ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច បន្ថែមនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់៥៩ខែ។
យុទ្ធនាការនេះ បានដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) និងមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិ ភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលទាប ដូច្នេះយុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីការពារពីការចម្លងជំងឺកញ្ជ្រឹលនេះ។
នៅលើសកលលោក ចំនួនករណីជំងឺកញ្ជ្រឹល មានការកើនឡើងទ្វេរដងពី ១៧០ ០០០ករណី ក្នុងឆ្នាំ២០២២ ដល់ ៣២០ ០០០ករណី ក្នុងឆ្នាំ២០២៣។ ដែលនេះជាមូលហេតុចម្បង ដោយសារតែការរំខានដល់ការផ្តល់ថ្នាំបង្ការជាប្រចាំ ក្នុងអំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩។
ប្រទេសកម្ពុជា និងប្រទេសជិតខាងកំពុងប្រឈមនឹងភាពងាយរងគ្រោះនៃការឆ្លងរីករាលដាលជំងឺកញ្ជ្រឹល ស្អូចនេះ ជាពិសេសចំពោះប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនអន្តោប្រវេសន៍ ប្រជាជនចល័ត និងសហ គមន៍នៅតាមតំបន់ព្រំដែន។ យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច ទូទាំងប្រទេសនេះ គឺជាវិធានការសំខាន់មួយ ដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ការពារពីការរីករាលដាលនៃជំងឺនានា និងគាំទ្រដល់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល។
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ប្រឹងប្រែងសហការរួមគ្នាដើម្បីធានាបានថា អត្រាការគ្របដណ្តប់វ៉ាក់សាំងខ្ពស់ ដើម្បីការពារកុមារទាំងអស់ទូទាំងប្រទេសចៀសផុតពីជំងឺទាំងពីរនេះ។
លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា “អំឡុងពេលយុទ្ធនាការផ្តល់ថ្នាំបង្ការមុនៗ បុគ្គលិកសុខាភិបាល បានបំពេញការងារបានល្អ ហើយខ្ញុំជឿជាក់ថាក្នុងយុទ្ធនាការលើកនេះផងដែរ បុគ្គលិកសុខាភិបាល នឹងបន្តការខិត ខំប្រឹងប្រែងអស់ពីសមត្ថភាព ធ្វើយ៉ាងណាការផ្តល់ថ្នាំបង្ការដល់កុមារទាំងអស់ ជាពិសេសកុមារដែលរស់នៅតំបន់រងហានិភ័យខ្ពស់ និងកន្លែងដែលពិបាកទៅដល់ ដូចជាកុមាររស់នៅក្នុងគ្រួសារក្រីក្រនៅតាមទីក្រុង អ្នករស់នៅក្នុងសហគមន៍ដាច់ស្រយាលនៅតាមជនបទ កុមារតូចៗជនជាតិភាគតិច និងកុមារអន្តោប្រវេសន៍”។
តាមការប៉ាន់ប្រមាណអត្រាគ្របដណ្តប់ផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច នៅថ្នាក់ជាតិរបស់អង្គការសុខភាពពិ ភពលោក និងអង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (WUENIC) បានបង្ហាញថា នៅប្រទេសកម្ពុជា អត្រាគ្របដណ្តប់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច ដូសទីមួយ (MR1) មាន៧៩ភាគរយ និងអត្រាគ្របដណ្តប់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច ដូសទីពីរ មានតែ ៦៤ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២៣ ដែលទិន្នន័យនេះបង្ហាញថា អត្រាគ្របដណ្តបវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច គឺស្ថិតនៅកម្រិតក្រោមតម្រូវការសម្រាប់ការ បង្ការការផ្ទុះរាលដាលជំងឺកញ្ជ្រឹល ស្អូច និងការចៀសវាងការស្លាប់ដោយសារជំងឺកញ្ជ្រឹល ស្អូច នៅឡើយ។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា បានថ្លែងថា “ការផ្តល់ថ្នាំបង្ការ គឺជាការងារនាំមុខមួយក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីការពារកុមារដែលខ្វះខាតបំផុត។ តាមរយៈបទពិសោធន៍នេះ យើងបានដឹងថា ការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាពជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន គឺជាគន្លឹះមួយដ៏សំខាន់ក្នុងការធ្វើឱ្យប្រាកដថា ឪពុកម្តាយ និងអ្នកថែទាំនាំ កុមារបាននាំកុមារ ទៅទទួលថ្នាំបង្ការដែលនៅប៉ុស្តិ៍ផ្តល់ថ្នាំបង្ការនៅជិតបំផុត។ តាមរយៈការគាំទ្រយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូចបន្ថែមនេះ យើងសង្ឃឹមថា យើងនឹងចូលរួមចំណែកបន្ថែមទៀតដល់ការពង្រឹងប្រព័ន្ធសុខា ភិបាលនៅកម្ពុជា ដើម្បីលើកកម្ពស់និរន្តរភាពនៃសេវាផ្តល់ថ្នាំបង្ការ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដល់កុមារទាំងអស់”។
យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច បន្ថែមនេះ នឹងប្រើប្រាស់វ៉ាក់សាំង និងសឺរ៉ាំងដែលត្រូវបានទទួល ស្គាល់គុណភាព ដោយអង្គការសុខភាពពិភពលោក (WHO)។ វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច នេះ គឺមានសុវត្ថិភាព ប្រសិទ្ធភាព និងទទួលដោយឥតគិតថ្លៃ ដែលអាច ការពារកុមារទូទាំងពិភពលោកអស់រយៈពេលជាង៥០ឆ្នាំមកហើយ ព្រមទាំងអាចរកបាននៅគ្រប់មណ្ឌលសុខភាពទាំងអស់។
កុមារទាំងអស់ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ រួមទាំងកុមារដែលធ្លាប់កើតជំងឺកញ្ជ្រឹល ឬកុមារដែលបានទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច ពីមុនក៏ដោយ ត្រូវបានលើកទឹកចិត្តឱ្យទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច ចំនួនមួយដូសបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងសន្តិសុខ ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលជំងឺ និងការឆ្ពោះទៅអនាគតដែលគ្មានជំងឺ កញ្ជ្រឹល។
យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច នេះនឹងចែកចេញជាពីរដំណាក់កាល ដោយដំណាក់ កាលទីមួយនឹងគ្របដណ្តប់ខេត្ត ចំនួន១៣ (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ រាជធានីភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងខេត្តត្បូងឃ្មុំ) ចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ និងដំណាក់កាលទីពីរ នឹងគ្របដណ្តប់ខេត្តចំនួន១២ (ខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និងខេត្តកែប) ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤៕