Tuesday, November 26, 2024
Homeព័ត៌មានជាតិបណ្ឌិតស៊ុំ ឈុំប៊ុន ថាសុខចិត្តដើរចូលគុក បើពិតដូចគេចោទជាមេឈ្មួញបំផ្លាញព្រៃឈើ

បណ្ឌិតស៊ុំ ឈុំប៊ុន ថាសុខចិត្តដើរចូលគុក បើពិតដូចគេចោទជាមេឈ្មួញបំផ្លាញព្រៃឈើ

ភ្នំពេញ ៖ បន្ទាប់ពីរងការចោទប្រកាន់ថាជាមេឈ្មួញបំផ្លាញព្រៃឈើ យកឈើស្ដុកទុកក្នុងវត្ត កាលពី៤ឆ្នាំមុននោះមក លោកបណ្ឌិត ស៊ុំ ឈុំប៊ុន អតីតអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់ពីបានវិលត្រលប់មកពីបំពេញបេសកកម្មនៅប្រទេសចិន លោកបានចេញមុខបំភ្លឺ ច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយលោកបណ្ឌិត បញ្ជាក់ថា ក្នុងនាមជាគ្រូបង្រៀនដែលមានបទពិសោធន៍បង្រៀន ៥០ឆ្នាំ ពេលនេះបានចូលនិវត្តន៍ទៅហើយ ប្រសិនបើគេរកឃើញថា លោកជាមេឈ្មួញឈើ ចូលរួមបំផ្លាញព្រៃឈើមែន លោកសុខចិត្តដើរចូលគុក ឲ្យស្លាប់ក្នុងគុកតែម្តង។

សូមបញ្ជាក់ថា លោកបណ្ឌិត ស៊ុំ ឈុំប៊ុន អតីតអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានកិត្តិយស បានរងការចោទប្រកាន់ថា ជាមេឈ្មួញឈើ បានយកឈើប្រណិត ជាង១០០ម៉ែត្រគូប ស្ដុកទុកក្នុងវត្តព្រះខ័ន នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពី៤ឆ្នាំមុន ហើយថ្មីៗនេះ ប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ និងជាសកម្មជនការពារព្រៃឈើ បានអះអាងថា ឈើទាំងនោះ ត្រូវបានបាត់អស់ពីក្នុងវត្ត ធ្វើឲ្យមានការសង្ស័យថា ឈើទាំងនោះ ត្រូវបានលោកបណ្ឌិត ស៊ុំ ឈុំប៊ុន យកទៅលក់អស់ហើយ មិនបានយកមកកសាងសមិទ្ធផលនៅក្នុងវត្តនោះទេ ។

លោកតាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ និងជាសកម្មជនការពារព្រៃឈើ បានបញ្ជាក់ថា កាលពី៤ឆ្នាំមុន គឺកាលពីខែមិថុនា ឆ្នាំ២០២០ លោកពិតជាទទួលបានព័ត៌មានការលាក់ឈើនៅក្នុងវត្តមួយ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយគេអះអាងថា មេឈ្មួញ មានឈ្មោះស៊ុំ ឈុំប៊ុន ។ ប៉ុន្តែមកពេលនេះ លោកឮថាឈើទាំងនោះ ត្រូវបានយកចេញពីក្នុងវត្ត អស់ហើយ ។ យ៉ាងណា សកម្មជនព្រៃឈើរូបនេះ និយាយថា ជាបឋមលោកមិនទាន់ហ៊ានសន្និដ្ឋានយ៉ាងណាទេ លើករណីនេះ រហូតដល់លោកចុះទៅស៊ើបអង្កេតឲ្យច្បាស់ជាមុនសិន ទើបលោកធ្វើការបូកសរុបរបាយការណ៍ស្រាវជ្រាវបាន ។

លោកតាន់ គឹមសួរ បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ថា “បាទ! អ៊ីចេះ! ខ្ញុំកំពុងតែនៅតាមផ្លូវឡើងទៅយកព័ត៌មានហ្នឹង ឲ្យកាន់តែច្បាស់ជាងហ្នឹងបន្ថែមទៀត ។ អានេះជាព័ត៌មានបឋមសិនទេ អ៊ីចឹងនៅពេលដែលខ្ញុំបានព័ត៌មានជាក់លាក់ហើយ ខ្ញុំនឹងជម្រាបជូនតាមហ្នឹងវិញទៀត ។ និយាយទៅ មកដល់ឥឡូវហ្នឹង គឺយើងសង្កេតឃើញថា ឈើនៅក្នុងហ្នឹង អស់រលីងហើយ ហើយពេលដែលថ្នាក់ខេត្ត គេផ្ដល់ឈើហ្នឹងទៅឲ្យវត្ត ដើម្បីឲ្យយកទៅប្រើប្រាស់ក្នុងការសាងសង់នេះ សាងសង់នោះ នៅក្នុងបរិវេណវត្តអីអ៊ីចឹង ហើយឥឡូវនេះ ឮព័ត៌មានមកថា ឈើហ្នឹងវាអស់ហើយ ។ អ៊ីចឹងខ្ញុំក៏កើតជាចម្ងល់ ឆ្ងល់ថា តើឈើហ្នឹង គេយកទៅណា? តើពិតប្រាកដជាយកទៅសាងសង់វិហារ យកទៅសាងសង់វត្ត ធ្វើអីៗនៅក្នុងវត្ត ពិតមែនឬអត់? អ៊ីចឹងបានខ្ញុំត្រូវការទៅសាកសួរឲ្យច្បាស់លាស់ជាងហ្នឹងបន្ថែមទៀត គឺស្អែកនេះ (២៦ តុលា) ខ្ញុំទៅជួបជាមួយភូមិ-ឃុំ ហើយជួបជាមួយនឹងព្រះចៅអធិការវត្ត តែម្ដង ។ សរុបទៅ ឈើហ្នឹងបានឃើញស្ដុកទុកក្នុងវត្ត តាំងពីឆ្នាំ២០២០ ប៉ុន្តែមកដល់ឥឡូវ រយៈពេល៤ឆ្នាំ មិនឃើញឈើហ្នឹងទៀតទេ ទើបខ្ញុំកើតជាចម្ងល់ ត្រូវការចុះស្រាវជ្រាវឲ្យបានដឹងច្បាស់ ។ ដូច្នេះខ្ញុំអត់សុំផ្ដល់ព័ត៌មានអីទាំងអស់តែម្ដង ខ្ញុំសុំឲ្យច្បាស់ជាងហ្នឹង ហើយចាំខ្ញុំសរុបជូនឲ្យហើយតែម្ដង“ ។

