Saturday, November 23, 2024
Homeព័ត៌មានជាតិសកម្មជនព្រៃឈើថា មេព្រៃកំពង់ធំ បំបង់បាយ ៧២នាក់ មិនស្មើតាន់ គឹមសួរ មួយ

សកម្មជនព្រៃឈើថា មេព្រៃកំពង់ធំ បំបង់បាយ ៧២នាក់ មិនស្មើតាន់ គឹមសួរ មួយ

ភ្នំពេញ ៖ បន្ទាប់ពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានធ្វើលិខិតជម្រាបជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន នូវរបាយការណ៍បំភ្លឺស្តីពីការចុះផ្សាយព័ត៌មានមួយចំនួនកន្លងមក ករណីបទល្មើសព្រៃឈើ ដឹកចេញពីច្រកអូរផ្អាវ និងច្រកព្រះអាទិត្យ ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ និងបានបញ្ជាក់ថា មូលហេតុដែលអ្នកសារព័ត៌មានចុះផ្សាយ វាយប្រហារមកលើមន្ទីរបរិស្ថាន ដោយសារមានគំនុំគុំកួនជាមួយមន្ទីរនោះ  សកម្មជនព្រៃឈើ និងជាប្រធានសមាគមយុវជនស្រលាញ់ធនធានធម្មជាតិ លោកតាន់ គឹមសួរ បានប្រតិកម្មឆ្លើយតបភ្លាមៗថា មន្ត្រីមេព្រៃទាំងនោះ សុទ្ធតែជាមន្ត្រីបំបង់បាយទាំងអស់ ដេកស៊ីប្រាក់ខែរដ្ឋ អត់ប្រយោជន៍ ហើយឆ្លៀតចាំស៊ីប្រាក់ប្រចាំថ្ងៃពីបទល្មើសព្រៃឈើទៀត បើមន្ត្រីមេព្រៃទាំងនោះ ចេះធ្វើការតាមតួនាទីនោះ ប្រហែលជារូបលោកជាសកម្មជនព្រៃឈើ មិនមានឱកាសបានធ្វើកិច្ចការងារទាំងអស់នេះទេ  ហើយលោកចាត់ទុកថា មន្ត្រីបរិស្ថានខេត្តកំពង់ធំ ទាំង៧២នាក់ មិនស្មើរូបលោក (តាន់ គឹមសួរ) ម្នាក់ផង ដោយលោកហ៊ាននិយាយ ហ៊ានទទួលខុសត្រូវ ។

លោកតាន់ គឹមសួរ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ខ្ញុំអានលិខិតស្រាយបំភ្លឺរបស់លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ទៅកាន់ឯកឧត្ដមរដ្ឋមន្ត្រី នៃក្រសួងបរិស្ថាន ហើយ ខ្ញុំកើតការអស់សំណើចនិងហួសចិត្តជាខ្លាំង ។ ខ្ញុំចង់ប្រាប់លោកថា ខ្ញុំមិនមែនជាអ្នកសារព័ត៌មានអីទេ ហើយខ្ញុំរឹតតែមិនដែលមានគំនុំគុំកួនអីជាមួយលោកទេ។ ខ្ញុំនិយាយត្រង់ ខ្ញុំមិនដែលស្គាល់លោកទាល់តែសោះ ទើបតែស្គាល់ នៅពេលបងប្អូនអ្នកកំពង់ធំ រាយការណ៍រឿងអាស្រូវរបស់លោកមកទេ ហើយអំឡុងពេលធ្វើរឿងបទល្មើសព្រៃឈើខាងលើ ក៏មិនទៅស្គាល់ប្អូនប្រុសសឿ សុជា ដែលលោកប្ដឹងចាប់គ្នាដាក់គុក ចោទប្រកាន់គ្នាពីបទនិយាយការពិតពេកដែរ។ យីស! ហ៊ានឆ្លើយបដិសេធថា មិនមែនជាឈើចេញពីតំបន់អស់លោកការពារទៀត តិចប្រយ័ត្នខ្ញុំអូសកទៅមើលជាក់ស្ដែង! អ៊ើស! និយាយអាក្រក់ស្ដាប់បន្តិចទៅ ចេះបំភ្លឺបំពានការពិតទៀត នេះហៅថាទោសកុហកមេហើយណា! សំខាន់ហ៊ានអួតអាងថា មានមន្ត្រីក្រោមឱវាទជាច្រើនកំពុងតែនៅចាំយាមទៀត។ ខ្ញុំហ៊ានឆ្លើយប្រាប់លោកវិញថា មន្ត្រីទាំងនោះ គឺសុទ្ធតែជាមន្ត្រីដែលបំបង់បាយទាំងអស់ ដេកស៊ីប្រាក់ខែរដ្ឋ អត់ប្រយោជន៍ ហើយឆ្លៀតចាំស៊ីប្រាក់ប្រចាំថ្ងៃរបស់បទល្មើសព្រៃឈើទៀត បើអស់លោកចេះធ្វើការតាមតួនាទីនោះ ប្រហែលជាខ្ញុំគ្មានឱកាសបានធ្វើកិច្ចការងារទាំងអស់នេះទេ អស់លោក ៧២នាក់ មិនស្មើខ្ញុំ តាន់ គឹមសួរ ម្នាក់ផង ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវចំពោះការនិយាយរបស់ខ្ញុំ“ ។

លោកតាន់ គឹមសួរ បានសរសេរបន្ថែមនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា «លោកតុប កក្កដា (មិនដឹងថានៅជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ទៀត ឬគេដកចេញហើយ) ចោទប្រកាន់មកលើអ្នកសារព័ត៌មាន ថាមានគំនុំគុំកួនជាមួយលោក ប្រហែលជាមកពីលោកល្អខ្លាំងពេក ពូកែប្ដឹងគេដាក់គុក រឿងលាតត្រដាងរឿងអាស្រូវរបស់លោកខ្លាំងពេក បានសម្បូរទៅដោយអ្នកចូលចិត្តស្រលាញ់ខ្លាំងបែបនេះ»។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកតាន់ គឹមសួរ សកម្មជនព្រៃឈើ ខាងលើនេះ បានធ្វើឡើង ក្រោយពេលលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ធ្វើលិខិតគោរពជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន រាយការណ៍បំភ្លឺស្តីពីការចុះផ្សាយព័ត៌មានមួយចំនួនកន្លងមកករណីបទល្មើសព្រៃឈើដឹកចេញពីច្រកអូរផ្អាវ និងច្រកព្រះអាទិត្យ ដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ។

លិខិតរបស់លោកតុប កក្កដា ចុះថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន ថា “កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០រសៀល កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត លោក ពៅ សំម្បូរណ៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក អ៊ិត ភូមរា អនុប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកងកម្លាំងរាជអាវុធហត្ថស្រុកបារាយណ៍ បានចុះបង្ក្រាបបទល្មើស ចំនួន៣កន្លែង រួមមាន ៖

១-នៅចំណុចភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ដកហូតឈើបានចំនួន ៦១ដុំ ប្រភេទឈើសុក្រំ មិនទាន់វាស់វែង និងឃាត់ខ្លួនបណ្តោះអាសន្នមនុស្សចំនួន ០១នាក់ ឈ្មោះ ជីណា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ យកមកសួរនាំនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។

២-នៅចំណុចភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ដកហូតឈើសុក្រំ ចំនួន៤៥ដុំ (មិនទាន់វាស់ និងរថយន្តម៉ាកសាំងយ៉ុង ចំនួន០១គ្រឿង ពណ៌ស ស្លាកលេខ ភ្នំពេញ 2R-7885 ។

៣-នៅចំណុចភូមិតាឌុក ឃុំបល្ល័ង ដកហូតឈើឃ្នាប ប្រភេទឈើស្លៀក ឈើទាលចំនួន៤៥សន្លឹក ប្រភេទឈើក្តារកកោះ ចំនួន៣២សន្លឹក ឈើតាប់កកោះ ចំនួន១២ដុំ និងឃាត់ខ្លួនមនុស្សចំនួន ០១នាក់ ឈ្មោះ ណប សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ យកមកសួរនាំនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម»។

លិខិតរបស់លោកតុប កក្កដា បន្តថា «បច្ចុប្បន្នជំនាញរដ្ឋបាលព្រៃឈើ កំពុងបន្តអនុវត្តន៍តាមនីតិវិធីច្បាប់។ បន្ទាប់ពីមានករណីបង្ក្រាបឈើ ដែលរក្សាទុកនៅតាមផ្ទះ និងដេប៉ូ នៅចំណុចដូចបានរៀបរាប់ខាងលើមក មានអ្នកសារព័ត៌មានមួយចំនួន នៅក្នុងខេត្តកំពង់ធំ បានចុះផ្សាយព័ត៌មានថា ឈើទាំងនេះ គឺដឹកចេញពីច្រកអូរផ្អាវ ច្រកព្រះអាទិត្យ ដែនជម្រកសត្វព្រៃ ព្រៃឡង់ ។ សូមគោរពជម្រាបជូនឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី មេត្តាជ្រាបថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្រ្តខេត្តកំពង់ធំ មានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីទីតាំងចំណុចបង្ក្រាបបទល្មើសនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ម្យ៉ាងទៀតប្រភេទឈើសុក្រំនេះ គឺកម្រមានដុះនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ នេះទេ។ មូលហេតុដែលអ្នកសារព័ត៌មាន ចុះវាយប្រហារមកលើមន្ទីរបរិស្ថាន ទាំងស្រុងនេះ ដោយសារមានគំនុំគុំកួនជាមួយមន្ទីរ ដោយកន្លងមក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តកំពង់ធំ បានដាក់ពាក្យបណ្ដឹងទៅឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ សូមប្ដឹងឈ្មោះលោក សឿ សុជា ភេទប្រុស ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះអាស៊ានដេលី សឿ សុជា ដែលមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៤៩៥ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តតាមបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះអាស៊ានាដេលី សឿ សុជា និងគណនីតេលេក្រោមឈ្មោះ សឿ សុជា» ។

លិខិតរបស់លោកតុប កក្កដា បន្តទៀតថា «បច្ចុប្បន្ទះឈ្មោះសឿ សុជា ត្រូវបានសាលាដំបូងខេត្ត សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន បានរយៈពេលជាង៤ខែមកហើយ និងបើកសវនាការពិភាក្សាដេញដោលជាសាធារណៈ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨ៈ៣០នាទីព្រឹក នៅសាលាដំបូងខេត្តកំពងធំ។

ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាកដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ធំ បានបង្កើតទីបញ្ជាការស្រាល ចំនួន១៤កន្លែង ដើម្បីធ្វើការទេបស្អាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ដោយឡែកចំពោះដែនជម្រកសត្វព្រៃព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តកំពងធំ បានដាក់ទីបញ្ជាការស្រាល ប្រចាំការ ចំនួន២កន្លែង ដោយមួយកន្លែងៗ មានចំនួន៣៦នាក់ សរុបចំនួន ៧២នាក់ និងមានស្នាក់ការរង មន្ត្រីឧទ្យានុរក្សប្រចាំការនៅនាច្រកសំខាន់ ចំនួន៩ស្នាក់ការរង ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពងធំ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជ្រាបជារបាយការណ៍ ដោយសេចក្ដីអនុគ្រោះ“៕ កុលបុត្រ

RELATED ARTICLES