Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកទោសជិត២០០នាក់ ផ្ទេរពីកំពង់ស្ពឺ ទៅពោធិ៍សាត់

អ្នកទោសជិត២០០នាក់ ផ្ទេរពីកំពង់ស្ពឺ ទៅពោធិ៍សាត់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់ បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ចំនួន១៩៩នាក់ ពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន។

ការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំទាំង១៩៩នាក់ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដោយបានការ អនុ ញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

តាមប្រភពអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា ក្រោមកិច្ចសហការ រវាងអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ របស់ខេត្តកំពង់ស្ពឺ កណ្តាល កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១៩៩នាក់ ពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ គឺប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា នៅទូទាំងពន្ធនាគារក្នុងប្រទេសកម្ពុជា មានអ្នកជាប់ឃុំជាង៥ម៉ឺននាក់ ដែលអ្នកជាប់ក្នុងពន្ធនាគារភាគច្រើន គឺជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ចំនួនអ្នកជាប់ឃុំ ៥ម៉ឺននាក់នេះ ត្រូវបានអ្នកនាំពាក្យពន្ធនាគារ បញ្ជាក់ថា ជាចំនួនដ៏ច្រើន បណ្តាលឱ្យមានភាព ចង្អៀតណែនក្នុងពន្ធនាគារ បើទោះបីជាពង្រីកទំហំពន្ធនាគារក៏ដោយ ក៏នៅតែមានជនជាប់ឃុំកើនឡើងបន្ថែមជានិច្ច។

ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ សមត្ថកិច្ច បានបញ្ជូនទណ្ឌិត ចេញពីពន្ធនាគារមួយ ទៅកាន់ពន្ធនាគារមួយទៀត ដើម្បីបន្តឃុំខ្លួន។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ទណ្ឌិតចំនួន៤៤នាក់ ត្រូវបានផ្ទេរដឹកចេញពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលយុវនីតិសម្បទា ក្នុងឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយឡែកកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋាន ពន្ធនាគារ ក៏បានផ្ទេរទណ្ឌិតចំនួន១៩៧នាក់ ពីពន្ធនាគារខេត្តកណ្តាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ។

សូមជម្រាបជូនថា មណ្ឌលអប់រំកែប្រែទី៤ គឺមណ្ឌលដែលទទួលអនុវត្តឃុំឃាំងជនជាប់ឃុំបុរស ជាទណ្ឌិតដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ក្រោម ៥ឆ្នាំ ឬអនុវត្តទោសពន្ធនាគារនៅសល់ក្រោម៥ឆ្នាំ៕

RELATED ARTICLES