Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ា ហ៊ួត ជា ត្រូវអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ ជំពាក់លុយមិនសងហើយប្តឹងថែមទៀត

ឧកញ៉ា ហ៊ួត ជា ត្រូវអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ ជំពាក់លុយមិនសងហើយប្តឹងថែមទៀត

ភ្នំពេញ៖លោកឧកញ៉ាហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បាន បង្ហើប ឱ្យដឹងថា អ្នកមានកំពូលម្នាក់ មានងារជា «អ្នកឧកញ៉ា» ដែលជាម្ចាស់គម្រោងសាងសង់ដ៏ធំមួយនៅរាជធានីភ្នំពេញ បានទិញការ៉ូពីលោកជាច្រើនមិនទាន់សងប្រាក់គ្រប់ចំនួនហើយបែរជាមកប្តឹងលោកថែម​ទៀត។

ក្នុងការ Live បកស្រាយលើទំព័រហ្វេសប៊ុក  នាព្រលប់ថ្ងៃចន្ទ  លោកឧកញ៉ា ហ៊ួត ជា បានឱ្យដឹងថាក្នុងបទពិសោធន៍ជាអ្នករកស៊ីជាង ១៤ឆ្នាំ មកនេះ និង មានសាខាធំៗជាង៥០ ទូទាំងប្រទេសលោកតែងតែប្រកាន់ គោលការណ៍ ស្មោះត្រង់ជានិច្ច ជាមួយអតិថិជន។ ទោះយ៉ាងណារយៈពេល១ឆ្នាំមកនេះលោកបានជួបរឿង មួយដែលមានអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ នៅរាជធានីភ្នំពេញ បានទិញការ៉ូពីក្រុមហ៊ុនលោកដោយផ្តល់សែកឱ្យ ៣០% ហើយលោកក៏បានតម្កល់សែកឱ្យវិញផងដែរ  ព្រមទាំងមានកិច្ចសន្យាច្បាស់លាស់ថែមទៀត។

សម្រាប់ទឹកប្រាក់ ៣០% លោកឧកញ៉ា ហ៊ួត ជា បានយកទៅប្រើប្រាស់សម្រាប់ បញ្ជាទិញពីរោងចក្រក្រៅ ប្រទេស ហើយលោកថែមទាំង ចំណាយលុយបន្ថែមទៀត សម្រាប់ថ្លៃដឹកជញ្ជូនតាមកប៉ាល់ និងដឹកជញ្ជូនទៅ ដាក់តាមទីតាំងការដ្ឋាន។ លោកឧកញ៉ាបានបន្តថាគិតទៅម្ចាស់គម្រោងនៅជំពាក់ប្រាក់លោកជាង២ម៉ឺនដុល្លារ ទៀត  ផ្ទុយទៅវិញ អ្នកឧកញ៉ារូបនោះ មិនព្រមសងប្រាក់និង បានប្រើពាក្យសម្តីថាការ៉ូ គ្មានគុណភាពនិង ត្រូវ ជំពាក់ប្រាក់ រូបគេវិញចំនួន៣ម៉ឺនដុល្លារ រហូតចុងក្រោយដល់ជិត ១០ម៉ឺនដុល្លារ។ លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោកឧកញ៉ា ហ៊ួត ជា   បានទទួលពាក្យបណ្តឹងមួយ ពីបទព្រហ្មទណ្ឌថែមទៀត។

ជាមួយនឹង Live នេះ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរថា៖ “អយុត្តិធម៌ម្ល៉េះលោក ព្រះ  ទិញការ៉ូអត់ទាន់សងលុយផងមកប្ដឹងម្ចាស់ការ៉ូអញ្ចឹង។ ស្គាល់គ្នាដែរនិយាយទៅកុំដល់ថ្នាក់ប្ដឹងផ្ដល់គ្នា នោះ។ សព្វថ្ងៃនេះថ្នាក់ដឹកនាំខំកៀរគរអ្នកវិយោគទុន មករកស៊ីក្នុងប្រទេស ចុះបើក្មួយជាអ្នកវិនិយោគក្នុងស្រុក គួរតែថ្នាក់ដឹកនាំជួយដោះស្រាយនិងការពារផ្នែកច្បាប់ឱ្យ បានល្អផងទៅ។ ថយមួយជំហានម្នាក់ៗ ដោះស្រាយ គ្នាទៅកុំដល់ប្ដឹងផ្ដល់គ្នានោះអី”។

ទទឹមនឹងនេះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរ ថា៖ “មានរឿងអីបង? ដោះស្រាយគ្នាសិនទៅបង តែបើគេប្តឹងបងត្រូវដោះស្រាយតាមច្បាប់”។

បែបណាក្ដីនេះគ្រាន់តែជាការអះអាង តែម្ខាងប៉ុណ្ណោះ ខណៈដែលភាគីម្ខាងទៀត ដែលមានងារជាអ្នកឧកញ៉ា ប្ដឹងមកឧកញ៉ា ហ៊ួត ជា មិនទាន់ចេញមកអះអាង ឬ បង្ហាញអត្តសញ្ញាណនៅឡើយ។

យ៉ាងណាក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមឆ័ត្រ សមាគមឧកញ៉ាកម្ពុជា លោកឧកញ៉ា ហ៊ួត ជា សង្ឃឹមថានឹងអាចរកច្រកចេញ និងអាចដោះស្រាយដោយសន្តិវិធី៕

RELATED ARTICLES