ភ្នំពេញ ៖ តារាសម្តែងស្រីជើងចាស់ និងជាអតីតប្រធានសមាគមសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា បានផ្ទុះប្រតិកម្មខឹងសម្បា និងព្រមានប្តឹងតារាចម្រៀងស្រី និងជាម្ចាស់ហាងកែសម្ផស្សម្នាក់ ឈ្មោះទិត្យ សុធារី បន្ទាប់ពីបានប៉ះពារពាក្យសម្តីគ្នាតាមបណ្តាញសង្គម ហ្វេសប៊ុក រហូតត្រូវបានតារាចម្រៀងរូបនោះ ហៅលោក ស្រីថា ជំទាវអវិជ្ជា ប្រហោងក្នុង ធ្លាក់តំណែង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកស្រី ចន ច័ន្ទលក្ខិណា បានបង្ហោះ ScreenShort មួយ ដែលជាប់ទាំងឈ្មោះហ្វេសប៊ុក របស់តារាចម្រៀង ទិត្យ សុធារី ផង ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី ភ្ជាប់ជាមួយសំណេរព្រមានថា “ចាំបុណ្យប្អូនសីហា ចប់… កុំឱ្យកំពប់បុណ្យ ឥឡូវកំពុង កាន់ទុក្ខ សំ ខាន់ខ្ញុំស្គាល់ account ខ្ញុំ ទោះអ្នកឯង ScreenShort ពាក់កណ្តាលក៏ដោយ”។
បន្ទាប់មក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកស្រី ចន ច័ន្ទលក្ខិណា បានសរសេរបន្ថែមថា “ខ្ញុំជួបឡើងឆ្អែត។ នៅមុខ ជម្រាបសួរអ្នកបង ក្រោយខ្នង មីជំទាវអវិជ្ជា មីជំទាវប្រហោងក្នុង ជំទាវធ្លាក់តំណែង។ ចង់ប្រាប់ថា ងារជំទាវ អត់មានធ្លាក់តំណែងទេ ព្រោះងារតាមប្តី ហើយកំពុងរស់នៅជាមួយគ្នា ប្រកបដោយសេចក្តីសុខ សុភមង្គលធម្មតា ដូចគេដូចឯង អត់លែងលះគ្នាទេ។ ឯរឿងតំណែង គឺជាការបោះឆ្នោតផ្ទេរអាណត្តិ មិនមែនធ្លាក់ ទេ ប្រគល់ត្រា ដាក់លើជើងពាន ប្រគល់ជូនត្រឹមត្រូវ យល់ទេអូនតារាចម្រៀងវ័យក្មេង ដែលតែងមើលងាយតារាជើងចាស់ និងមើលងាយអ្នកក្រ ហើយជាន់កគេអែបអប ដើម្បីបានកៀកមេ? Chorn Chan Comeback ខ្លាដេក ដាស់ខ្លាឱ្យភ្ញាក់…”។
លោកស្រី ចន ច័ន្ទលក្ខិណា បានសរសេរបន្ថែម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា «យកប្តីមិត្តភក្តិហើយ ផុសមើលងាយប្រពន្ធគេទៀត»។
លោកស្រី ចន ចន្ទលក្ខិណា បានសរសេរបន្ថែមទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ថា «វគ្គទីពីរ : ចុះចោលកូន ទៅយកប្តីបារាំង (មានប្តី មានកូន តែលាក់គេ ខ្លាចអត់ល្បី នាងកញ្ញាកូនមួយ)។ នាងឯងថាខ្ញុំខ្លាចដាច់ ពោះ ខំឈ្លោះជាមួយនាងឯង ដើម្បីយក View លក់ Online សុំសើចមួយ សម្បត្តិត្រឹមតារាចម្រៀង ដើរយកប្តីគេ ឈ្នានីសគេ ដើម្បីខ្លួនឯងបានខ្ពស់ និង ដើម្បីបាននៅអែបអបមេ ដូចនាងឯង គឺមិនស័ក្តិសមនឹងតម្លៃលក់ផលិតផលរបស់ខ្ញុំទេ ស្គាល់ខ្ញុំឲ្យច្បាស់បន្តិច មីសក់ក្រហម!»។
លោកស្រី ចន ច័ន្ទលក្ខិណា បានសរសេរបន្ថែមទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ថា «ចេញដំណើរទៅធ្វើបុណ្យ តែអត់តមសំដីទេ ព្រោះតម ៣ឆ្នាំហើយ តមពេក សូម្បីតែក្មេង ក៏វាជាន់ក្បាលដែរ អញ្ចឹងខ្ញុំធ្វើឲ្យអូនតារាចម្រៀងលើកជើងម្នាក់ ដឹងថា អូនជាន់ក្បាលបងបានទៀតឬអត់ ? ព្រោះអូនជាន់ក្បាលបងយូរហើយ ហើយអូនកម្ចាត់កម្ចាយតារាជើងចាស់ តារាជើងថ្មី និងអ្នកភ្លេងនៅក្នុងក្រុម ច្រើននាក់ណាស់។ សូម្បីតែអូនយកប្តីពួកម៉ាកហើយ អូននៅហ៊ាន Call ទៅជេរប្រពន្ធគេ ពេលគេទៅរកប្រពន្ធដើម។ មានអ្នកឆាតមកទប់ខ្ញុំ កុំឲ្យតប តែ លើកនេះ No ខ្ញុំសុំលេងហើយ! អរគុណចំពោះការឈឺឆ្អាលរបស់បងប្អូន។ សុំទោសបងប្អូនដែលមួយរយ:នេះ ខ្ញុំបញ្ចេញសារនិងពាក្យសំដីមិនល្អ លើ Social Media តែគេជាអ្នកចាប់ផ្តើមមុន ហើយកន្លងមក ខ្ញុំមិនតប សុខចិត្តឆាតទៅពន្យល់វាដោយសន្តិ តែវាឈ្លើយ វាធ្វើមិនយល់ មិនតប ហើយវាសុខចិត្តមកវាយ ប្រហារខ្ញុំលើ Facebook ឲ្យគេដឹងថាវាខ្លាំង វាក្លាហានក្នុងការដៀលខ្ញុំ មើលងាយខ្ញុំ ហើយវាគិតថា ខ្ញុំនឹងមិនហ៊ានតបវាដូចមុន ។ ខ្ញុំចង់ប្រាប់អ្ហែងថាជាមួយអ្ហែង លើកនេះខ្ញុំលែងស្ងាត់ដូចមុនហើយ អ្ហែងចង់ផ្លូវ Facebook ឬផ្លូវច្បាប់ ខ្ញុំធ្វើបានទាំងអស់!»។
ជាការឆ្លើយតប តារាចម្រៀង ទិត្យសុធារី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់នាងថា “អត់ចង់ឈ្លោះទេ តែប្រយ័ត្នសសេរចម្រៀងដៀលវើយ ! តិចខ្ចប់របស់ក្មេង លោកជំទាវធ្លាក់តំណែង ចង់ប្រាប់ថាអត់ខ្លាចអីតិច គ្រាន់តែខ្ពើម…”។
