ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលមុននេះ បានអះអាងថា នឹងបង្កើតចលនាតស៊ូជាតិខ្មែរ ឆាប់ៗខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយរៀបចំយុទ្ធសាស្ត្រដូចនៅប្រទេសបង់ក្លាដែស ដែលបានបោះបោរទម្លាក់នាយករដ្ឋមន្ត្រី បានដោយជោគជ័យ កាលពីខែសីហា កន្លងទៅនោះ ពេលនេះអតីតមេបក្សប្រឆាំងដែលកំពុងរស់និរទេសនៅប្រទេសបារាំង រូបនេះ បានប្រកាសថា ចលនាជាតិខ្មែរតស៊ូនេះ នឹងឈានទៅបង្កើតរដ្ឋាភិបាលមួយ ពេញលក្ខណៈ មានមូលដ្ឋានស្ថិតនៅក្រៅប្រទេស ជាបណ្តោះអាសន្ន ដើម្បីតំណាងឲ្យឆន្ទៈពិតប្រាកដនៃប្រជារាស្ត្រខ្មែរ ដែលស្រលាញ់ជាតិ សេរីភាព និងយុត្តិធម៌ ។
លោកសម រង្ស៊ី បានបញ្ជាក់តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថា “បេសកកម្មជាប្រវត្តិសាស្ត្រ នៃចលនាជាតិខ្មែរតស៊ូ គឺដណ្តើមប្រទេសកម្ពុជា ពីត្រកូលក្បត់ជាតិ ហ៊ុន សែន យកមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹក ម្ចាស់ដីតែមួយគត់“ ។
លោកសម រង្ស៊ី បន្តថា “តាមរយៈការបោះឆ្នោតក្លែងក្លាយជាបន្តបន្ទាប់ ហ៊ុន សែន បានប្លន់អំណាចពីប្រជារាស្ត្រ ហើយយកប្រទេសកម្ពុជា ធ្វើជាកម្មសិទ្ធិឯកជនដាច់ថ្លៃរបស់ក្រុមគ្រួសារវា។ ត្រកូលក្បត់ជាតិ ហ៊ុន សែន និងរបបផ្តាច់ការនិងពុករលួយ ដែលពួកវាធ្វើជាអ្នកដឹកនាំសព្វថ្ងៃ គ្មានសិទ្ធិអ្វីធ្វើជាតំណាងប្រជារាស្ត្រខ្មែរទេ“។
លោកសម រង្ស៊ី បន្តទៀតថា “ចលនាជាតិខ្មែរតស៊ូ នឹងឈានទៅបង្កើតរដ្ឋាភិបាលមួយ ពេញលក្ខណៈ ស្ថិតនៅក្រៅប្រទេសជាបណ្តោះអាសន្ន ដើម្បីតំណាងឲ្យឆន្ទៈពិតប្រាកដនៃប្រជារាស្ត្រខ្មែរ ដែលស្រលាញ់ជាតិ សេរីភាព និងយុត្តិធម៌“ ។
គួរបញ្ជាក់ថា ការអះអាងរបស់លោកសម រង្ស៊ី ខាងលើនេះ បានធ្វើឡើង ក្រោយ១ថ្ងៃ ដែលលោកបានប្រកាសថា នឹងបង្កើតចលនាជាតិខ្មែរតស៊ូ ឆាប់ៗខាងមុខនេះ ដើម្បីដកត្រកូលសម្តេចហ៊ុន សែន ចេញពីតំណែងឲ្យបាន ដោយរៀបចំយុទ្ធសាស្ត្រដូចប្រជារាស្ត្របង់ក្លាដែស ដែលបានបោះបោរទម្លាក់នាយករដ្ឋមន្ត្រី បានជោគជ័យ កាលពីខែសីហា កន្លងទៅ។
ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថា ចលនាតស៊ូជាតិខ្មែរ របស់ទណ្ឌិត សម រង្ស៊ី និងក្រុមឧទ្ទាមក្រៅច្បាប់ គ្រាន់តែជាការស្រែកនៅក្រៅប្រទេសតែប៉ុណ្ណោះ មិនអាចមានឥទ្ធិពលអីមកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសបានទេ តែបើចង់ងើបឡើងនៅក្នុងប្រទេស ក៏មិនអាចឲ្យងើបបានទេ ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋ ងើបមួយ វ៉ៃមួយ ងើបពីរ វ៉ៃពីរ អត់មានឲ្យប្រមូលផ្ដុំជាភ្នក់ភ្លើង ឬមួយក៏ជាអគ្គិភ័យបានទេ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ថា ក្រុមទណ្ឌិត សម រង្ស៊ី នេះ ចេះតែប្រើពាក្យថា រាជរដ្ឋាភិបាល ជារបស់ត្រកូលហ៊ុន តែការពិតជាក់ស្ដែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត និងជាអ្នកដឹកនាំប្រទេស មិនមែនត្រកូលហ៊ុន នោះទេ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នេះ និយាយប្រៀបធៀបកម្ពុជា ទៅនឹងបង់ក្លាដែស នេះវាអត់ត្រូវគ្នាទាល់តែសោះ ។ ការផ្ដួលរំលំរដ្ឋាភិបាលបង់ក្លាដែស ហ្នឹងមិនមែនពីបរទេសទេ មិនមែនពួកសកម្មជនហ្នឹង មកពីបារាំង មកពីអាមេរិក មកឥណ្ឌា ឬមួយក៏មកពីជប៉ុន ពីកូរ៉េខាងត្បូងទេ គឺជានៅខាងក្នុងហ្នឹង វាផ្ទុះឡើងនៅខាងក្នុង ដោយសារគេក្ដៅក្រហាយនៅក្នុងការគ្រប់គ្រងដឹកនាំប្រទេសហ្នឹង វាមិនស្របទៅតាមសំណូមពរ ក៏ដូចជាឆន្ទៈរបស់ប្រជាជនបង់ក្លាដែស ហ្នឹងឯង ។ ក៏ប៉ុន្តែសួរថា អស់លោកមេឧទ្ទាមក្រៅច្បាប់ នៅប្រទេសបារាំង ហើយបីបួនប្រាំនាក់ នៅអាមេរិក បីបួនប្រាំនាក់ នៅអូស្រ្តាលី ហើយបួនដប់នាក់ នៅកូរ៉េខាងត្បូង ហើយបួនដប់នាក់ នៅជប៉ុន ហ្នឹង សួរថាគាត់ធ្វើអីកើតចំពោះរដ្ឋអំណាចដែលកំពុងដឹកនាំប្រទេសជាតិកម្ពុជា ក្រោមដំបូលសន្តិភាពនេះ? វាអត់មាន ។ សកម្មភាពពួកហ្នឹង ធ្វើតែនៅក្រៅតើ ហើយបង់ក្លាដែស វាផ្ទុះចេញពីក្នុងផ្ទៃក្នុងបង់ក្លាដែស សួរថា កម្ពុជា អាចផ្ទុះចេញពីក្នុងផ្ទៃក្នុងកម្ពុជា បានទេ? វាអត់ទេ បើអស់លោកនៅស្រែកតែកូរ៉េខាងត្បូង ស្រែកពីជប៉ុន មក ស្រែកពីអូស្រ្តាលី មក ស្រែកទាល់ងាប់ខ្លួនទៀត ក៏អត់បានការអីដែរ វាផ្ទុយគ្នាអំពីសភាពការណ៍បង់ក្លាដែស ហើយកុំយកបង់ក្លាដែស មកប្រៀបធៀបជាមួយកម្ពុជា ឬមួយកុំយកកម្ពុជា ទៅប្រៀបធៀបជាមួយបង់ក្លាដែស ។ ហើយបើទណ្ឌិតសម រង្ស៊ី នៅតែស្រែកស្រុកបារាំង ទេ សួរថាអ្នកណាមកផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំនៅប្រទេសកម្ពុជា? វាអត់មានទេ ។ បានន័យថា ជាការពិតហើយ អាហ្នឹងគាត់ស្រែកទៅ ស្រែកមួយជីវិតទៅ សម រង្ស៊ី ឥឡូវ៧៦ឆ្នាំហើយ ស្រែកបានប៉ុន្មានឆ្នាំទៀត? គ្មានឈឺក្បាលដល់រាជរដ្ឋាភិបាល កំពុងដឹកនាំប្រទេស កសាងអភិវឌ្ឍប្រទេស លើគ្រប់វិស័យនោះទេ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ប៉ុន្តែយ៉ាងណា បើចលនាតស៊ូជាតិខ្មែរ របស់គាត់ ដែលស្រែកថា នឹងបង្កើតឆាប់ៗនេះ មានរចនាសម្ព័ន្ធនៅក្នុងប្រទេស អូ! អាហ្នឹងអត់ងើបកើតទេអាហ្នឹង គឺថាគោលការណ៍របស់រាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋ ងើបមួយ វ៉ៃមួយ ងើបពីរ វ៉ៃពីរ អត់មានឲ្យប្រមូលផ្ដុំជាភ្នក់ភ្លើង ឬមួយក៏ជាអគ្គិភ័យបានទេ ។ ដូច្នេះបង្កើតអីបង្កើតទៅ យើងមិនអាចទប់ស្កាត់គេបានទេ ដូចយាយហួរ បង្កើតអីគេហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យអី យាយឯងស្រែកម៉េចស្រែកទៅ ហើយប៉ុន្មានថ្ងៃនេះ ទៅស្រែកដើម្បីទាមទារឲ្យអង្គការសហប្រជាជាតិ ព្យួរអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិនេះ ។ ខ្លួនឯងជាឧទ្ទាមនេះ ខ្លួនឯងមកស្រែកឲ្យព្យួរអាសនៈកម្ពុជា ដែលមានរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីឆន្ទៈប្រជាពលរដ្ឋ កំពុងដឹកនាំប្រទេសពេញលេញលក្ខណៈច្បាប់ត្រឹមត្រូវ ខ្លួនឯងជាឧទ្ទាម ខ្លួនឯងមកឲ្យស្រែកឲ្យដូរគេនៅអាសនៈអង្គការសហប្រជាជាតិ ។ អាហ្នឹងគាត់ស្រែកបាន យាយហួរ ឥឡូវហ្នឹង បើថាយាយឯងមិនព្រមទៅនៅវត្តទេ យាយឯងគឺថាងាប់ជាមួយនឹងទណ្ឌិតក្បត់ជាតិហ្នឹងឯង វាគ្មានអីទៅណារួចទេ ហើយទៅស្រែកទៅ ស្រែកនៅឡុងប៊ិច ស្រែកនៅឡូវ៉ែល ស្រែកនៅម៉ាសសាឈូសេត អីហ្នឹង ស្រែកមួយទំហឹងទៅ គ្មានអ្នកណាទប់ស្កាត់គាត់ ឬមួយក៏គ្មានអ្នកណារំខានគាត់ទេ ឲ្យគាត់ស្រែកទៅ សួរថាមានប្រសិទ្ធភាពទេ ស្រែកហ្នឹង? ឥឡូវធ្វើបាតុកម្មដើម្បីទាមទារឲ្យរាជរដ្ឋាភិបាល អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង សួរថាមានប្រសិទ្ធភាពអី? បើគ្រាន់តែធ្វើបាតុកម្មនៅកូរ៉េ ធ្វើបាតុកម្មនៅជប៉ុន ឥឡូវហ្នឹងគឺថា បាតុកម្មលើកទី២នេះ គឺវាចង់បាត់ហើយ វាអត់មានមនុស្សចូលរួមផងហ្នឹង ហើយបានអីផ្ដួលរំលំរាជរដ្ឋាភិបាលនៅកម្ពុជា បាន? វាអត់ទេ អ្នកឯងគ្រាន់តែដើរមកជិតព្រំដែនហ្នឹង ក៏អត់បានដែរ កុំថាតែអ្នកឯងមកផ្ដួលរំលំរាជរដ្ឋាភិបាល នៅក្នុងប្រទេស អាហ្នឹងវាអ៊ីចឹង…“ ។
ដោយឡែក ពាក់ព័ន្ធនឹងការប្រកាសបង្កើតរដ្ឋាភិបាលមួយ នៅក្រៅប្រទេស របស់លោកសម រង្ស៊ី ខាងលើនេះ លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលដែលលោកសម រង្ស៊ី ចង់បង្កើតនោះ លោកសុំហៅថា ជារដ្ឋាភិបាលឧទ្ទាម ហើយលោកជឿថា រដ្ឋាភិបាលនេះ នឹងមិនអាចបង្កើតឡើងបានទេ ឬបើបង្កើតឡើងបាន ក៏មិនអាចមកដណ្ដើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសបានដែរ ព្រោះរាជរដ្ឋាភិបាល បានត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់ចលនាឧទ្ទាម ដឹកនាំដោយទណ្ឌិតសម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់នេះ ។
លោកជុំ កុសល បានមានប្រសាសន៍ថា “បាទ! សម្រាប់ខ្ញុំៗយល់ឃើញថា វាគ្រាន់តែជាគំនិតស្រមើស្រមៃដដែលៗ អត់បានការ របស់លោកសម រង្ស៊ី តែប៉ុណ្ណោះឯង ។ អ្វីដែលគាត់មានគំនិត យើងសួរគាត់ទៅវិញថា តើដណ្ដើមដោយវិធីណា? ទី១ បើនិយាយអំពីការដណ្ដើមក្នុងក្របខ័ណ្ឌច្បាប់ គឺតាមរយៈការបោះឆ្នោត រៀងរាល់អាណត្តិហ្នឹងហើយ តែបើសិនជាដណ្ដើមណាមួយដែលវាខុសអំពីការបោះឆ្នោត