ភ្នំពេញ ៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវរយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការបង្ក្រាបជាក់ស្តែង រយៈពេល២យប់ ២ថ្ងៃ ដោយឆែកឆេរទីតាំងចំនួន៤ និងបានរកឃើញគ្រឿងញៀនចម្រុះ ប្រហែល១០០គីឡូ ក្រាម ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន៤នាក់ (ប្រុស៣ ស្រី១)។
តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការបង្ក្រាបជាក់ស្តែងរយៈពេល២យប់ ២ថ្ងៃ ដោយឆែកឆេរទីតាំង ចំនួន៤ ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញគ្រឿងញៀនចម្រុះ ប្រហែល១០០គីឡូក្រាម។
តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញបានធ្វើការបិទបញ្ចប់ការស៊ើបអង្កេត ដោយទទួលបានលទ្ធផល រួមមាន ឃាត់ខ្លួនជនជាតិចិន ចំនួន៤នាក់ (ប្រុស៣ ស្រី១) ពាក់ព័ន្ធគ្រឿងញៀន និងចាប់យកវត្ថុតាង គ្រឿងញៀនចម្រុះ សរុប១០០គីឡូ ៧៥៦,១០ក្រាម (ថ្លឹងទាំងសំបក) ដោយក្រោយពេលធ្វើតេស្ត និងដកសំបកថង់រួច គ្រឿងញៀន សរុបមានចំនួន ៩៥គីឡូ ៩៥៤,៥០ក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀនជាច្រើនទៀត។
ជនសង្ស័យជនជាតិចិន ទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