ភ្នំពេញ ៖ កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះរុះរើតូប រោងលក់ដូរ ដែលសង់មកលើចិញ្ចើមផ្លូវបេតុង បង្កប៉ះពាល់សណ្តាប់ធ្នាប់សាធារាណៈ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា កន្លងមក អាជ្ញាធរធ្លាប់បានប្រាប់ អប់រំណែនាំ រាល់ការសាងសង់រោង តូបលក់ដូរលើចិញ្ចើមផ្លូវ ដែលបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ តែម្ចាស់តូបនៅបន្តសាងសង់ ទើបនៅរសៀលថ្ងៃនេះ កម្លាំងសង្កាត់ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាត់ រុះរើចេញតែម្តង។
ជាមួយនេះ អាជ្ញាធរ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរ ទាំងចល័ត អចល័ត តាមដងផ្លូវ ចិញ្ចើមផ្លូវ សុំកុំយកចិញ្ចើមផ្លូវ សាងសង់ធ្វើជារោង តូប សម្រាប់ជួល លក់ដូរ ជាហេតុនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវ និងសូមចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីសុវត្ថិភាពភូមិ-សង្កាត់ ទាំង អស់គ្នា៕