Saturday, November 23, 2024
Homeព័ត៌មានជាតិចលនាក្រៅប្រទេសផ្ទុះខ្លាំង សម រង្ស៊ី ថារបបនៅកម្ពុជា នឹងដួលរលំដូចបង់ក្លាដែស

ចលនាក្រៅប្រទេសផ្ទុះខ្លាំង សម រង្ស៊ី ថារបបនៅកម្ពុជា នឹងដួលរលំដូចបង់ក្លាដែស

ភ្នំពេញ ៖  លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានព្រមានថា ចលនាតវ៉ានៅក្រៅប្រទេស ពេលនេះកំពុងផ្ទុះឡើងខ្លាំង ដូច្នេះរបបនៅកម្ពុជា ដែលដឹកនាំដោយត្រកូលហ៊ុន នឹងដួលរលំដូចបង់ក្លាដែស ។ អតីតមេបក្សប្រឆាំងរូបនេះ បានអះអាងថា ប្រជាជនខ្មែរ នឹងបញ្ចប់របបត្រកូលហ៊ុន ឆាប់ៗនេះ ព្រោះអំណាចផ្តាច់ការ មិនអាចយកឈ្នះអំណាចប្រជាពលរដ្ឋបានឡើយ ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា “សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដេស ចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីធ្លាក់ពីអំណាច Hasina ករណីសម្លាប់រង្គាល ។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ តុលា សមាជិករដ្ឋាភិបាលរបស់អ្នកស្រី Hasina ដល់ទៅ ៥០នាក់ ក៏ស្ថិតក្នុងបញ្ជីឈ្មោះក្នុងដីកាចាប់ខ្លួនផងដែរ។ បង់ក្លាដេស គឺជាប្រទេសគំរូមួយ ដែលប្រជាជនខ្មែរយើង បានមើលឃើញផ្ទាល់នឹងភ្នែក ក្នុងរយៈពេលតែប៉ុន្មានខែមុននោះ“ ។

លោកសម រង្ស៊ី បន្តថា “របបផ្តាច់ការនៅកម្ពុជា នឹងទទួលបានលទ្ធផលដូចគ្នា។ ចលនានិងការតវ៉ានៅក្រៅប្រទេស ពេលនេះកំពុងផ្ទុះឡើងខ្លាំង ហើយក្នុងពេលឆាប់ៗនេះ ប្រជាជនខ្មែរយើងទាំងអស់ នឹងសម្រេចបញ្ចប់របបផ្តាច់ការត្រកូលហ៊ុន។ មិនសំខាន់ថា ជនផ្តាច់ការខ្លាំងនិងមានអំណាចធំប៉ុនណាទេ តែជនផ្តាច់ការ មិនអាចយកឈ្នះអំណាចប្រជាពលរដ្ឋបានឡើយ។ សម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ យុត្តិធម៌នឹងត្រូវផ្តល់ឱ្យយើងក្នុងពេលឆាប់ៗនេះ។ របបផ្តាច់ការ មិនអាចនៅស្ថិតស្ថេរបានទេ មេដឹកនាំផ្តាច់ការទាំងអស់ តែងតែដួលរលំ និងបានទទួលលទ្ធផលដូចៗគ្នា ហើយនឹងត្រូវបានផ្តន្ទាទោសតាមច្បាប់“ ។

លោកសម រង្ស៊ី បន្តទៀតថា “កម្លាំងនិងអំណាចប្រជាពលរដ្ឋ ខ្លាំងជាងអ្វីៗទាំងអស់ នៅពេលដែលយើងធ្វើការួបរួមគ្នា យើងអាចទាមទារឱ្យមានការគោរពសិទ្ធិនិងសេរីភាពរបស់យើង ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសយើងទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ពេលដែលយើងរួមគ្នារឹងមាំ យើងអាចការពារប្រទេសរបស់យើងបាន យើងអាចដោះស្រាយបញ្ហាទឹកដីរបស់យើងបាន (CLV-DTA) យើងអាចដោះស្រាយបញ្ហាបំណុល ហើយយើងនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាឫសគល់ដ៏កខ្វក់ក្នុងសង្គមជាតិយើងក្នុងពេលបច្ចុប្បន្ន។ យើងនឹងស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនខ្មែរយើងទាំងអស់គ្នា“ ។

ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល ដែលជាកូនធម៌លោកសម រង្ស៊ី ដែលសព្វថ្ងៃកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២ ថា នៅពេលណាដែលពលរដ្ឋរស់នៅក្នុងរបបផ្ដាច់ការ ដែលស្រេកឃ្លានយុត្តិធម៌ សេរីភាព និងការរស់នៅដោយសមភាព ចង់បានការផ្លាស់ប្ដូរ នឹងមានការងើបឡើងបះបោរ ដើម្បីប្ដូរមេដឹកនាំផ្ដាច់ការដូចបង់ក្លាដែស ជាមិនខាន ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា ប្រសាសន៍របស់លោកសម រង្ស៊ី ដែលប្រដូចជនផ្ដាច់ការបង់ក្លាដែស មេដឹកនាំបង់ក្លាដែស ដែលបានដឹកនាំ ធ្វើឲ្យប្រជាពលរដ្ឋ និងយុវជនបង់ក្លាដែស មានការរើបម្រះ ហើយផ្លាស់ប្ដូរបាន រហូតដល់ធ្លាក់ពីតំណែងនេះ គឺប្រដូចមកនឹងរបបទីក្រុងភ្នំពេញ ដែលដឹកនាំដោយក្រុមគ្រួសារលោកហ៊ុន សែន ហើយយើងហៅថា ជាការឡើងកាន់តំណែងបន្តពូជរបស់គាត់ ហើយការដឹកនាំបង្រ្កាបសំឡេងអ្នកប្រជាធិបតេយ្យ ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋស្លូតត្រង់ ម្ចាស់ទឹកម្ចាស់ដី ធ្វើការគំរាមកំហែងដល់អង្គការសង្គមស៊ីវិល វិទ្យុឯករាជ្យមួយចំនួន ការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ របស់អ្នកនយោបាយ គឺវាមិនខុសគ្នាអំពីការរើបម្រះរបស់បង់ក្លាដែស ទេ ។ ដូច្នេះវាសនារបស់ជនផ្ដាច់ការទាំងនេះ ដូចបានឃើញស្រាប់ហើយ លើលោកនេះ ជនផ្ដាច់ការ អត់រីកចម្រើនទេ ប្រទេសដែលកាន់របបផ្ដាច់ការ គឺពុំមានការរីកចម្រើនទេ រីកចម្រើនតែលើបបូរមាត់ ប៉ុន្តែនៃសេចក្ដីពិត គឺវាអត់មាន ។ អ៊ីចឹងហើយនៅពេលណាមួយ ដែលពលរដ្ឋរស់នៅក្នុងរបបផ្ដាច់ការ ដែលស្រេកឃ្លាននឹងយុត្តិធម៌ ស្រេកឃ្លាននឹងសេរីភាព ស្រេកឃ្លាននូវការរស់នៅដោយសមភាព ក៏ដូចជាថ្លៃថ្នូរក្នុងជីវិតជាមនុស្សដូចគ្នានោះ នឹងមានការផ្លាស់ប្ដូរ នឹងមានការងើបឡើងបះបោរ ដើម្បីប្ដូរមេដឹកនាំផ្ដាច់ការដូចបង់ក្លាដែស ហើយ ។ អាហ្នឹងចង់មិនចង់ គឺយើងមិនអាចគេចរួចទេ ហើយយើងក៏មិនអាចឃើញថា តើវាកើត ឬក៏មិនកើតដែរ ប៉ុន្តែវាត្រូវតែមានហើយ ព្រោះរឿងចលនាមួយនេះ រូបភាពមួយនេះ គឺត្រូវតែមានហើយ ពីព្រោះមនុស្សម្នាក់ៗ បើយើងកុំនិយាយអំពីអំណាច ដែលយើងកុំនិយាយអំពីធនធាន ប្រាក់ មាស លុយកាក់អី គឺយើងនិយាយអំពីសិទ្ធិ គឺសិទ្ធិស្មើគ្នាសម្រាប់មនុស្សម្នាក់ៗក្នុងការបញ្ចេញមតិ ក្នុងការចូលរួមដើម្បីសង្គមជាតិ ។ អ៊ីចឹងអ្នកនយោបាយដែលមានអំណាច ក៏គេស្រលាញ់ប្រទេសជាតិរបស់គេ អ៊ីចឹងយើងជាពលរដ្ឋ ក៏មានសិទ្ធិស្រលាញ់ជាតិ ស្រលាញ់មាតុភូមិ ស្រលាញ់ទឹកដីរបស់គេដែរ ។ ដូច្នេះការសម្រចចិត្តរបស់ពួកគាត់​ ច្បាស់ជាមិននៅស្ងៀមទេ គាត់បានឃើញនូវប្រទេសជាច្រើន មិនមែនតែបង់ក្លាដែស មួយទេ ដែលបានផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការ ព្រោះគេមិនអាចរស់ក្រោមការគាបសង្កត់បែបនេះបានទេ“ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍បន្តថា  “រឿងទី២ បណ្ដាញយុវជនកម្ពុជាសកល គឺយើងនៅតែតស៊ូជានិច្ចគ្រប់សកម្មភាព គ្រប់រូបភាព គ្រប់ការតស៊ូទាំងអស់របស់ប្រជាពលរដ្ឋខ្មែរ យុវជនខ្មែរដែលនៅក្រៅប្រទេស ដែលផ្ដល់កម្លាំងចិត្តដល់អ្នកក្នុងប្រទេស ពិសេសគឺដល់យុវជនដែលកំពុងធ្វើកិច្ចការជាមួយគ្នា យ៉ាងសស្រាក់សស្រាំ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាយុវជនដែលតាមក្រុម បណ្ដាញសមាគមផ្សេងៗនៅខាងក្រៅប្រទេសហ្នឹង ដែលបានឃើញស្រាប់ហើយ កូរ៉េ ជប៉ុន សហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និងអូស្រ្តាលី ជាដើម ។ អ៊ីចឹងការខិតខំប្រឹងប្រែងរបស់យើងនេះ គឺយើងសង្ឃឹម សង្ឃឹមថា ថ្ងៃណាមួយ គឺយើងអាចប្ដូរមេដឹកនាំផ្ដាច់ការហ្នឹងបាន យើងអាចផ្លាស់ប្ដូរមេដឹកនាំកាន់តំណែងបន្តពូជហ្នឹងបាន ដោយយើងយើងជ្រើសយកយុវជន ឬក៏ថ្នាក់ដឹកនាំណាដែលស្អាតស្អំ ហើយបើកសិទ្ធិសេរីភាព និងបើកលំហឲ្យប្រទេសកម្ពុជា គោរពនូវលទ្ធិប្រជាធិបតេយ្យ គោរពនូវសិទ្ធិមនុស្ស និងផ្ដល់ឱកាសឲ្យម្ចាស់ឆ្នោត ម្ចាស់សំឡេងឆ្នោត ជាពិសេស ពលរដ្ឋហ្នឹង គឺមានសិទ្ធិស្មើគ្នាក្នុងការបញ្ចេញមតិ ទាក់ទងនឹងរឿងបញ្ហាជាតិ»។ លោកសុភ័ណ្ឌ ឡារី បន្តទៀតថា «យើងនៅតែរក្សាគោលជំហរដដែល គឺយើងធ្វើបាតុកម្មគ្រប់ទីកន្លែង អំពីរឿងឧក្រិដ្ឋកម្ម អំពីរឿងកខ្វក់ អំពីរឿងដែលជនផ្ដាច់ការ លោកហ៊ុន សែន បានខិតខំបិទបាំង និងធ្វើបាបដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីឲ្យអន្តរជាតិបានឃើញ ដើម្បីជាកម្លាំងឲ្យពលរដ្ឋខ្មែរ នៅក្នុងស្រុក មានកម្លាំងចិត្តក្នុងការតស៊ូបន្តទៀត ពីព្រោះយើងដឹងហើយថា នៅក្នុងស្រុកខ្មែរ គ្មានអ្នកណាអាចនិយាយ អាចធ្វើអ្វីបានទេ ព្រោះដោយសារតែការគំរាមកំហែង ហើយថ្មីៗនេះ ដូចដឹងស្រាប់ហើយ ក្រៅពីការគំរាមកំហែងរបស់លោកហ៊ុន សែន គឺគាត់អត់ចង់បានអីទេ គាត់ចង់បានឲ្យតែអ្នកដែលធ្វើត្រូវហ្នឹងមកទទួលទោសថា ខ្លួនជាអ្នកធ្វើខុស ហើយសុំទោសគាត់ ហើយគាត់ដោះលែងហើយ ។ អ៊ីចឹងបានន័យថា គាត់ធ្វើទង្វើបែបនេះ វាជាការជាន់ឈ្លីនូវឧត្ដមគតិរបស់បុគ្គលរៀងៗខ្លួន ។ ដល់ពេលអ៊ីចឹង ថ្ងៃណាមួយ ការដែលជាន់ឈ្លីច្រើនទៅៗ ប្រទេសដុនដាបទៅៗ សេដ្ឋកិច្ចរឹតតែធ្លាក់ ខ្ញុំគិតថា ពលរដ្ឋអត់អាចនៅស្ងៀមបានទេ គង់តែមានការផ្លាស់ប្ដូរដែរ តែយើងផ្លាស់ប្ដូរដោយអហិង្សា យើងមិនមែនទៅធ្វើសង្រ្គាម យើងមិនមែនទៅចង់សម្លាប់អ្នកណា យើងមិនមែនទៅចង់ផ្ដាច់ពូជអ្នកណាទេ ។ អាហ្នឹងក្នុងនាមយើងជាយុវជនបន្តវេន ក្នុងនាមយើងជាបណ្ដាញយុវជនកម្ពុជាសកល គឺយើងគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ គោរពគោលការណ៍សិទ្ធិមនុស្ស ដើម្បីជួយទៅដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសហគមន៍ទាំងអស់ គណបក្សទាំងអស់ និងបងប្អូនយុវជនខ្មែរទាំងអស់ ដែលបានខិតខំប្រែងតស៊ូមតិ ក្នុងការចូលរួមដើម្បីឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ ក្រោយពីការប្ដូរមេដឹកនាំផ្ដាច់ការហ៊ុន សែន បានដាក់មេដឹកនាំដែលមានឧត្ដមគតិ និងមានចិត្ត មានភាពស្មោះត្រង់ មានមនសិការជាតិជាធំ ដែលមិនមែនយករឿងបុគ្គល យកគ្រួសារដូចលោកហ៊ុន សែន គាត់ប្រើប្រាស់សព្វថ្ងៃនោះទេ ។ នេះជាក្ដីសង្ឃឹមនៃការតស៊ូរបស់យើង“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំងកម្ពុជា ដែលកំពុងរស់និរទេសនៅប្រទេសបារាំង ខាងលើនេះ បានធ្វើឡើងក្រោយពេលសាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិ នៃប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានចេញដីកាចាប់ខ្លួនលោកស្រី សេក ហាស៊ីណា (Sheikh Hasina) អតីតនាយករដ្ឋមន្ត្រី របស់ប្រទេសបង់ក្លាដែស ពីបទពាក់ព័ន្ធនឹងការសម្លាប់រង្គាល ទៅលើចលនានិស្សិត  និងយុវជនបង់ក្លាដែស អំឡុងការបះបោរនយោបាយដ៏ហិង្សា កាលពីដើមខែសីហា ឆ្នាំ២០២៤ ដែលកម្លាំងមហាជន បានរុញទម្លាក់មេដឹកនាំស្ត្រីរូបនេះ ចេញពីអំណាច។

សូមបញ្ជាក់ដែរថា ក្រៅពីការលើកឡើងបែបព្រមានថា ចលនាតវ៉ានៅក្រៅប្រទេស ពេលនេះកំពុងផ្ទុះឡើងខ្លាំង ដូច្នេះរបបនៅកម្ពុជា ដែលដឹកនាំដោយត្រកូលហ៊ុន នឹងដួលរលំដូចបង់ក្លាដែស ខាងលើនេះ លោកសម រង្ស៊ី ក៏បានប្រកាសបង្កើតចលនាតស៊ូ ដើម្បីផ្តួលរំលំរបបត្រកូលហ៊ុន ផងដែរ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ថា “ថ្ងៃ ២៣ តុលា ២០២៤ នេះ គឺជាខួបទី៣៣ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលបានចុះហត្ថលេខា ថ្ងៃ ២៣ តុលា ១៩៩១។ ជនជាតិខ្មែរគ្រប់គ្នា ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ ត្រូវយល់ថា របបហ៊ុន សែន ជាពិសេសត្រកូលហ៊ុន សែន មិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះទេ ពីព្រោះសន្ធិសញ្ញាអន្តរជាតិនេះ តម្រូវឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ត្រកូលហ៊ុន សែន ដឹងខ្លួនច្បាស់ថា បើមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌មែននោះ ពួកគេមិនអាចក្តោបក្តាប់អំណាចតទៅទៀតបានទេ ហើយនឹងធ្លាក់ពីតំណែងមួយរំពេច ក្រោយពីការបោះឆ្នោត ដែលតម្រូវដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ»។

