Thursday, November 7, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្លែងឯកសារទិញលក់ឡានអត់ពន្ធ ជា.../ប់ខ្នោះ៥

ក្លែងឯកសារទិញលក់ឡានអត់ពន្ធ ជា…/ប់ខ្នោះ៥

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ស្រាវជ្រាវចាប់ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីក្លែងឯកសាររថយន្ត និងលក់រថយន្តអត់ពន្ធ។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៥នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនុន វិបុល អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទ។ ទី២-ឈ្មោះផាន់ ធារិទ្ធ អាយុ២៣ឆ្នាំ មុខរបរជាងទូរស័ព្ទ។ ទី៣-ឈ្មោះហ៊ុន បាឡុង អាយុ៣០ឆ្នាំ មុខរបរអ្នកលក់រថយន្ត។ ទី៤-ឈ្មោះចេង រស្មី អាយុ២៩ឆ្នាំ មុខរបរកសិករ និងទី៥-ឈ្មោះហ៊ត ដាវ៉ា អាយុ៣០ឆ្នាំ មុខរបរទិញលក់ឡាន។

តាមប្រភពពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹង កាលពីល្ងាចថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុច សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ (១-ឈ្មោះនុន វិបុល ២-ឈ្មោះផាន់ ធារិទ្ធ ៣-ឈ្មោះហ៊ុន បាឡុង ៤-ឈ្មោះចេង រស្មី ៥-ឈ្មោះហ៊ត ដាវ៉ា) ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ត និងលក់រថយន្តអត់ពន្ធ។

ប្រភពដដែល បន្តថា ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងដកហូត រួមមាន ១-រថយន្តម៉ាក Lexus RX-350 ពណ៌ស ផលិតឆ្នាំ២០១០ ចំនួន១គ្រឿង។ ២-រថយន្តម៉ាក AUDI Q7 ពណ៌ស ផលិតឆ្នាំ២០១២ ចំនួន១គ្រឿង។ ៣-ប័ណ្ណសម្គាល់យានជំនិះ ចំនួន២សន្លឹក (មិនប្រក្រតី)។ ៤-លតាបត្ររថយន្តទេសចរណ៍ ចំនួន២ (មិនប្រក្រតី)។ ៥-វិញ្ញាបនបត្រពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចំនួន២ (មិនប្រក្រតី)។ ៦-លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន ចំនួន៣ (មិនប្រក្រតី) និង៧-ប័ណ្ណសម្គាល់យានជំនិះ ចំនួន២ (ប្រក្រតី១ និងមិនប្រក្រតី១)។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES