ភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតទ្វារនិងបង្អួច មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមាន ការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដោយប្រើប្រាស់រយៈពេលប្រមាណ៨ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងសិប្បកម្មផលិតទ្វារ និងបង្អួចមួយកន្លែង ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញមានអណ្តាតភ្លើងលាយឡំជាមួយនឹងផ្សែងឆេះចេញពីក្នុងឃ្លាំង កើតហេតុខាងលើយ៉ាងសន្ធោសន្ធៅភ្លាមៗនោះដែរពលរដ្ឋរស់នៅក្បែរខាង និងសន្តិ សុខប្រចាំការក្នុងនោះ បាននាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ជាបន្ទាន់ភ្លាម។ បន្ទាប់មក មានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយក្រុមសង្គ្រោះ៧១១ បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ទឹក ជា ច្រើនរថយន្ត និងប្រើពេលវេលាអស់ជាច្រើនម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
តាមប្រភពព័ត៌មានពីកម្មករមួយចំនួន បានបញ្ជាក់ថា សិប្បកម្មផលិតទ្វារនិងបង្អួច ខាងលើ ផលិតពីឈើកៅស៊ូ ហើយនាំយកមកពីខេត្តកំពង់ចាម ហើយក្នុងករណីនេះ បានបង្កឱ្យឆេះខូចខាតឃ្លាំង ១ល្វែង រួមនិងសម្ភារនៅ ក្នុងឃ្លាំង ស្ទើរទាំងស្រុង។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអស់ជាច្រើនគ្រឿង និងប្រើពេលវេលាពន្លត់អស់ជាង ៨ម៉ោង តាំងពីម៉ោង ៨និង៣០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ម៉ោង ៤និង៣០ទៀបភ្លឺ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបរលត់ ដោយមិនបង្កឱ្យមានអ្នករបួសនោះទេ៕