លោកសម រង្ស៊ី សរសេរបន្តថា «ដូច្នេះយើងមិនត្រូវរង់ចាំការបោះឆ្នោត រៀបចំដោយរដ្ឋអំណាចសព្វថ្ងៃនេះទេ ពីព្រោះរាល់ការបោះឆ្នោត រៀបចំដោយរបបហ៊ុន សែន នេះ គឺជាការបោះឆ្នោតក្លែងបន្លំ ដើម្បីបំភ្លៃ និងរំលោភឆន្ទៈប្រជារាស្រ្តខ្មែរ ជារៀងរហូត។ យើងត្រូវតែរៀបចំឲ្យមានចលនាតស៊ូមួយ ដែលមិនត្រូវការឲ្យមានការបោះឆ្នោតលេងសើចទៀតទេ។ ចលនាតស៊ូនេះ ត្រូវបង្ខំឲ្យរបបហ៊ុន សែន រៀបចំការបោះឆ្នោតពិតប្រាកដ ត្រឹមត្រូវ ដោយមានការឃ្លាំមើល ពីសហគមន៍អន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ។ បើរបបហ៊ុន សែន នេះ មិនយល់ព្រមរៀបចំការបោះឆ្នោត ដូចកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ នោះទេ ជនជាតិខ្មែរ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ ត្រូវតែចូលរួមក្នុងចលនាតស៊ូ ដែលត្រូវបង្កើតនេះ ដើម្បីផ្តួលរំលំរបបផ្តាច់ការ ពុករលួយ និងក្បត់ជាតិ ដឹកនាំដោយត្រកូលហ៊ុន សែន ហើយដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា“។

ទោះបីជាយ៉ាងណា ឆ្លើយតបការលើកឡើងរបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា ការចង់ផ្ដួលរំលំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យ ជាង៨០% នេះ គឺវាគ្រាន់តែជាការគិត ការយល់សប្តិរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយម សម រង្ស៊ី តែប៉ុណ្ណោះ វាមិនអាចក្លាយទៅជាការពិតបានទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការចង់ផ្ដួលរំលំរាជរដ្ឋាភិបាល គណបក្សប្រជាជន ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យ ជាង៨០% នេះ វាហួសសម័យទៅហើយ ។ ដូច្នេះហើយការគិតរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនេះ វាគ្រាន់តែការយល់សប្ដិប៉ុណ្ណោះ មិនអាចក្លាយទៅជាការពិតទេ ហើយចំពោះការអនុវត្តកិច្ចព្រមព្រៀងនេះ គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ហើយដោយសារការអនុវត្តនេះហើយ បានយើងរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជន ហើយការកសាង អភិវឌ្ឍប្រទេសមានការរីកចម្រើន បើសិនណាជាគ្មានការអនុវត្តកិច្ចព្រមព្រៀងឲ្យរលូនទេ គឺថាយើងមិនអាចទទួលបានសមិទ្ធផលសង្គមជាតិ យ៉ាងដូច្នេះទេ ។ ហើយចំពោះគាត់ប្រើពាក្យអំពាវនាវឲ្យប្រជាពលរដ្ឋងើបឡើងធ្វើចលនាតស៊ូហ្នឹង យើងអាចនិយាយថា អ្នកនៅក្រៅស្រុក ដែលមិនយល់ពីសភាពការណ៍ពិតនៅកម្ពុជា គឺថាអាចដើរតាមការញុះញង់របស់មេឧទ្ទាមក្រៅច្បាប់នេះ ក៏ប៉ុន្តែសម្រាប់ប្រជាជននៅក្នុងប្រទេស