ភ្នំពេញ៖គី សាវីនអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិអូរតាគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានលើកពានCambodian Idol រដូវកាលទី៥ កាលពីរាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលយកឈ្នះបេក្ខភាព២រូបផ្សេង ទៀតនៅវគ្គផ្ដាច់ព្រ័ត្រ (Final )គឺលោកសន ម៉េងលាង និងកញ្ញាអ៊ុំ សិរីគុត្តា ។ក្រោយឈ្នះពានសាវីន បានក្លាយទៅជាតារាចម្រៀងហង្សមាសដែលចុះកុងត្រាតំណាក់កាលដំបូងរយៈពេល៥ឆ្នាំ ហើយបើទោះជាសាវីន អាចនឹងពិបាកប្រជែងភាពលេចធ្លោជាមួយរៀមច្បងមែន ប៉ុន្ដែលោកមានជំនាញពិសេសជាងតារាល្បីៗនៅហង្សមាសនោះគឺអាចច្រៀងផ្នែកបុរាណ ព្រមទាំងចេះស្មូតយ៉ាងពិរោះទៀតផង ហេតុនេះហើយការដែលតារា ម្នាក់ចេះពហុជំនាញ ហើយកាន់ពានគ្មានប្រតិកម្មពីមហាជនឡើយ ដែលអាចនិយាយបានថាឲ្យពានត្រូវ។
មជ្ឈដ្ឋានមហាជនកត់សម្គាល់ថាគី សាវីន ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ខ្លាំងពេលរូបគេច្រៀងបទ«អនអើយ ស្រីអន » ក្នុងវគ្គJudge Audition កម្មវិធីCambodian Idol រដូវកាលទី៥ ធ្វើឲ្យគណៈកម្មការទាំង៤ពេញចិត្តខ្លាំង រហូតសំណូមពរឲ្យច្រៀងបទបុរាណ៤បទទៀតផង។មុនលើកពានសាវីន ជាតារាចម្រៀងផ្នែកបុរាណក្នុងក្រុមអ្នកនាងខាត់ សួស្ដី ប្អូនស្រីខាត់ សុឃីម ។ ឪពុកសាវីន ដែលជាអ្នករត់ម៉ូឌុប បានទទួល មរណ ភាពកាលពីឆ្នាំ២០២២ ធ្វើឲ្យរូបគេកំព្រាឪ ជាង២ឆ្នាំ និងរស់នៅជាមួយម្ដាយជាស្រ្ដីមេម៉ាយវ័យចំណាស់ និងបង ប្អូន៤នាក់ ក្នុងនោះសាវីន ជាកូនពៅ ។ក្រោយជាប់បាក់ឌុបដោយស្វ័យប្រវត្តិកាលពីឆ្នាំ២០២០ ដែលពេលនោះកំពុងផ្ទុះកូវីដ នោះសាវីន បានបន្ដការសិក្សារនៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ឯកទេសចម្រៀងមហោរី ខណៈសាវីន មាននិស្ស័យស្រលាញ់ខាងស្មូតតាំងពីនៅតូចម្លេះ ហើយថែមទាំងធ្លាប់សុំម្ដាយទៅនៅវត្តដើម្បីរៀនស្មូត ដោយមានការបណ្ដុះបណ្ដាលពីព្រះសង្ឃថែមទៀតផង ទើបក្រោយមកលោកយកជំនាញស្មូតនេះដើរស្មូតតាមកម្មវិធីនានា ដើម្បីយកលុយទៅរៀន ហើយលោកថែមទាំងចេះជំនាញច្រៀងភ្លេងការ ស្មូត ព្រំ និងថែមទាំងចេះស្មូតបទ បរាភវសូត្រ នារដូវបុណ្យភ្ជុំដែលគេធ្លាប់តែឭតាមវិទ្យុផងដែរ។ម្ចាស់ពានCambodian Idol រដូវកាលទី៤ រូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេសចម្រៀងមហោរី ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឆ្នាំ២០២៤ ពោលគឺមុនលើកពាន ហើយរូបគេក៍ជាអ្នកកាន់សីល៍៥ម្នាក់ បានយ៉ាងខ្ជាប់ខ្ជួន ទៀតផង។យុវជនរូបនេះមានការតស៊ូច្រើនក្នុងជីវិតដូចជារកថវិការតាមរយៈស្មូតតាមកម្មវិធីនានាបានប្រាក់ពី២ទៅ៤ម៉ឺនរៀលក្នុងមួយកម្មវិធីសម្រាប់យកមកផ្ដត់ផ្គងការសិក្សារដោយខ្លួនឯងតាំងពីថ្នាក់ទី១០ និងជួយថវិកាដល់ម្ដាយជាស្ត្រីមេម៉ាយវ័យចំណាស់។
តាមប្រភពថាដោយសារតែមើលឃើញពីសម្ថភាពរបស់គី សាវីន ផ្នែកជំនាញចម្រៀងមហោរី នោះថៅកែ ហង្សមាសនឹងផលិតបទចម្រៀងផ្នែកបុរាណជាច្រើនបទឲ្យតារាវ័យក្មេងរូបនេះច្រៀងច្រើនជាងបទសម័យ។ប៉ុន្ដែសាវីន ដែលមានគេស្គាល់ច្រើនស្រាប់នោះអាចនឹងដណ្ដើមភាពលេចធ្លោនៅផលិតកម្មនេះបានឬអត់ នោះគេមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះនៅលើទស្សនិកជនជាអ្នកកំណត់។តែគេកត់សម្គាល់ថាCambodian Idol រដូវកាលទី៥នេះមិនសូវលេចធ្លោដូចរដូវកាលមុនៗនោះទេ ពោលគឺទាំងViews ផ្សាយផ្ទាល់ និងអ្នកស្គាល់ច្បាស់ពីបេក្ខភាពឡើងទៅផ្ដាច់ព្រ័ត្រមិនសូវមានអ្នកចាប់អារម្មណ៍ ។បញ្ហានេះត្រូវបានគេកត់សម្គាល់ថាអាចបណ្ដាលមកពីហង្សមាសធ្វើកម្មវិធីនេះញឹកញាប់ពេក ហើយតារាម្ចាស់ពានខ្លះមិនមានបទឲ្យច្រៀង មិនល្បី ទើបអ្នកខ្លះលែងចង់តាមដាន ។យ៉ាងណាសម្រាប់សាវីន ដែលមានចំណុចពិសេសជាងម្ចាស់ពានមុនៗព្រោះ ខ្លួនអាចច្រៀងបានជាច្រើនទម្រង់នោះអាចនឹងមានគេចាំអ៊ុតបទថ្មីរបស់របស់លោកច្រើនជាងម្ចាស់ពានមុនៗជាមិនខាន ព្រោះតែគេចង់ដឹងថាម្ចាស់ពានរូបនេះធ្លាប់តែឃើញល្បីខាងស្មូត ច្រៀងភ្លេងការ អីចឹងពេលច្រៀងបទសម័យ នៅទ្រនុំមួយដែលប្រជុំទៅដោយតារាខ្លាំងៗតើទៅរួច ឬអត់ ?