Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរោងចក្រផលិតឡាំងក្រដាស ភ្លើងឆេះហ្ម.../ត់

រោងចក្រផលិតឡាំងក្រដាស ភ្លើងឆេះហ្ម…/ត់

ភ្នំពេញ ៖ រោងចក្រផលិតក្រដាសឡាំង មួយកន្លែង ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។

រោងចក្រផលិតឡាំងក្រដាស ដែលរងគ្រោះត្រូវភ្លើងឆេះ យីហោ ជីងយូ និងឃ្លាំងស្តុកក្រដាសកាតុង ជិនយូ ហ្វេង ភែកឃីង ខាថិន ស្ថិតតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ទីតាំងរោងចក្រដែលរងការឆាបឆេះខាងលើ មានទំហំ៤០ម៉ែត្រ គុណនឹង៤៨ម៉ែត្រ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងឆាបឆេះខាងលើ បានឱ្យដឹងថា មុនកើតហេតុ គេឮបានឮសូរសំឡេងផ្ទុះ ២ទៅ ៣ដង ប៉ុន្តែពួកគាត់មិនបានចាប់អារម្មណ៍។ ខណៈសំឡេងផ្ទុះស្ងាត់ទៅ ស្រាប់តែមានក្លិនឈ្ងៀមផ្សែង និងមានផ្សែងហុយខ្មៅខ្មួលខ្មាញ់ កើតចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ពីក្នុងរោងចក្រ បង្កឱ្យមានការឆោឡោ ផ្អើលពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចជំនាញពាក់ព័ន្ធភ្លាមៗ ដើម្បីបង្ការការរាលដាលកាន់តែខ្លាំង។

ប្រភពដដែល បន្តថា ត្រឹមតែរយៈពេល ៤០នាទីប៉ុណ្ណោះ អណ្តាតភ្លើងបានឆេះរោងចក្រ ដួលរំលំតែម្តង។

ករណីអគ្គិភ័យនេះ ពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយសារពួកគាត់បានឮសំឡេងផ្ទុះ មុនកើតមានអគ្គិភ័យនេះឡើង។

ករណីអគ្គិភ័យនេះ បានបណ្តាលរោងចក្រផលិតឡាំងក្រដាខាងលើ ខូចខាតទាំងស្រុង និងរាលដាលដល់ឃ្លាំងកម្មករស្នាក់នៅ ប្រមាណជា៣០ភាគរយ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជ ធានីភ្នំពេញ ជាច្រើនគ្រឿង បាញ់ពន្លត់ រហូតដល់វេលាម៉ោង ៧និង២៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត។ ចំពោះមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចេញពីម៉ាស៊ីន៕

RELATED ARTICLES