំងសងខាងនៅតែមិនព្រម ហើយក៏នាំគ្នាប្រមូលយកត្រៃ យកលាងរបស់ខ្លួនទាំងអស់ ចាកចេញពីព្រះវិហារ ទើបធ្វើឱ្យកម្មវិធីគ្រងត្រៃ មិនអាចប្រព្រឹត្តទៅបាន ហើយកម្មវិធីបុណ្យកឋិន ក៏ត្រូវបានបញ្ចប់ដោយមិនបានគ្រប់កិច្ច។
ដោយឡែកខាងអាជ្ញាធរស្រុកមេសាង បានបញ្ជាក់ប្រាប់ថា ដោយមើលឃើញភាពចម្រូងចម្រាសនេះកើតឡើងដោយសារវត្តមាន ២បក្ខ ទើបនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរស្រុកនិងមន្ត្រីធម្មការ បានកោះហៅព្រះសង្ឃទាំងពីរអង្គ និងគណៈកម្មការ អាចារ្យវត្តមកធ្វើការជួបប្រជុំដោះស្រាយ នៅក្នុងវត្តពោធិមង្គល ហៅវត្តចំបក់ ជាវត្តព្រះអនុគណស្រុក។ ចំណែកលទ្ធផលយ៉ាងណា នៅមិនទាន់ដឹងនៅឡើយ៕