ប្រទេសចិន ៖ ស្ថាបនិកទិកតុក (TikTok) បានក្លាយជាមហាសេដ្ឋីលំដាប់លេខ១ របស់ប្រទេសចិន បន្ទាប់ពីកម្មវិធី TikTok ទទួលបានប្រាក់ចំណេញយ៉ាងច្រើន ទោះបីជាមានសម្ពាធពីប្រទេសលោកខាងលិចក៏ដោយ។តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ថា លោកចាង អ៊ីមីង (Zhang Yiming) សហស្ថាបនិកក្រុមហ៊ុន “ByteDance” ដែលជាក្រុមហ៊ុនមេនៃ បណ្តាញសង្គម ទិកតុក (TikTok) ដែលជាអ្នកផ្តល់កម្មវិធីវីដេអូខ្លី ដ៏ពេញនិយម របស់ពិភពលោក បានក្លាយជាអ្នកមានបំផុតក្នុងប្រ ទេសចិន បន្ទាប់ពី Tik Tok ល្បីល្បាញ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកហក់ឡើងយ៉ាងឆាប់រហ័ស ដល់ទៅ៤៣% តែក្នុងពេល១ឆ្នាំ។
វិទ្យាស្ថានស្រាវជ្រាវ ហ៊ូរុន (Hurun) របស់ប្រទេសចិន បាននិយាយបង្ហាញពីសន្ទស្សន៍ ឆ្នាំ២០២៤ នៃអ្នកមានបំផុត នៅក្នុងប្រទេសចិន ថាទ្រព្យសម្បត្តិសរុបរបស់លោក ចាង អ៊ីមីង បច្ចុប្បន្នមានចំនួន ៤៩,៣ពាន់លានដុល្លារអាមេរិក កើនឡើង ៤៣% ពីឆ្នាំ២០២៣ ។
លោកចាង អ៊ីមីង បានលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន ByteDance ក្នុងឆ្នាំ២០២១ ប៉ុន្តែគាត់ត្រូវបានគេជឿថា នៅតែមានភាគហ៊ុន ២០% ក្នុងក្រុមហ៊ុន ។
ទិកតុក (Tiktok) បានក្លាយជាកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមបំផុតមួយ នៅក្នុងពិភពលោក ក្នុងរយៈពេលពីរបីឆ្នាំនេះ បើទោះបីប្រទេសលោកខាងលិច បង្ហាញការព្រួយបារម្ភអំពីទំនាក់ទំនងរបស់កម្មវិធីនេះ ជាមួយរដ្ឋាភិបាលចិន ក៏ដោយ។ ហើយទាំង ByteDancee និង Tik Tok បដិសេធការចោទប្រកាន់នេះ។
TikTok កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ដែលបានគំរាមហាមឃាត់កម្មវិធីនេះ នៅខែមករា ឆ្នាំ២០២៥ ខាងមុខ។ ByteDance បដិសេធលក់អាជីវកម្ម TikTok ទោះជាយ៉ាងណា ប្រាក់ចំណេញរបស់ ByteDance នៅតែកើនឡើង ៦០% នៅឆ្នាំ២០២៣ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោក ចាង អ៊ីមីង កើនឡើងផងដែរ។
លោក រូភឺត ហ៊ុចវឺហ្វ (Rupert Hujwerf) ប្រធានវិទ្យាស្ថានស្រាវជ្រាវ Hurun បាននិយាយថា លោកចាង អ៊ីមីង គឺជាអ្នកមានបំផុតទី១៨ នៅលើពិភពលោក ក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក ពួកគេមានមហាសេដ្ឋីលេខ១ ៤នាក់ប៉ុណ្ណោះ គឺ លោកប៊ីល ហ្គេតស៍ (Bill Gates), លោកវ៉ាររិន ប៊ុហ្វហ្វេត៍ (Warren Buffett), លោកចេហ្វហ្វ៍ ប៊ីហ្សូស (Jeff Bezos) និងលោកអ៊ីឡុន ម៉ាស់ (Elon Musk) នេះបង្ហាញពីសក្ដានុពលនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
ទោះបីជាយ៉ាងណា លោក ចាង អ៊ីមីង មិនមែនជាមនុស្សតែម្នាក់គត់ដែលមានបានពីវិស័យបច្ចេកវិទ្យា ដែលស្ថិតក្នុងបញ្ជីមហាសេដ្ឋី របស់វិទ្យាស្ថានស្រាវជ្រាវ Hurun នោះទេ ដោយម្នាក់ទៀត គឺលោក ម៉ាហួតេង (Ma Huateng) ហៅប៉ូនី ម៉ា (Pony Ma) ដែលជាប្រធានក្រុមហ៊ុន ថេនសេនថ៍ (Tencent) ជាមហាសេដ្ឋីលំដាប់លេខ៣ ដែលមានទ្រព្យសកម្មប្រមាណ ៤៤,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក៕