ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគាស់តូបលក់ទូរស័ព្ទ ១កន្លែង ចូលទៅលួចបានទូរស័ព្ទ ចំនួន៣គ្រឿង និងលុយ ចំនួន៥០ម៉ឺនរៀល បន្ទាប់មកបានរត់គេចខ្លួនបាត់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកចាត់ការតាមច្បាប់។
ករណីគាស់តូបលក់ទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចតូបលក់ទូរស័ព្ទមួយកន្លែង ស្ថិតក្នុងភូមិទួលសាំងក ឃុំអង្គរបុរី ស្រុកអង្គរបុរី។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ឹម រាម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលសាំងក ឃុំអង្គរបុរី ស្រុកអង្គរបុរី។ ចំណែកជនរងគ្រោះ មានឈ្មោះរ រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអាជីវករលក់ទូរស័ព្ទ មានលំនៅក្នុងភូមិទួលសាំងក ឃុំអង្គរបុរី ស្រុកអង្គរបុរី។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចតូបលក់ទូរស័ព្ទរបស់ឈ្មោះ រ រដ្ឋា ស្ថិតនៅភូមិទួលសាំងក ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ កើតមានករណីអំពើលួច (ទូរស័ព្ទ និងលុយ) បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់តូបលក់ទូរស័ព្ទខាងលើ រួចចូលទៅលួចយកលុយខ្មែរ ចំនួន ៥០ម៉ឺនរៀល និងទូរស័ព្ទ ចំនួន៣គ្រឿង។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសា លាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបុរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបុរី បានធ្វើការស្រាវជ្រាវ និងកំណត់ មុខសញ្ញា រហូតដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័ យម្នាក់ឈ្មោះអ៊ឹម រាម នៅចំណុចស្ថិតនៅភូមិទួលសាំងក ឃុំអង្គរបុរី ស្រុកអង្គរបុរី ព្រមទាំងដកហូតវត្ថុតាង ទូរស័ព្ទ ចំនួន៣គ្រឿង យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបុរី ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកវត្ថុតាង ទូរស័ព្ទ ត្រូវបានប្រគល់ជូនម្ចាស់វិញ៕