ទោះយ៉ាងណា ជុំវិញការចោទប្រកាន់ថា លោកជាមេឈ្មួញឈើ យកឈើទៅស្តុកទុកក្នុងវត្ត រួចដឹកយកទៅលក់អស់នេះ លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ថា លោកមិនមែនជាឈ្មួញរកស៊ីឈើទេ គ្រាន់តែកាលនោះ លោកជួយទិញឈើចាស់របស់ប្រជាជន សម្រាប់យកមកកសាងវត្តប៉ុណ្ណោះ ហើយក្រោយមក អាជ្ញាធរ សមត្ថកិច្ច បានចុះសាកសួរនិងស៊ើបអង្កេតពីករណីនេះដែរ តែរកមិនឃើញថា លោកបានជួញឈើ ទើបរឿងនេះស្ងាត់ទៅវិញទៅ ទើបតែមកដល់ពេលនេះ លោកតាន់ គឹមសួរ សកម្មជនព្រៃឈើ បានលើកមកសើរើឡើងវិញ ខណៈដែលលោកបានចូលនិវត្តន៍ និងលែងបានជួយវត្តព្រះខ័ន នៅឯឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នោះ អស់រយៈពេល ៦ឆ្នាំមកហើយ ។ ដូច្នេះលោកសូមឆ្លើយតបទៅលោកតាន់ គឹមសួរ វិញថា បើសិនជាគាត់មិនអស់ចិត្ត ឲ្យគាត់ជួបលោកផ្ទាល់ ហើយថតដាក់ទូរទស្សន៍ ថតដាក់វីដេអូទៅ ដើម្បីពិភាក្សា តទល់គ្នា ។

លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានមានប្រសាសន៍ថា “រឿងហ្នឹង តាំងពីមុនកូវីដ ទៀតឯណោះហ្នឹង ខ្ញុំចុះទៅស្រាវជ្រាវហ្នឹង ខ្ញុំជួសជុលទំនប់ សង់ទ្វារទឹក ជួយកសាងវត្តអីច្រើនណាស់ មិនមែនលុយខ្ញុំទេ លុយខ្ញុំកៀរគរពីបរទេសមក ក៏ដូចជាលុយសហការីខ្ញុំហ្នឹងជួយរហូត ប៉ុន្តែឥឡូវលោកគ្រូចាស់ហើយ យើងមានលទ្ធភាពឯណាទៅជួយទៀត យើងជួយបានបន្តិចៗហ្នឹង ។ ហើយអារឿងឈើហ្នឹង យើងឃើញថា នៅនឹងឃុំហ្នឹង នៅស្រុកហ្នឹង ព្រៃឈើកាន់តែរេចរឹលទៅ ឈ្មួញវាច្រើន ដល់តែពេលហ្នឹងទៅ ប្រជាជនទេដែលគាត់ចង់កសាងវត្តហ្នឹង គាត់ចេះតែដឹកមក ១គូប ២គូបអី សួរប្រជាជនទៅ លក់ឲ្យវត្តហ្នឹង វា៨០ម៉ឺន ៩០ម៉ឺនអីហ្នឹង ឈើសុក្រំ ឈើផ្ចឹកអីហ្នឹង ហើយអាឈើល្អៗ ដូចជាឈើបេង អីសឹងគ្មានផង មានតែធ្នង់មួយចំនួន ហើយយើងក៏ទិញសសរពីប្រជាជនមក ដើម្បីចង់ថា ធ្វើវិហារឈើមួយ ដើម្បីរក្សាថា នៅហ្នឹង មិនមែនខ្ញុំម្នាក់ឯងទេ ទាំងអស់គ្នា ហើយយើងមានសាក្សី មានប្រជាជនផ្ដិតមេដៃគាំទ្រទាំងអស់ ហើយរឿងហ្នឹងវាចាប់ផ្ដើមចេញពីប្អូនតាន់ គឹមសួរ ហ្នឹង គាត់ទៅហ្នឹង ហើយអាជ្ញាធរគេទៅហ្នឹង បេន អីទៅហ្នឹង ហើយឃើញឈើហ្នឹង គេវាស់ទៅបាន ១០០គូបជាង ។ ១០០គូបជាងហ្នឹង អត់មានឈើល្អជាប្រណីតអីពេកទេ សុទ្ធតែឈើដែលប្រជាជនដឹកយកមកលក់ឲ្យវត្តហ្នឹង ហើយក្រោយមក គេរករឿង កាលហ្នឹងវាខ្លាំងណាស់ ចាប់ឈើខ្លាំងមែនទែន មុនកូវីដ ១ឆ្នាំហ្នឹង ហើយដល់ពេលគេស៊ើប គេរករឿងទៅ តាំងពីក្រសួងយុត្តិធម៌ តាំងពីបរិស្ថាន តាំងពីចៅហ្វាយខេត្តចាស់ ចៅហ្វាយខេត្តថ្មី តាំងពីអ្នកដែលមកឃើញហ្នឹង គេស៊ើបរកទៅ គេអត់មានឃើញអ្នកណាទិញ អ្នកណាដូរទេ ឃ្លាំងហ្នឹង គឺនៅក្នុងវត្ត ជារបស់វត្ត ហើយគ្រាន់តែពេលហ្នឹង ខ្ញុំមានសន្ដានចិត្តថា ចុះមកស្រាវជ្រាវហ្នឹង ជួយធ្វើទំនប់ ជួយសង់ទ្វារទឹក ហើយក៏ជួយវត្តហ្នឹង ចេះតែប្រមូលទៅ កឋិនបន្តិចម្ដងៗ ក៏ទិញទៅ ហើយរហូតដល់យើងវាខ្វះខាតលុយ ហើយឈើក៏វាអត់មាន ។ អ៊ីចឹងដូចសសរអីនៅហ្នឹង ហើយសួរប្រជាជនទៅ នៅហ្នឹង តែសសរវាអត់ល្អ យើងចង់ធ្វើសសរឈើ តែវាអត់ឈើ ម៉្លោះហើយធ្វើថ្មទៅ ។ សសរនៅហ្នឹង អត់មានយកទៅណាទេ ឈើផ្ចឹកហ្នឹង ផ្ចឹកឧត្ដមហ្នឹង ហើយទិញមក ប្រជាជនក៏មាន ដូចសសរហាងគេធំៗអី ដូចហាងនៅស្ទោងអី បើយើងមានសសរគ្រប់ មានលុយគ្រប់ យើងធ្វើវិហារឈើហ្នឹង ហើយអាឈើដែលចាប់ហ្នឹង គឺឲ្យអ្នកជំនាញមើលទៅ សួរអ្នកជំនាញ កុំតាមលោកអស់ហ្នឹង“ ។

លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានមានប្រសាសន៍បន្តថា “លោកអស់ហ្នឹង លោកតាន់ គឹមសួរ លោកហ៊ានតតាំងជាមួយខ្ញុំនៅក្នុងវេទិកាទេ? សុំហៅលោកមកតតាំង ខ្ញុំហើយណា ខ្ញុំមិនដែលប្រព្រឹត្តអំពើទៅជួញឈើ ទៅលក់ឈើអីទេ ។ ងាប់ហើយ! ឯកឧត្ដមសាយ សំអាល់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន គេមិនស្រណុកសុខស្រួលទេ បើខ្ញុំមានអំពើមិនស្របច្បាប់ ខុសឆ្គងអីហ្នឹង គេមិនប្រណីទេ ប៉ុន្តែក្រោយមក គេឃើញ គេឃើញថា វត្តហ្នឹង គឺឈើហ្នឹង គឺប្រជាជនគេលក់ឲ្យពិតប្រាកដមែន ហើយគេវាស់ឃើញហើយ មានរបាយការណ៍នៅហ្នឹងទាំងអស់ សើរើឡើងវិញទៅ ហើយរឿងហ្នឹងស្ងាត់បាត់ហើយតើ! ខ្ញុំមិនស្មានថា រឿងហ្នឹងវាកើតឡើងវិញ រួចឈើហ្នឹង លោកក៏យកទៅឆ្លាក់ យកទៅធ្វើអី សាងសង់ជាបណ្ដើរ ទៅតាមលទ្ធភាពនៃយើងមាន ស្រុកព្រៃអ៊ីចឹង មានលុយឯណានឹងធ្វើ តែប៉ុណ្ណឹងទេ ហើយឲ្យគាត់រកភ័ស្តុតាងទៅ ថាតើលោកហ្នឹង ឬក៏អ្នកភ្នំពេញ មានខ្ញុំជាដើមហ្នឹង មានយកឈើហ្នឹងទៅលក់ទេ? មានភ័ស្តុតាងឯណាទេ? អត់ដែលទេ គឺទិញហ្នឹង ដាក់វត្ត ដោយសុទ្ធចិត្ត អត់មានយកចំណេញអីទេ ហើយក៏មិនមែនលុយយើងខ្ញុំដែរ លុយសន្សំម្នាក់បន្តិចៗ ដែលមកធ្វើការស្រាវជ្រាវហ្នឹង គេជួយចេញលុយទិញតើ! ខ្ញុំមិនចេញឈ្មោះ ឥស្សរជនមួយចំនួនក៏គាត់ជួយដែរ ។ មើលដូចនៅទំនប់ប្រដាកហ្នឹង ឃើញផ្ទះសំណាក់មួយ ខ្ញុំសង់ទេ? សង់អស់ប្រហែល ២ម៉ឺនដុល្លារ ក្រោយមក ឃើញវាទ្រុឌទ្រោមបន្តិច តែមានរូបជាភ័ស្តុតាង ។ អ៊ីចឹងឯកឧត្ដមអ៊ុន ចាន់ដា ដែលគាត់ធ្លាប់ធ្វើចៅហ្វាយខេត្ត នៅហ្នឹង ឥឡូវគាត់ទៅធ្វើចៅហ្វាយខេត្តនៅកំពង់ចាម គាត់លួចមកជួសជុល ។ ជួសជុលហើយស្អាត ដើម្បីជាប្រយោជន៍ដល់សាធារណជនដែលមកហ្នឹង គេជ្រកតើ! ប្រជាជនអីហ្នឹង រួចខ្ញុំៗធ្វើគ្រូ មួយអាយ៉ូសមកហើយ ខ្ញុំមានដែលទៅជួញឈើអី មកមើលផ្ទះខ្ញុំទៅ ខ្ញុំមិនមានឈើឯណាទុកដាក់អីឲ្យច្រើនដូចគេទេ អត់មានទេ ។ បើទិញតុមួយ តុពីរអី ទិញពីផ្សារ មកដាក់ទេ អត់មានដែលទៅប៉ះពាល់នៅវត្តហ្នឹងទេ ហើយរឿងហ្នឹង វាចប់យូរហើយ ។ ខ្ញុំសួរទៅលោកសង្រ្គាជហ្នឹង លោកថា មកពីលោកតាន់ គឹមសួរ ខឹងរឿងប្រជាជនផ្ដិតមេដៃដេញលោកបេន ដល់សួរទៅ មិនមែនដេញទេ លក់បេន ហ្នឹង គេឲ្យបញ្ឈប់ការប្រើហិង្សា វ៉ៃប្រជាជនរហូតដល់គ្រោះថ្នាក់អីនោះ ។ ហ្នឹងហើយ ដឹងហើយ ព័ត៌មានឥឡូវជួនណាវាពិត ជួនណាវាមិនពិត យើងត្រូវយកព័ត៌មានទាំងសងខាងផង រួចខ្ញុំៗអត់មានខ្លាច អត់ព្រឺអីទេ ទៅសួរចៅហ្វាយខេត្ត បីបួនហ្នឹងទៅ តាំងពីអ៊ុន ចាន់ដា រហូតមកដល់ប្រាក់ សុវណ្ណ ឥឡូវសួរទៅកូនបង គន់ គីម គឺ គីម រិទ្ធី ឲ្យចុះមកស៊ើបទៅ តើវត្តហ្នឹង លក់មែនអត់? ហើយឈើ កុំថតឃើញតែប៉ុណ្ណឹង តាំងពី៦-៧ឆ្នាំំមុននោះ“ ។

លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានមានប្រសាសន៍បន្តទៀតថា “អាឈើហ្នឹង ឈើផ្ចឹក សុក្រំតើ! មានទៅឈើប្រណីតៗដូចគេពេញៗឯណា ហើយលោកយកទៅប្រើប្រាស់មែន នៅក្នុងវត្ត ពិតមែនតែយើងមិនបានសង់វិហារពីឈើមែន ប៉ុន្តែក្រាលឈើ ព្រះពុទ្ធរូបឈើ សង់ផ្ទះសំណាក់ សង់សាលាឆាន់ សង់អី ហើយឈើហ្នឹង អត់មានទៅកាប់ទេ សុទ្ធតែឈើចាស់។ មិនមែនថ្នាក់ដឹកនាំយើងការពារទេ ជំនាន់ហ្នឹង អត់មានអ្នកណាការពារទេ ជំនាន់ចាប់ឈើ លោកគ្រឹង លោកអី សុទ្ធតែរដ្ឋាភិបាល គំរាមខ្លាំងណាស់ កុំមកសម្អុយរដ្ឋាភិបាល គេមើលឃើញពិតប្រាកដថា ឈើហ្នឹងគឺប្រជាជន គាត់លក់ ម្នាក់ពីរបីគូបៗ សួរប្រជាជនទៅ បើគាត់មិនដឹកយកមកដាក់វត្តហ្នឹងទេ គ្មានអ្នកណាទៅទិញ ទៅកាប់ព្រៃឈើទេ អាឈើសល់ពីផ្ទះគាត់ មួយកំណាត់ មួយដុំៗហ្នឹង ។ ខ្ញុំចាំហើយ មួយគូប កាលហ្នឹងដូចជា ៨០ម៉ឺនអីហ្នឹង ហើយរៃពីអ្នកភ្នំពេញ រៃធ្វើបុណ្យផ្កា ធ្វើអីទាំងអស់គ្នាហ្នឹង រួចខ្ញុំជាថ្នាក់ដឹកនាំកាលហ្នឹង ខ្ញុំឥឡូវចូលនិវត្តន៍៧-៨ឆ្នាំហើយ ខ្ញុំមានកម្លាំងឯណាត្រូវតតាំង ។ បើថាពិតជាច្បាស់អ៊ីចឹងមែន ខ្ញុំដើរចូលគុកនោះ ។ ខ្ញុំបង្រៀននៅសាកលវិទ្យាល័យភ្នំពេញ ៤០ឆ្នាំហើយណា ខ្ញុំធ្វើគ្រូ ៥០ឆ្នាំហើយណា ខ្ញុំមកបង្កើតរាជបណ្ឌិត្យសភា ២៥ឆ្នាំហើយ ខ្ញុំចូលនិវត្តន៍ ហើយរឿងអីជួយហើយ ទៅជាបានទោសទៀត? សួរប្រជាជននៅហ្នឹងទៅ ខ្ញុំដែលទៅជួញឈើ ជួញដីនៅហ្នឹងអត់? បើយើងជួញ គេដឹងហើយ ហ្នឹងហើយ បើធ្វើល្អ មិនបានល្អហីចុះ បុណ្យបាបមាន ទៅមានអាខម្មិនអ្នកដែលមិនដឹងរឿងហ្នឹង ខម្មិនតែផ្ដេសផ្ដាសហ្នឹង មើលខម្មិនគេដឹងរឿងមើល? ខ្ញុំអរគុណហើយ មានតែប៉ុណ្ណឹងទេ បើសិនណាជាលោកតាន់ គឹមសួរ គាត់មិនអស់ចិត្តទេ ឲ្យគាត់ជួបខ្ញុំផ្ទាល់ទៅ ហើយថតដាក់ទូរទស្សន៍ទៅ ថតដាក់វីដេអូទៅ ដើម្បីពិភាក្សាគ្នា ។ ហ្នឹងហើយយើងមានភ័ស្តុតាងអី បើអ៊ីចឹងដូចសម័យអាពត ហើយ ឲ្យតែអ្នកណាថាបន្តិច ចាប់គេយកទៅសម្លាប់ចោល ចាប់គេយកទៅដាក់គុកហើយ ។ រដ្ឋាភិបាល ដឹងស្រាប់ហើយ ធ្វើក្ដៅពេក វាខ្លោច ធ្វើត្រជាក់ពេក វារលួយ ប្រើការមិនកើត ហូបមិនកើត ។ អ៊ីចឹងយើងយកផ្លូវកណ្ដាលទៅណា ខ្ញុំហត់ណាស់ ខ្ញុំទើបចុះពីបេសកកម្មនៅស្រុកចិន ខ្ញុំចុះព្រឹកមិញ (២៧ តុលា) ម៉ោង ៨ហើយ ជិត៩ហើយ បានមកដល់ផ្ទះ ហើយខ្ញុំគ្រាន់តែជាលោកគ្រូចាស់ម្នាក់ ដែលចូលនិវត្តន៍យូរហើយ គ្រាន់តែបានធ្វើគ្រូហ្នឹង ហើយបានធ្វើថ្នាក់ដឹកនាំបន្តិចបន្តួច ខ្ញុំមានទៅចង់ចេញឈ្មោះល្បីល្បាញអី តែខ្ញុំអត់ខ្លាចទេ នូវអំពើអយុត្តិធម៌ ខ្ញុំត្រូវតែការពារ ខ្ញុំត្រូវតែបង្ហាញនូវភាពស្អាតស្អំ អំពើយុត្តិធម៌ ខ្ញុំអត់មានចោទទេ ហើយខ្ញុំអរគុណហើយ នូវអ្នកដែលការពារបរិស្ថានទាំងប៉ុន្មានហ្នឹង ធ្វើច្រើន ខុសច្រើនហើយ“ ។

លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងខ្ញុំធ្វើទៅ គេជួយមក បានឈើបេង ធ្នង់ខ្លះហ្នឹង ស្រាប់តែយកទៅក្រាលព្រះវិហារហ្នឹង មួយកំភ្លុះ ក្រាលបានប៉ុណ្ណឹង ។ វិហារហ្នឹង កា្រលឈើប្រណីតតើ តែវាមិនបានដូចចិត្ត យើងឃើញមួយគរ ក្រាលទៅ តែបន្តិច យើងស្មានតែទាំងអស់ វាអ៊ីចឹង ។ ខ្ញុំមិនដែលដឹងឈើអីយ៉ាងម៉េចទេ តែសសរហ្នឹង ខ្ញុំចង់ឲ្យដាក់សសរឈើមួយៗ តែជាងថា ធ្វើអត់កើតទេលោកគ្រូអើយ សសរហ្នឹង លោកគ្រូទិញប្រជាជនមកហ្នឹង ឥឡូវសសរហ្នឹងប្រើប្រាស់អត់កើតទេ អ៊ីចឹងគេទុកចោលនៅហ្នឹង ខ្ញុំមានទៅដឹងអីខ្ញុំ យើងធ្វើអំពើល្អសោះហ្នឹង យើងមាសសុទ្ធ មិនខ្លាចអីភ្លើង ខ្ញុំធ្វើគ្រូ ខ្ញុំមានដែលរករឿងជាមួយអ្នកណា ហើយខ្ញុំក៏អត់សូវដឹងអ៊ីចឹងៗដែរ តែគ្រាន់តែជឿតាមប្រជាជននៅហ្នឹង គ្រាន់តែខ្ញុំជាមនុស្សចាស់ទុំជាងគេម្នាក់ ដើម្បីផ្ដួចផ្ដើមធ្វើបុណ្យកឋិន បុណ្យផ្កា ១ឆ្នាំ ពីរបីដង យកលុយ ទៅឲ្យវត្តហ្នឹង ។ វត្តហ្នឹងអត្តខាត់ណាស់ តាំងពីរោងបុណ្យវត្ត រោងអី សាលាឆាន់អីហ្នឹងកំពុកកំប្រួកហ្នឹង ឃើញទេ? ខ្ញុំទៅធ្វើឲ្យស្អាតទាំងអស់ហ្នឹង ហើយឈើ កាល១០ឆ្នាំមុន វានៅសម្បូរខ្លះៗហ្នឹង គាត់កាប់ទុកធ្វើផ្ទះ ធ្វើអី ដល់គាត់ឃើញអ៊ីចឹង គាត់លក់ឲ្យវត្តខ្លះៗ ដើម្បីជួយធ្វើបានប៉ុណ្ណឹង គ្រាន់តែប្រជាជនធ្វើបុណ្យហ្នឹង ហើយទៅលួចសួរមើល ខ្ញុំឯណាឈ្មួញឈើ? ខ្ញុំឯណាដែលទៅធ្វើឈ្មួញដីអីនៅម្ដុំហ្នឹង? ខ្ញុំមក ខ្ញុំដឹងតែពីជួយសុទ្ធហ្នឹង ។ អើ! បើមានអ្នកខ្លះមិនសូវពេញចិត្ត គ្រាន់តែខ្ញុំជួយអ្នកក្រ គាត់អ្នកមាន គាត់ធូរធារដែរ ខ្ញុំមិនបានជួយគាត់ ឧទាហរណ៍អ៊ីចឹងទៅ តែខ្ញុំជឿថា អត់ទេ ភាគច្រើនទាំងមាន ទាំងក្រអី គឺក្រុមការងារយើងទៅ យើងធ្វើអំពើល្អ យើងអត់ដែលធ្វើអាក្រក់ទេ ។ អ៊ីចឹងហើយបានគេជួយខ្ញុំហ្នឹង មានរឿងប៉ុណ្ណឹង សម័យហ្នឹងនោះ គុកបាត់ហើយ ម៉េចក៏ខ្ញុំអត់ចូលគុក? ហើយឥឡូវម៉េចក៏តាន់ គឹមសួរ មករករឿងហ្នឹងឡើងវិញ? ខ្ញុំឆ្ងល់ណាស់នេះ ពេលដែលខ្ញុំចាស់ជិតងាប់ហ្នឹង បើខ្ញុំខុសមែន រកឃើញភស្តុតាង ខ្ញុំដើរចូលគុក ឲ្យងាប់ក្នុងគុកចុះ! បើខ្ញុំធ្វើគ្រូមក តាំងពីសម័យលន់ នល់ មកដល់សម័យ៧៩ ខ្ញុំនាយកសាលា មកដល់៨១ ខ្ញុំចូលទៅរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលហ្នឹងសាលាគរុវិជ្ជាជាន់ខ្ពស់ ៨៤ ចេញទៅធ្វើគ្រូនៅហ្នឹង តាំងពី៨៤មក គិតមើល? មិនគ្រូមហាវិទ្យាល័យ ៤០ឆ្នាំហើយ? ខ្ញុំមានដែលទៅអួតទៅអាងអី គ្រូគ្រាន់តែគ្រូហ្នឹង រួចមកធ្វើបាបខ្ញុំម៉េចកើត? ខ្ញុំមានអីខុស?“ ។

លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានប្រសាសន៍បន្ថែមថា “ការទិញឈើរបស់ប្រជាជនហ្នឹង ដូចទិញសង់សាលាឆាន់ ទិញធ្វើវិហារអី អាឈើក្រោយហ្នឹង គឺប្រជាជន នៅសល់ឈើចាស់ ទាល់តែឈើចាស់ បានខ្ញុំទិញ ហើយក្រោយមក ទិញមិនឈ្នះ ខ្ញុំថាឈប់ទិញហើយ ព្រោះយើងចាប់ផ្ដើមធ្វើពីស៊ីម៉ងត៍វិញម្ដងទៅ កុំឲ្យថាយើងហ្នឹងជាប់ឈ្មោះបំផ្លាញព្រៃឈើដែរ ។ ខ្ញុំតែងតែឲ្យលុយណា តាឌុល តាំងពីមេឃុំចាស់ក៏ដោយ បើចាប់បាន អ្នកណាជួញឈើអីខុសច្បាប់អី ខ្ញុំលើកទឹកចិត្ត ខ្ញុំឲ្យលុយថែម ជាពិសេសលួចឈើវត្ត ខ្ញុំចាប់ ខ្ញុំឲ្យលុយថែម ព្រោះកាលហ្នឹង ខ្ញុំធ្វើការ ខ្ញុំមានសិស្សគណច្រើន ។ ម៉្លោះហើយខ្ញុំមានសិស្សគណច្រើន តែខ្ញុំហាទៅ ធ្វើបុណ្យផ្កាទៅ យើងកាលហ្នឹងនៅសម្បូរលុយ មិនមែនដូចឥឡូវទេ ៥០ដុល្លារ ១០០ដុល្លារម្នាក់ទៅ វាបាន ១ម៉ឺនម្ដង ២ម៉ឺនអីអ៊ីចឹងទៅ បរទេសក៏គេចូលខ្ញុំដែរ ។ ដល់គេចូលអ៊ីចឹងទៅ ខ្ញុំក៏ចេះតែមានលុយផ្គត់ផ្គង់ ខ្ញុំអាណិតប្រជាជននៅហ្នឹង ខ្ញុំអាណិតគាត់ រហូតធ្វើទំនប់បុរាណ ទៅទិញអាអ៊ិច អាប៊ុល ខ្ញុំសុំគម្រោងស្រាវជ្រាវ ខ្ញុំអត់យកលុយស្រាវជ្រាវទេ ខ្ញុំយកលុយហ្នឹងទៅទិញ ខ្ញុំប្រាប់កូនចៅខ្ញុំ កុំយកអី បើត្រូវបាន ១ពាន់ យកតែ ១រយ ២រយ ចាយបានហើយ ទុកទិញឡាន ទិញអាអិចអីកាយ ចាក់ទំនប់ហ្នឹង អស់រាប់ម៉ឺនឡាន បើមិនជឿ ទៅមើលទំនប់ប្រដាកធំហ្នឹង? ខាងនោះបាក់បែកខ្ទេច ខាងនេះ ខ្ញុំចាក់អស់ប្រហែល ១ម៉ឺនឡានជាង ទម្រាំបានស្អាតប៉ុណ្ណឹង រួចធ្វើទំនប់ទឹកឲ្យទៀត“ ។

លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានមានប្រសាសន៍បន្ថែមទៀតថា “ឥឡូវឮថា ចៅហ្វាយស្រុកថ្មីហ្នឹង គាត់ទៅជួសជុលឲ្យហើយ អាទ្វារទឹកហ្នឹង ព្រោះរបស់តែប្រើយូរទៅ មានខូចហើយ ដូចខ្ញុំឥឡូវចាស់ហើយ ខ្ញុំអត់កម្លាំងនឹងតតាំងទេ បើអយុត្តិធម៌ពេក ខ្ញុំឲ្យគេយកទៅចូលគុកចុះ បើខ្ញុំពិតបា្រកដ ហើយខ្ញុំស្រលាញ់កិត្តិយសខ្ញុំដែរណា មិនមែនងាយទេ ធ្វើគ្រូមក៥០ឆ្នាំហើយ ពី៧៩មក ខ្ញុំធ្វើនាយកសាលាទៀត ៨៤ ខ្ញុំចូលជាគ្រូនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលហ្នឹងសាលាគរុវិជ្ជាជាន់ខ្ពស់ទេ ហើយ៩៩ ខ្ញុំទៅបង្កើតរាជបណ្ឌិត្យសភា ជាមួយស៊ន សំណាង លុយមិនខ្វះទេ ខ្ញុំទៅបរទេសៗគេឲ្យហើយ រឿងអីខ្ញុំទៅជួញឈើ ជួញអីហ្នឹង ខ្ញុំមិនដឹងផង ។ ដូចខ្ញុំលើកឧទាហរណ៍ ទៅមើលអាក្រាលវិហារហ្នឹងទៅ បានខ្ញុំនឹកឃើញរឿងស្វិតចៅ ខ្ញុំជឿជាង ។ ស្វិតចៅហ្នឹង រឿងអី? រឿងដែលចៅហ្នឹង ឲ្យជីដូនអាំងសាច់ ដល់អាំងទៅឃើញសាច់ខ្លួនឯងតិច ហើយឃើញបាយដាក់ត្រឡោកតិចទៀត ក៏វ៉ៃជីដូនស្លាប់ទៅ ដល់ខ្លួនឯងស៊ីអត់អស់ ឃើញអាំងសាច់ហ្នឹង អាំងទៅវាស្វិត បាននឹកស្ដាយ នឹកស្រណោះជីដូនដែលខ្លួនឯងវ៉ៃទាល់ស្លាប់ហ្នឹង ហើយជីដូនហ្នឹង ក៏កើតទៅស្វិតចៅៗ ហើយខ្ញុំដល់អ៊ីចឹង ខ្ញុំអត់បន្ទោសជាងទេ ខ្ញុំយូរៗមកមើលម្ដង ជាងគេថា លោកគ្រូអ្ហើយ ឈើលោកគ្រូឃើញមួយកំភ្លុះ តែក្រាលវិហារបានបនិ្តចហ្នឹង រួចហើយលោកនៅហ្នឹងធម្មតាទេ វាមានអ្នកស្រលាញ់ មានអ្នកមិនស្រលាញ់ ម្ល៉ោះហើយតែងតែមានលើសលស់ហើយ មនុស្សយើងមិនមែនជាព្រះទេ ព្រះផងនៅមានគេជេរ ។ អ៊ីចឹងអាបញ្ជាក់ត្រង់ហ្នឹង គឺខ្ញុំមាន បើមិនជឿ សួរតាឌុល ទៅ ហើយខ្ញុំមិនមែនប៉ុណ្ណឹងទេ ខ្ញុំជួយធ្វើបុណ្យកឋិន រាល់ឆ្នាំ ហើយបុណ្យផ្កា រាល់ឆ្នាំទៅហ្នឹង រហូតដល់ខ្ញុំចូលនិវត្តន៍ បានយើងលែងមានលទ្ធភាពជួយ ព្រោះយើងចូលនិវត្តន៍ហើយ យើងអត់ប្រើកូនចៅយើងទៀត យើងទៅបុករុកគេម៉េច? ហើយវត្តហ្នឹង ជួយច្រើនហើយ ខ្ញុំខានជួយ ៥-៦ឆ្នាំហើយ តែគេនៅតែទទួលស្គាល់ថា ខ្ញុំជួយ ។ ខ្ញុំអត់ចង់ចាញ់ឈ្នះអ្នកណាទេ សុំតែសុខទេ“ ។

សូមបញ្ជាក់ថា ជុំវិញការចោទប្រកាន់លោកបណ្ឌិត ស៊ុំ ឈុំប៊ុន ពាក់ព័ន្ធនឹងឈើស្តុកនៅវត្តព្រះខាន់ ខាងលើនេះ តំណាងគណៈកម្មការវត្ត តំណាងអាចារ្យ ព្រះគ្រូចៅអធិការវត្ត តំណាងអាជ្ញាធរឃុំរណសិរ្ស រួមមានមេភូមិស្វាយ មេភូមិតាសែងកណ្ដាល និងមេភូមិតាសែងជើង សរុបជិត ៤០អង្គ/នាក់ ធ្លាប់បានចេញសេចក្តីបំភ្លឺដល់សារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយ ក្នុងចន្លោះពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៩ ថា លោកគ្រូ ស៊ុំ ឈុំប៊ុន បានចុះមកស្រាវជ្រាវនៅតំបន់ប្រាសាព្រះខ័ន កំពង់ស្វាយនេះ តាំងពីឆ្នាំ២០០៥ កន្លងមក ហើយគាត់ក៏ចាប់ផ្តើមជួយប្រជាជននៅតំបននេះ ជាសមិទ្ធផលជាច្រើន ដូចជា ចាក់ដីជួសជុលទំនប់ប្រដាក សរុបចំនួន ២៥០០០ឡាន និងរួមចំណែកកសាងទ្វារទឹកចំនួន៣កន្លែង ដែលផ្តល់ជូនប្រជាជនតំបន់នេះអាចធ្វើគមនាគមន៏ បរឡានដឹកកសិផល លើកទំនប់ និងទ្វារទឹកបាន ហើយក៏ជាប្រយោជន៍ដល់ការបង្កបង្កើនផលរបស់ប្រជាជនផងដែរ។ លោកបណ្ឌិត បានកសាងស្ដូបព្រះបាទជយវរ្ម័នទី៧ ចំនួន១កន្លែង និងសាលាសំណាក់សម្រាប់មហាជន ប្រជាជន និងអ្នកទេសចរ បានស្នាក់អាស្រ័យកម្សាន្តរហូតមកដល់សព្វថ្ងៃ។  និងបានកសាងអណ្តូងទឹក ជាច្រើនសិបកន្លែង ជូនប្រជាពលរដ្ឋ និងវត្តអារាម ព្រមទាំងបានកៀងគរនិងដឹកនាំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបុណ្យកឋិនទាន បុណ្យផ្កាប្រាក់សាមគ្គី ជារៀងរាល់ឆ្នាំ ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុងវត្ត មានដូចជា សាលាឆាន កុដិ សាលាឆទាន… និងបានចែកអំណោយ មានដូចជា អង្ករ សារុង គ្រឿងឧបភោគ-បរិភោគ សៀវភៅ ប៊ិក ជាច្រើនលើកច្រើនសា ចែកអំណោយដល់តាជី យាយជី គណៈកម្មការ អាចារ្យវត្ត រៀងរាល់បុណ្យទាន និងការជួបជុំគ្នាម្តងៗ។ ជាពិសេស លោកបណ្ឌិត បានដឹកនាំកសាងព្រះវិហារ ដែលសំណង់បានលើសពី ៥០% ហើយ ហើយនៅតែប្រក់ បំពាក់ក្បាច់ ក្រាលឈើ ពាសជញ្ជាំង ទ្វារ ដោយឈើ កំពុងកសាងជាបណ្តើរៗ ដែលអាចហើយរួចរាល់នៅឆ្នាំ២០២៥ ខាងមុខនេះ និងសមិទ្ធផលជាច្រើនទៀត ដែលលោកគ្រូ ស៊ុំ ឈុំប៊ុន តែងតែខ្នះខ្នែងជួយឧបត្ថម្ភ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ តាំងពីឆ្នាំ២០០៧ រៀងមក រហូតដល់បច្ចុប្បន្ន ដែលជាសមិទ្ធផលដ៏ច្រើន ។

