Thursday, October 31, 2024
Homeព័ត៌មានជាតិលទ្ធផលបាក់ឌុប ជាប់៧៩ភាគរយ

លទ្ធផលបាក់ឌុប ជាប់៧៩ភាគរយ

ភ្នំពេញ ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ០៨ តុលា ២០២៤ បេក្ខជនប្រឡងជាប់ សរុប ១០៦ ៣៥១នាក់ ត្រូវជា ៧៩ភាគរយ នៃចំនួន បេក្ខជនមកប្រឡង ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ២២១៦នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា លេខ១៤ អយក.សប្រព ចុះថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ បានបញ្ជាក់ថា ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។

ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១នាក់ ត្រូវជា ៧៩.០០ភាគរយ នៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២២១៦នាក់, និទ្ទេស B ចំនួន ៩៧០១នាក់, និទ្ទេស C ចំនួន ២២ ៦៧៥នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦នាក់។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡង សរុប ១៣៧ ០៤០នាក់ (ស្រី ៧៤៨៨២នាក់) មណ្ឌលប្រឡងសរុប ២៣០មណ្ឌល ត្រូវជា ៥៥៣៣បន្ទប់។

ចំនួនបេក្ខជនអវត្តមាន សរុប ២៤០៦នាក់ (ស្រី ៩១៥នាក់) ត្រូវជា ១,៧៦ភាគរយនៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅនិងបំពេញវិជ្ជា) អវត្តមានសរុប ១៩៩០នាក់ ស្រី ៧៣៨នាក់ ត្រូវជា ៨២,៧១ ភាគរយ នៃបេក្ខជនអវត្តមានសរុប៕ ខៀវទុំ

RELATED ARTICLES