តារាចម្រៀង ទិត្យ សុធារី បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា “នាងដៀលអម្បូរខ្ញុំ នាងកាន់តែអន្តរាយ មនុស្សខ្ញុំ មិនមែនប្រភេទទ្រ អែបអបគេ ដើម្បីផលប្រយោជន៍ទេ មនុស្សខ្ញុំជាមនុស្សគុណភាព មិនមែនប្រហោងក្នុង ហាយសូខាងក្រៅ អត់ប្រយោជន៍…”។
បន្ទាប់មក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ តារាចម្រៀង ទិត្យ សុធារី បានទម្លាយឆាត តាមបណ្តាញសង្គម ហ្វេសប៊ុក ជាមួយសំណេរថា “Post ចុងក្រោយ ខ្លីៗ ឆាប់ចប់ រវល់ធ្វើការកស៊ី អត់មានពេលសម្រាប់បំពុលសង្គម…”។
តាមរយៈឆាតនោះ តារាចម្រៀងទិត្យ សុធារី បាននិយាយថា “គាត់ស៊ែរៗ ដៀមដាមឱ្យខ្ញុំ ឡើង៣ថ្ងៃហើយ គាត់ស៊ែរ ដៀមដាម ដៀលខ្ញុំ គាត់ថាពេលយើងអត់តបអ៊ីចឹង គេថាយើងខ្លាច ហ្នឹងហើយ ដល់ពេលអ៊ីចឹង ដាក់ខ្លះទៅ លក្ខណៈថា អត់មានរឿងអី ខ្ញុំអត់បានធ្វើអីគេទេ ប៉ុន្តែគេស៊ែរដៀមដាមឱ្យយើងចំៗអ៊ីចឹងណា ដល់ពេលយើងមានប្រតិកម្ម គេថាឱ្យយើងហ្នឹងរកភ័ស្តុតាងទៅ គ្នាគេប៉ុន្មាននាក់ហ្នឹង គឺគេសាមគ្គីគ្នាណាស់ គ្នាគេប៉ុន្មាននាក់ហ្នឹងហា តែខ្ញុំចង់ប្រាប់ថា ខ្ញុំអត់ចង់មានបញ្ហា ក៏អត់ចង់មានរឿងអីមួយម្នាក់ហ្នឹងដែរ គ្រាន់តែថា ពេលខ្លះទ្រាំអត់បាន កុំឱ្យថាយើងហ្នឹងខ្លាចគាត់ពេក ចង់និយាយអ៊ីចឹងណា! តែខ្ញុំអត់មានបានធ្វើអីគាត់ទេ គឺគាត់នៅសុខៗ គឺគាត់ស៊ែរដៀមដាមឱ្យយើងហ្មង ឱ្យយើងទ្រាំអត់បានហ្មង មនុស្សគាត់អត់មានរឿង ដូចគាត់អត់ចេះរស់នៅម៉េច អស់ពីរឿងជាមួយអ្នកគ្រូម៉េង កែវពេជ្ជតា មករករឿងក្មេងស្រករក្រោយ ដូចអត់មានកន្លែងណាគួរឱ្យគោរព គួរឱ្យយកគំរូតាមអីសោះ ខ្ញុំឆ្ងល់អើយឆ្ងល់! ខ្ញុំអត់ដែលខ្លាចទេ ប៉ុន្តែពេលដែលយើងអត់មាត់អត់ក អត់តបអត់ត គេថាយើងហ្នឹងខ្លាចគេអ៊ីចឹងទៅណា ប៉ុន្តែអត់ដែលខ្លាចទេ អត់មានអីត្រូវខ្លាចទេ មិនដឹងត្រូវខ្លាចកន្លែងណា យើងខ្លាច លុះត្រាតែរៀមច្បងគួរឱ្យគោរព មានចំណេះដឹង មិនចេះបង្ករឿង បើចេញមកចរិតដូចកូនក្មេងអ៊ីចឹង មានអ្នកណាគេខ្លាច គេអត់ខ្លាចទេ»។
