ភ្នំពេញ៖ស្រីស្អាតសុខគា គីមលាង បានឲ្យដឹងថាការទស្សនារឿង«1660 Vine » ដែលសម្ដែងដោយអ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី ជាបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ផលិតដោយក្រុមការងារហូលីវូដនោះធ្វើឲ្យនាងមានចិត្តចង់ថតភាពយន្ដលំដាប់អន្ដរជាតិដូចព្រះអង្គដែរ ហើយនាងនឹងព្យាយាមវិវត្តន៍ខ្លួនទាក់ទងការសម្ដែងភាពយន្ដឲ្យបានល្អ បើទោះជានាងមានអាជីពជានាដការីម្នាក់ក្ដី។ការវាចារបស់សុខគា គីមលាង បែបនេះបន្ទាប់ពីនាងទើបថតចប់ភាពយន្ដមួយឲ្យខាងLD កាលពីពេលថ្មីៗនេះ ហើយនោះគឺជាអាជីពដំបូងបំផុតរបស់នាងដែរ។
ស្រីស្រស់គីម លាង ឲ្យដឹងថា«ខ្ញុំចង់ចូលថតភាពយន្ដឲ្យហូលីវូដ ដូចអ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី ដែរបើមានឱកាស ដើម្បីបានបទពិសោធន៍ ព្រោះខ្ញុំមើលភាពយន្ដបរទេសដកស្រង់ពីចំណុចពិសេសៗក្នុងរឿងនីមួយៗ។ថ្មីៗនេះខ្ញុំទើបថតចប់ភាពយន្ដមួយឲ្យខាងLD ហើយត្រៀមចាក់បញ្ចាំងឆាប់ៗនេះហើយ បន្ទាប់ពីខ្ញុំអាកខានថតឲ្យផលិតកម្មនេះរឿង«នាងនាថ »ដែលកាលនោះដោយសារតែខ្ញុំទើបវិលមកពីប្រទេសញូហ្សែឡែន រៀបចំខ្លួនអត់ទាន់ »។
នាដការីសុខគា គីមលាង ថារូបនាងទទួលថតរឿងថ្មីៗក្នុងស្រុកបន្ថែមទៀតក្រោយថតចប់រឿងLD នោះហើយភាពយន្ដលើកទី១ក្នុងអាជីពមួយនេះនាងមានការរំពឹងខ្ពស់ដោយសារតែឈុតនាងសម្ដែងមានច្រើន និងក្រុម ការងារផលិតល្អ ខណៈដែលភាពយន្ដនេះនាងក៍ជឿ ទៅលើអបិយជំនឿមួយចំនួនផងដែរនៅទីតាំងថតព្រោះពេលនាងបួងសួងទៅហាក់ដូចជាមានអ្នកបង្ហាញផ្លូវឲ្យថតឆាប់ត្រូវ ឆាប់ចប់ជាដើម ។ប៉ុន្ដែក្ដីរំពឹងក្នុងការឈានជើងចូលហូលីវូដ បានដូចបំណងនាពេលខាងមុខមែន ឬយ៉ាងណានោះសុខគា គីមលាង នៅមិនទាន់បង្ហាញជំហថានាងត្រូវត្រៀមខ្លួនបែបណាឡើយ ខណៈដែលនាងថាក្នុងតួនាទីជានាដការីម្នាក់នាងមិនភ្លេចពីរបាំបុរា ណដែលជាជំនាញផ្ទាល់ខ្លួននោះទេ ហើយនៅថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះ នាងក៍មានការត្រៀមបង្ហាញនូវអ្វីដែលថ្មីនិងប្លែក ទាក់ទងទៅនិងរបាំបុរណផងដែរ ។
សុខគា គីមលាង បន្ថែមថា«ខ្ញុំចូលចិត្តធ្វើអ្វីដែលថ្មី និងប្លែកៗ ។ខ្ញុំសប្បាយចិត្តនៅពេលដែលយើងធ្វើអ្វីមួយមានគេធ្វើតាម គេគាំទ្រ ដែលទាំងអស់នេះហើយធ្វើឲ្យខ្ញុំនឹងកាន់តែមានចិត្តរកអ្វីដែលថ្មីៗតទៅទៀតមកបង្ហាញបងប្អូន ប៉ុន្ដែនៅតែទាក់ទងរបាំបុរាណដដែល អត់ទៅណាឆ្ងាយពីអ្វីដែលជាជំនាញខ្លួនឯងទេ »។
សុខគា គីមលាង ហាត់របាំបុរាណរយៈពេល១៥ឆ្នាំ ពោលគឺតាំងពីអាយុ៩ឆ្នាំ ម្លេះទើបពេលនេះក្លាយទៅជាគ្រូបង្រៀន របាំបុរាណ និងរបាំព្រះរាជទ្រព្យនៅសាលាមធ្យមវិចិត្រសិល្បៈ។ក្នុងអាយុ២៥ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៥០ គ.ក្រ គីមលាង ថានាងមិនទាន់មានម្ចាស់ចិត្តឡើយ ប៉ុន្ដែគេធ្លាប់ឃើញនាងនិងលោកឃីម ហ្សានីត បណ្ដើគ្នាយ៉ាងស្និតស្នាលទៅចូលរួមកម្មវិធី កម្រាលព្រំក្រហម និងពិធីប្រគល់ពានរង្វាន់នៃ2nd Cambodian Asian Film Festival ទើបនាំឲ្យអ្នកខ្លះសង្ស័យពួកគេទាក់ទងគ្នាលើសពីមិត្តរួមអាជីព ។តែភ្លាមៗនោះនាងបំភ្លឺថាទំនាក់ទំនងរវាងនាងនិងលោកហ្សានីត ប្រៀបបានជាប្អូនស្រី បងប្រុស ព្រោះនាងក៍បានស្គាល់ភរិយា និងកូនស្រីលោកដែរ ។នាងថាបានស្គាល់លោកហ្សានីត ទើបតែពេលចាប់ដៃគ្នាថតរឿងឲ្យLD នេះឯង ។
គេចាំមើលថានាដការីដែលមានសម្រស់គួរឲ្យទាក់ទាញសុខគា គីមលាង ហៅKon-Ant ឬកូនស្រមោច អាចឆក់ឱកាសថតភាពយន្ដហូលីវូដ តាមក្ដីសុបិន ដូចអ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី ដែរឬទេ ?