សេចក្ដីបំភ្លឺដដែល បន្តថា លោកគ្រូ ស៊ុំ ឈុំប៊ុន មិនដែលមានលូកដៃរឿងទិញឈើធ្វើព្រះវិហារ រឿងឈើដែលទិញសម្រាប់កសាងព្រះវិហារ និងសមិទ្ធផលក្នុងវត្តប្រាសាទព្រះខ័ននេះ គឺជាមតិឯកភាពពីអាចារ្យ គណៈកម្មការវត្ត ដែលជាអ្នកចាត់ចែងទិញ និងគ្រឿសំណង់ផ្សេងៗ ។ លោកគ្រូ ស៊ុំ ឈុំប៊ុន មិនដែលមានបានប្រព្រឹត្តអំពើជួញដូរឈើ ឬទិញដីរានព្រៃ បំផ្លាញព្រៃឈើ នៅតំបន់នេះឡើយ ហើយក៏មិនមានភ័ស្តុតាងណាដែលបង្ហាញថា លោកគ្រូប្រព្រឹត្តអំពើជួញដូរលក់ឈើអ្វីសោះឡើយ មានតែលោកគ្រូ ស៊ុំ ឈុំប៊ុន តែងណែនាំឲ្យអាជ្ញាធរឃុំ គណៈកម្មការវត្ត ចាប់ឲ្យបាននូវជនខិលខូចដែលលួចឈើ ឬគរុភណ្ឌក្នុងវត្តនេះ និងតែងប្រកាសថា បើបងប្អូនណាចាប់អ្នកលួចឈើបាន នឹងផ្តល់នូវរង្វាន់ គិតតាមតម្លៃឈើ ដល់អ្នកដែលតាមចាប់បានឈើនោះមកវិញ។ ពាក្យចចាមអារ៉ាមដែលមានប៉ះពាល់ទៅដល់កិត្តិយសលោកគ្រូ ស៊ុំ ឈុំប៊ុន ថាគាត់ជាឈ្មួញ ឈើតាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ហើយឈើដែលជាថវិកាបុណ្យ មិនបានកសាងវត្ត មួយកន្ទុយ គឺជាការប្រតិដ្ឋ មូលបង្កាច់លោកគ្រូ ស៊ុំ ឈុំប៊ុន និងវត្តប្រាសាទព្រះខ័ន ខុសពីការពិតទាំងស្រុង។ ជាឧទាហរណ៍ សមិទ្ធផលវត្តប្រាសាទព្រះខ័ន រីកលូតលាស់ពីមួយឆ្នាំ ទៅមួយឆ្នាំ ពុទ្ធបរិស័ទមានជំនឿ នាំកូនចៅមកបំបួសជាព្រះសង្ឃ ជាច្រើនអង្គ ប្រកបដោយការសិក្សារៀនសូត្រទាំងចំណេះដឹង ក្រមវិន័យបានយ៉ាងល្អប្រសើរ តាមគន្លងព្រះពុទ្ធសាសនា និងសង្គម។ សមិទ្ធធលនោះ ក៏មានកសាងអំពីឈើ មានដូចជា សាលាឆាន់ កុដិ រោងសាលាឆទាន និងគម្រោងទ្វារបង្អួច ក្រាលពាសព្រះវិហារ និងគម្រោងកសាងជាសាលប្រជុំ សារមន្ទីរបស់វត្តប្រាសាទព្រះខ័ន ផងដែរ។ សរុបសេចក្តីមក លោកគ្រូ ស៊ុំ ឈុំប៊ុន ជាអ្នកចូលរួមចំណែកកសាងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ យ៉ាងប្រសើរ គួរជាទីគោរពស្រឡាញ់ ពិសេសគឺជាការលះបង់របស់លោកគ្រូ ស៊ុំ ឈុំប៊ុន ជាង១០ឆ្នាំ កន្លងមកនេះ ជារៀងរាល់ឆ្នាំ ក្នុងការផ្ដួចផ្ដើមធ្វើបុណ្យផ្កា បុណ្យកឋិនទាន និងពិធីផ្សេងៗទៀត ជាគុណប្រយោជន៍ដល់សង្គមជាតិ ។

ជាមួយគ្នានេះដែរ ចៅអធិការ គណៈកម្មការអាចារ្យវត្តព្រះខ័ន ក៏បានបង្ហាញលិខិតគោរពជូនលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីឆ្នាំ២០១៩ ស្នើសុំបិណ្ឌបាតឈើដែលបានពុះច្រៀកជាសន្លឹក បន្ទះ នាវ និងក្ដារមេទ្វារ ដែលស្ដុកទុកក្នុងវត្តប្រាសាទព្រះខ័ន ចំនួនសរុប ១២៥ម៉ែត្រគូប និង៦ផ្លាន ដើម្បីយកមកកសាងសមិទ្ធផលក្នុងវត្តប្រាសាទព្រះខ័ន ជាបន្តទៅទៀតផងដែរ ដែលទាំងនេះជាការបញ្ជាក់ថា លោកបណ្ឌិត ស៊ុំ ឈុំប៊ុន ពិតជាមិនមានការពាក់ព័ន្ធនឹងការជួញឈើ ដូចការចោទប្រកាន់ មួលបង្កាច់នោះឡើយ៕  កុលបុត្រ

RELATED ARTICLES