ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះ បាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤-២៩ តុលា ២០២៤) ដែលប្រារព្ធធ្វើឡើងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
សម្តេចហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នោះថា នៅថ្ងៃនោះ ត្រូវពាក់ឯកសណ្ឋានផ្លូវការ តែសម្តេច សុំពិធីការ ពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រី មិនពាក់ឯកសណ្ឋានប្រធានព្រឹទ្ធសភា ទេ ដោយ សារជាឯកសណ្ឋានចាស់ ធ្លាប់ពាក់យូរឆ្នាំហើយ។
សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកនោះថា «ចូលរួមខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រ ថ្ងៃទីពីរ នាព្រឹកថ្ងៃទី២៩តុលា ២០២៤។ ថ្ងៃនេះពាក់ឯកសណ្ឋានផ្លូវការ តែខ្ញុំសុំពិធីការ ពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រី មិនពាក់ឯកសណ្ឋានប្រធានព្រឹទ្ធសភា ទេ ដោយសារឯកសណ្ឋានចាស់ធ្លាប់ពាក់យូរឆ្នាំហើយ»។
សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រនេះ មានការយាងនិងអញ្ជើញចូលរួមពីថ្វាយព្រះពរ ពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ។
ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លានេះ សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសារថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ សម្តេចហ៊ុន សែន បានឡើងថ្លែងសារថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរ មនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា «ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ចថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើក ហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សា ប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់សម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់ៗរូប»។
«នគរធំ» សូមបួងសួងដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ជាពិសេសដួងព្រះវិញ្ញា ណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ ប្រកបដោយព្រះពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ខៀវទុំ