តារាចម្រៀង ទិត្យ សុធារី បន្តថា «លើកមុន រករឿងខ្ញុំម្តងមួយសាហើយ ពេលឃើញខ្ញុំជាសិស្សរបស់អ្នកគ្រូម៉េង កែវពេជ្ជតា ដល់ពេលអ៊ីចឹង គេឧស្សាហ៍ឃើញខ្ញុំខម្មិនលេងជាមួយអ្នកគ្រូម៉េង អីចឹងគេខឹងខ្ញុំ គេឆាតមកស្តីឱ្យខ្ញុំមួយសារហើយ ស្រាប់តែដល់ពេលហើយ គេគុំខ្ញុំ ហើយគេស៊ែរ គេថាឱ្យយើងចំៗ គ្រាន់គេអត់ដាក់ឈ្មោះ លក្ខណៈថា ខាំគេឱ្យចំៗហើយ ស្រាប់តែពេលគេតបទៅ អាងអីថា អត់ដាក់ឈ្មោះផង ថាយើងរើសដាក់ខ្លួន ថាឱ្យយើងរកភ័ស្តុតាង របៀបអ៊ីចឹងណា របៀបថាខាំគេចំៗហើយ ឱ្យយើងរកភ័ស្តុតាង។ មនុស្សសន្តានអាក្រក់គ្មានលេខដាក់ គេរវល់ការងាររកស៊ីគេ គេខំប្រឹងការងារគេ គេខំប្រឹងរាល់ថ្ងៃ ឯងណោះអត់មានប្រឹងអីទេ ប្រឹង តែបង្កើតសាច់រឿង បង្កតែសាច់រឿង បំពុលសង្គម អត់មានភាពជាអ្នកដឹកនាំ ភាពជាចាស់ទុំ ភាពជាគំរូអីកន្លែងណាសោះ។ ឃើញបងប្អូនគ្នីគ្នាគេប៉ុន្មាននាក់ហ្នឹង គេព្រួតគ្នាចូលខម្មិនអ៊ីចឹងទៅណា ព្រួតគ្នាថាអ៊ីចឹងទៅ។ ឥឡូវខ្ញុំឈប់តបតាំងពីយប់មិញ ខ្ញុំឈប់តប ឈប់តតែម្តង។ ឥឡូវខ្ញុំដាក់ចិត្តថា ខ្ញុំអត់តបអត់តអីទាំងអស់ ចាំមើលគេចេញថាម៉េចៗ ឱ្យគេចេញតែឯងទៅ ឱ្យគេវឹកវរតែឯង ក្រុមគេប៉ុន្មាននាក់ហ្នឹងទៅ…”៕
ជុំវិញវិវាទប៉ះទង្គិចពាក្យសម្តីគ្នា រវាងតារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា និងតារាចម្រៀង ទិត្យ សុធារី ខាងលើនេះ «នគរធំ» មិនអាចសុំយោបល់បន្ថែមពីតារាទាំងពីរភាគីបានទេ កាលពីល្ងាចម្សិលមិញ។
ទោះបីជាយ៉ាងណា ទាំងអ្នកសិល្ប:រួមអាជីព អ្នកគាំទ្រ និងមហាជនទូទៅ បានផ្តល់យោបល់ថា តារាទាំងពីរ គួរបញ្ចប់វិវាទត្រឹមនេះទៅ មិនគួរបន្តផ្លោងសម្តីដាក់គ្នា ឬប្តឹងផ្តល់គ្នានាំឲ្យមានរឿងវែងឆ្ងាយតទៅទៀតទេ ព្រោះសូម្បីជម្លោះក្តៅគគុកពីមុនមក រវាងលោកស្រី ចន ច័ន្ទលក្ខិណា និងលោកស្រីម៉េង កែវពេជ្ជតា ក៏ត្រូវបានផ្សះផ្សាដោយប្រធានសមាគមសិល្បករខ្មែរ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ធ្វើឲ្យតាតាល្បីទាំងពីរ ប្រែក្លាយពីសត្រូវ មកក្លាយជាមិត្តវិញរួចទៅហើយ ដូច្នេះគួរតែតារាសម្តែង ចន ច័ន្ទលក្ខិណា និងតារាចម្រៀង ទិត្យ សុធារី បញ្ចប់វិវាទ ងាកមកផ្សះផ្សា សាមគ្គីគ្នាវិញទៅល្អជាងបន្តជម្លោះ ដែលវាគ្មានបានផលចំណេញអ្វី ក្រៅតែពីការខូចឈ្មោះ ខាតពេលវេលានិងធ្វើឲ្យបែកបាក់សាមគ្គីរវាងខ្មែរនិងខ្មែរគ្នាឯងនោះទេ៕ ដារិទ្ធ