Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹមបោ.../ចសក់តៃកុងឡាន មេដា.../ក់វិន័យ

ប៉េអឹមបោ…/ចសក់តៃកុងឡាន មេដា…/ក់វិន័យ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺជុំវិញករណីមន្ត្រីកងរាជអាវុធហត្ថម្នាក់បានបង្ហាញឥរិយាបថបំពានក្រម សីលធម៌វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដោយបានប្រើហិង្សា ចាប់បោចសក់អ្នកបើកបររថយន្តធុនធំម្នាក់ ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍ នៅផ្លូវជាតិលេខ៦អា ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ការចេញបំភ្លឺនេះ ធ្វើឡើងក្រោយពេលកងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូមួយ តាមបណ្តាញព័ត៌មានសង្គម ដោយមានមន្ត្រីកងរាជអាវុធហត្ថម្នាក់ បានចាប់បោចសក់អ្នកបើកបររថយន្តម្នាក់ ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍ នៅផ្លូវជាតិលេខ៦អា។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលរូបនេះ ជានាយទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា ក្រោយដឹងហេតុការណ៍នេះ នាយឧត្តមសេនីយ៍ សៅ សុខា មេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកណ្តាល កោះហៅឈ្មោះពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តទៀតថា អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជា ត្រូវតែបម្រើ ច្បាប់ ត្រូវតែគោរព និងបទល្មើស ត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិ ការកិច្ច ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមច្បាប់។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្តែងនូវការសោកស្តាយចំពោះទង្វើរបស់មន្ត្រីកងរាជអាវុធហត្ថ ពៅ សាលួត ដែលបានប្រព្រឹត្តហិង្សាចំពោះប្រជាពលរដ្ឋ ដូចបានឃើញនោះ។

ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានផ្តាំផ្ញើទៅកាន់មន្ត្រីកងរាជអាវុធហត្ថទាំងឡាយ សូមកុំប្រព្រឹត្តដូចទង្វើរបស់មន្ត្រីកងរាជអាវុធហត្ថ ពៅ សាលួត ព្រោះជាឥរិយាបថបំពានក្រមសីលធម៌វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព និងមិនគប្បីចំពោះប្រជាពលរដ្ឋនោះឡើយ។ ផ្ទុយទៅវិញ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ តាមវិន័យ តាមក្រមសីលធម៌ជាមន្ត្រីកងទ័ព ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្៕

RELATED ARTICLES