ដែលមានជាង ១៧លាននាក់នេះ គឺថាមិនទៅតាមមេឧទ្ទាមក្រៅច្បាប់នោះទេ ។ ដូច្នេះដាច់ខាត មិនមានក្ដីសង្ឃឹមណាដូចការចង់បានរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នោះទេ ។ ឥឡូវចំពោះបទល្មើសហ្នឹង តុលាការកាត់ទោសឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ ជាប់គុក ជាង១៥០ឆ្នាំទៅហើយ ។ ដូច្នេះយើងមិនបាច់គិតអាហ្នឹងទៀតទេ ព្រោះឥឡូវទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ អាយុ៧៦ឆ្នាំហើយ ដូច្នេះមាននៅប៉ុន្មានទៀត?” ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ការដែលចោទថា ការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ វាជាការហួសសម័យហើយ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហ្នឹង មិនអាចប្រែក្លាយការស្រមើស្រមៃរបស់ខ្លួន ទៅជាការពិតជាក់ស្ដែងនោះទេ ។ ដូច្នេះហើយការបង្កើតរបស់ដែលហៅថា ចលនាណាមួយ មិនមែនទើបតែបង្កើតនៅពេលនេះទេ គឺបង្កើតច្រើនដងហើយ ជាពិសេសចាប់តាំងពីឆ្នាំ២០១៣ មក គឺថាកើតតាំងពីសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ តាំងពីរហូតដល់ចង់បង្កើតរដ្ឋាភិបាលស្រមោល ឯណាទៀត គឺថាឥឡូវវាអត់មានទៅកើតរួចទេ ស្អីក៏ដោយ រូបភាពណាក៏ដោយ ក្នុងការប្រឆាំងតាមរូបភាពណាក៏ដោយ តាមអង្គការចាត់តាំងណាក៏ដោយ ដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់ទាំងអស់ ។ ដូច្នេះមិនអាចទៅរួចទេ គ្មានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅក្នុងប្រទេស គឺថាគេអត់មានការយកចិត្តទុកដាក់ចំពោះឧបាយកលទុច្ចរិតរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នោះទេ។ ប៉ុន្តែបើមាននៅក្នុងប្រទេស គឺថា វាចាំបាច់ហើយ គឺថារាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺលោកថែរក្សាបានយ៉ាងគត់មត់នូវសន្តិភាព ស្ថិរភាពនយោបាយដែលរកបានដោយកម្រ ទៅតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហ្នឹងរួចហើយ ។ ដូច្នេះហើយ ប្រជាជន គ្មានអ្នកណាងាកទៅដើរតាមគន្លងប្រវត្តិសាស្រ្តដ៏ជូរចត់កន្លងទៅទេ ដែលកើតសង្រ្គាមតាំងពីឆ្នាំ១៩៧០ មក ។ ដូច្នេះហើយ ប្រជាជនបានឆ្លងកាត់នូវទុក្ខសោកនាដកម្មគ្រប់បែបយ៉ាងទាំងអស់ហើយ ចាប់តាំងពីឆ្នាំ១៩៧០ ។ ដូច្នេះហើយគឺថា មិនអាចប្រជាជនងាកទៅរកសង្រ្គាមបានទេ គឺថាគេទាំងអស់គ្នា អ្នកណាក៏ចង់បានសុខសន្តិភាពដែរ ។ ដូច្នេះហើយគឺថាការលើករបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិនេះ វាកាន់តែដើរផ្ទុយអំពីឆន្ទៈរបស់ប្រជាពលរដ្ឋ ។ ដូច្នេះមិនអាចចេញជាសាច់ការបានទេ“ ៕ កុលបុត្រ

RELATED ARTICLES