អាហ្នឹងវាមានតែចង់ធ្វើអី? ធ្វើរដ្ឋប្រហារ? ធ្វើបដិវត្តន៍? ឬក៏ញុះញង់ឲ្យមានការងើបបោះបោរ? រឿងនេះ សម រង្ស៊ី បានធ្វើរួចមកហើយ អ៊ីចឹងគំនិតគាត់អត់មានអីក្រៅពីតែញុះញង់ បញ្ឆេះកំហឹង ដុតកំហឹងប្រជាពលរដ្ឋឲ្យងើបឡើងដើម្បីប្រឆាំងរាជរដ្ឋាភិបាល ដូចគាត់អំពាវនាវកន្លងមក ឲ្យប្រដាប់អាវុធគ្រប់ប្រភេទ បង្វែរចុងកាណុងអី អាហ្នឹងវាសុទ្ធតែជាអំពើខុសច្បាប់ ហើយគ្មានអ្នកណាគេទៅស្ដាប់ទេ ព្រោះប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធរបស់ជាតិ គ្រប់ប្រភេទ រាល់ថ្ងៃនេះ គឺដឹងច្បាស់ថា គំនិតដ៏អាក្រក់របស់ទណ្ឌិតរូបហ្នឹង វាយ៉ាងម៉េច? ហើយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ក៏ដូចជារាជរដ្ឋាភិបាលហ្នឹង យ៉ាងម៉េច លោកដឹងហើយតើ! អ៊ីចឹងបានថា នេះវាគ្រាន់តែជាគំនិតស្រមើស្រមៃដដែលៗតែប៉ុណ្ណឹង ។ និយាយឲ្យខ្លី វាជាគំនិតបំផ្លាញជាតិ គឺការញុះញង់ឲ្យមានអំពើហិង្សា ញុះញង់ឲ្យខឹងស្អប់ជាមួយអាជ្ញាធររាជរដ្ឋាភិបាលហ្នឹងហើយ អាហ្នឹងហើយជាការព្យាយាមបំផ្លាញជាតិ ដូចញុះញង់ឲ្យបរទេស គេផ្ដាច់ជំនួយ ឲ្យវិនិយោគិនបរទេសហ្នឹង កុំមកវិនិយោគនៅស្រុកខ្មែរអីហ្នឹង វាសុទ្ធតែជារឿងព្យាយាមបំផ្លាញតាមគ្រប់មធ្យោបាយ របស់ទណ្ឌិតសម រង្ស៊ី ហ្នឹងហើយ“ ។
លោកជុំ កុសល បានមានប្រសាសន៍បន្តថា “និយាយឲ្យចំ អារឿងបង្កើតរដ្ឋាភិបាលក្រៅប្រទេស បើទោះជាគាត់បង្កើតខ្លួនគាត់ គ្នាគាត់ប៉ុន្មាននាក់ហ្នឹង គ្រាន់តែថា តាំងខ្លួន ឬគ្រាន់តែថា ប្រើឈ្មោះហៅឲ្យឮ ឲ្យពីរោះ អាហ្នឹងខ្ញុំគិតថា វាមិនជាបញ្ហាអីទេ គេធ្វើអីក៏ធ្វើទៅ ក៏ប៉ុន្តែឲ្យលេចចេញជារូបរាងដែលគេទទួលស្គាល់ ឬក៏ធ្វើកិច្ចការងារអីវាពាក់ព័ន្ធទៅនឹងជាតិទាំងមូល វាមិនអាចទៅរួចទេ ពីព្រោះកម្ពុជា មានរាជរដ្ឋាភិបាលមួយ ដែលប្រសូតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដឹកនាំប្រទេស ធ្វើការជាមួយនឹងបណ្ដាប្រទេសជាមិត្ត ក្នុងពិភពលោក ហើយកម្រិតត្រឹមតែនិយាយដូចទណ្ឌិតសម រង្ស៊ី អាហ្នឹងខ្ញុំយល់ថា វាមិនពិបាកទេ តែវាគ្មានតម្លៃអីសូម្បីបន្តិច ។ ជារួម សម្រាប់ខ្ញុំៗហៅថា វាជារដ្ឋាភិបាលឧទ្ទាមមួយ ដែលបង្កើតឡើងគ្រាន់តែព្យាយាមដើម្បីរុកកួនរាជរដ្ឋាភិបាលស្របច្បាប់ ហើយនិងបង្កើតឡើងដើម្បីរកវិធីសាស្រ្តដើម្បីបំផ្លាញកម្ពុជា តែប៉ុណ្ណឹងទេ ។ សម្រាប់ខ្ញុំៗគាំទ្រឲ្យមានការអនុវត្តវិធានការច្បាប់តឹងរ៉ឹង ដើម្បីថែរក្សាសណ្ដាប់ធ្នាប់សង្គម ថែរក្សាស្ថិរភាពសង្គម ជាពិសេសគឺថែរក្សាសន្តិភាព ព្រោះយើងបានដឹងហើយថា សកម្មភាពក្រុមហ្នឹង តាំងពី២០១៣ មក ធ្វើអីខ្លះ? គឺយើងដឹងហើយ វាអត់មានអីក្រៅតែពីអំពើឧទ្ទាមតែប៉ុណ្ណឹងទេ“ ៕ កុលបុត្រ