ភ្នំពេញ៖តារាលេងសម្រស់នៅហង្សមាសនាងSK (លៀង) បានប្ដូរស្ទីលច្រៀងពីចេញបទបែបស្លូវៗមកជាបទញាក់និងមានក្បាច់រាំផងដែរ ដែលនេះជាយុទ្ធសាស្រ្ដដើម្បីចាប់យកConcerts ធំៗនារដូវក្ដៅដែលចាប់ពីខែ១១ ដល់ខែ៥ ខាងមុខនេះ។ការងាកមកច្រៀងបទញាក់ របស់ នាងSK នេះស្របពេលដែលតារាស្រីខ្លាំងៗនៅហង្សមាសបានដើរចេញជាបន្ដបន្ទាប់ដូចជារ៉េត ស៊ូហ្សាណា ,វី ឌីណែត ,ពេជ្រ សូលីកា ជាដើម ទើបធ្វើឲ្យតារាសាច់សខ្ចីមានត្រេមុខដូចកូនកាត់កូរ៉េ រូបនេះហាក់មានប្រៀបជាងគេថានាងអាចនឹងឡើងកូដជាងនេះជាមិនខាន ព្រោះអត់ដៃគូខ្លាំងប្រជែង។ប៉ុន្ដែសំណួរដែលគ្រប់គ្នាចង់ដឹងថាតើថៅកែហង្សមាសនឹងព្រមលើកតារាសាច់សដូចបណ្ដូលចេករូបនេះឬអត់ ?
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោករ៉េ (Mr-Ray) ដែលជាអ្នកគ្រប់គ្រងតួនិងទីផ្សាររបស់ផលិតកម្មGenMusic តែមិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះ។ប៉ុន្ដែលោករ៉េ ធ្លាប់ប្រាប់ថាSK ចង់ពង្រឹងទីផ្សារយុវវ័យចាប់ពីឆ្នាំ២០២៤ តទៅ ។
ថ្វីត្បិតតែនាងSK ហាក់មានសម្រស់មានប្រៀបជាងតារាស្រីផ្សេងទៀតនៅហង្សមាសក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈថានាងមានទឹកដមសម្លេងត្រឹមមធ្យមប៉ុណ្ណោះ ហេតុនេះគេមិនអាចសន្និដ្ឋាននាពេលនេះថានាងក្លាយជាតួឯករបស់ហង្សមាសឡើយ ព្រោះនៅលើថៅកែផលិតកម្មនេះជាអ្នកកំណត់។តែSK មានខ្នងក្រាស់ព្រោះនាងមានគូស្នេហ៍លោកសុខ វិបុល ហៅStep ជាអ្នកធ្វើបទភ្លេងជូននាងច្រៀងជានិច្ច ដែលអាចនិយាយបានថាស្រីស្អាតល្បីជាងនេះឬនៅទ្រឹងគឺមួយផ្នែកជាចំណែកនៃការកំណត់របស់គូស្នេហ៍នាង។
គួរបញ្ជាក់ថានាងSK ជ្រកនៅហង្សមាសរយៈពេលជាង១ឆ្នាំហើយតែទើបចេញចម្រៀងបាន៣បទប៉ុណ្ណោះគឺបទ”សំខាន់ច្រើននាក់ “ ,”រក្សារគម្លាត” និងបទ”បើហ៊ាន “ ដែលការចេញបទយឺតយ៉ាវបែបនេះត្រូវបានលោករ៉េ ធ្លាប់ប្រាប់ថាសុខចិត្តចេញបទយឺតដែលមានគុណភាព ប្រសើរជាងចេញយកតែបរិមាណ តែអត់ល្បី។ចំណែកការបង្ហាញខ្លួនតាមឆាកនារយៈពេលចុងក្រោយនេះគេឃើញនាងSK ចាប់ដៃជាមួយគូស្នេហ៍របស់នាងលោកStep ហើយពួកគេក៍កាន់តែស្អិតល្មូតទាំងក្នុងនិងក្រៅឆាកតែម្ដង ។ប្រុសៗមិនតិចនាក់ទេដែលខកចិត្តនាងSK ប្រគល់បេះដូងឲ្យលោកវិបុល ខណៈដែលFan តារាទាំងពីរសរសើរពួកគេថាសាកសមគ្នាខ្លាំង ព្រោះនាងSK មានត្រេមុខស្រដៀងទៅនិងកំពូលសម្រស់នាងនាងJisoo សមាជិករបស់ក្រុម ចម្រៀង Blackpink ស្របពេលដែលStep ព្យាយាមតែងខ្លួនតាមកំពូលតារាកូរ៉េលោកRain ។ យ៉ាងណាគេចាំមើលថានាងSK អាចធ្វើព្យុះភ្លៀងនៅហង្សមាសបានដែរឬទេ ព្រោះគ្រាន់តែចេញចម្រៀងបាន៣បទនេះនាងឆក់បានស្ពតពាណិជ្ជកម្មជាច្រើន ដែលគេជឿថាការត្រូវប៉ាន់របស់នាងពេលនេះ ព្រោះគេចាប់អារម្មណ៍ទៅលើរូបសម្រស់នាងជាងសម្លេង ។ចំពោះរូបឆោមរបស់នាងពេលនេះវិញប្រសិនបើលោកStep មិនប្រញ៉ាប់អូសដៃនាងចូលរោងការទេ នោះលោកលី យ៉ុងចេ ខ្មែររូបនេះប្រាកដជាពិបាកទប់ទល់ឥទ្ធិពលដុល្លារជាមិនខាន ៕