Thursday, November 21, 2024
Homeតារាខ្មែរគី សាវីន ៖កាន់សីល៍៥ លើកពាននៅហង្សមាស

គី សាវីន ៖កាន់សីល៍៥ លើកពាននៅហង្សមាស

ភ្នំពេញ៖គី សាវីន​អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិអូរតាគី ឃុំអូរដា ស្រុកកំរៀង ខេត្ត​បាត់ដំបង បានលើកពានCambodian Idol រដូវកាលទី៥ កាលពីរាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែលយកឈ្នះបេក្ខភាព២រូបផ្សេង ទៀតនៅវគ្គផ្ដាច់ព្រ័ត្រ (Final )គឺលោកសន ម៉េង​លាង និងកញ្ញាអ៊ុំ សិរីគុត្តា ។ក្រោយឈ្នះពានសាវីន បានក្លាយទៅជាតារាចម្រៀង​ហង្សមាស​ដែលចុះកុងត្រាតំណាក់កាលដំបូងរយៈពេល៥ឆ្នាំ ហើយបើទោះជាសាវីន អាចនឹងពិបាក​ប្រ​ជែងភាពលេច​ធ្លោជាមួយរៀមច្បងមែន ប៉ុន្ដែលោកមានជំនាញពិសេសជាងតារាល្បីៗ​នៅ​ហង្ស​​មាស​នោះគឺអាចច្រៀងផ្នែកបុរាណ ព្រមទាំងចេះស្មូតយ៉ាងពិរោះទៀតផង ហេតុនេះ​ហើយការ​ដែលតារា ម្នាក់ចេះពហុជំនាញ ហើយកាន់ពានគ្មានប្រតិកម្មពីមហាជនឡើយ ដែល​អាចនិ​យា​យ​​បានថាឲ្យពានត្រូវ។

 មជ្ឈដ្ឋានមហាជនកត់សម្គាល់ថាគី សាវីន ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍​ខ្លាំង​ពេល​រូបគេច្រៀងបទ«អនអើយ ស្រីអន » ក្នុងវគ្គJudge Audition កម្មវិធីCambodian Idol រដូវ​កាលទី៥ ធ្វើឲ្យគណៈកម្មការទាំង៤ពេញចិត្តខ្លាំង រហូតសំណូមពរឲ្យច្រៀង​បទបុរាណ​៤បទ​ទៀតផង។មុនលើកពានសាវីន ជាតារាចម្រៀងផ្នែកបុរាណក្នុងក្រុមអ្នកនាងខាត់ សួស្ដី ប្អូន​ស្រីខាត់ សុឃីម ។ ឪពុកសាវីន ដែលជាអ្នករត់ម៉ូឌុប បានទទួល មរណ ភាពកាលពីឆ្នាំ២០២២ ធ្វើឲ្យរូបគេកំព្រាឪ ជាង២ឆ្នាំ និងរស់នៅជាមួយម្ដាយ​ជាស្រ្ដី​មេម៉ាយវ័យចំណាស់ និងបង ប្អូន​៤នាក់ ក្នុងនោះសាវីន ជាកូនពៅ ។ក្រោយជាប់បាក់ឌុបដោយ​ស្វ័យ​ប្រវត្តិ​កាលពីឆ្នាំ២០២០ ដែល​ពេលនោះកំពុងផ្ទុះកូវីដ នោះសាវីន បានបន្ដការសិក្សារ​នៅ​សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ឯកទេសចម្រៀងមហោរី ខណៈសាវីន មាននិស្ស័យ​ស្រ​លាញ់ខាងស្មូត​តាំងពី​នៅតូចម្លេះ ហើយថែមទាំងធ្លាប់សុំម្ដាយទៅនៅវត្តដើម្បីរៀនស្មូត ដោ​យ​មានការបណ្ដុះ​បណ្ដា​លពីព្រះសង្ឃថែមទៀតផង ទើបក្រោយមកលោកយកជំនាញស្មូត​នេះដើរ​ស្មូតតាមកម្មវិធី​នានា ដើម្បីយកលុយទៅរៀន ហើយលោកថែមទាំងចេះជំនាញច្រៀងភ្លេងការ ស្មូត ព្រំ និងថែមទាំងចេះស្មូតបទ បរាភវសូត្រ នារដូវបុណ្យភ្ជុំដែលគេធ្លាប់តែឭ​តាមវិទ្យុ​ផងដែរ​។ម្ចាស់​ពានCambodian Idol រដូវកាលទី៤ រូបនេះ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯក​ទេសចម្រៀង​មហោ​រី ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឆ្នាំ២០២៤ ពោលគឺមុនលើកពាន ហើយរូបគេក៍​ជាអ្នក​កាន់សីល៍៥ម្នាក់ បានយ៉ាងខ្ជាប់ខ្ជួន ទៀតផង​។យុវជនរូបនេះមានការតស៊ូច្រើន​ក្នុងជីវិតដូច​ជារកថវិការតាមរយៈស្មូតតាមកម្មវិធីនានាបានប្រាក់ពី២ទៅ៤ម៉ឺនរៀលក្នុងមួយកម្មវិធីសម្រាប់យកមកផ្ដត់ផ្គងការសិក្សារដោយខ្លួនឯងតាំងពីថ្នាក់​ទី១០ និងជួយថវិកាដល់ម្ដាយ​ជាស្ត្រីមេ​ម៉ាយ​វ័យ​ចំ​ណាស់​​។

 តាមប្រភពថាដោយសារតែមើលឃើញពីសម្ថភាពរបស់គី សាវីន ផ្នែកជំនាញចម្រៀង​មហោរី នោះថៅកែ ហង្សមាសនឹងផលិតបទចម្រៀង​ផ្នែកបុរាណជាច្រើនបទឲ្យ​តារាវ័យ​ក្មេង​រូបនេះច្រៀងច្រើនជាងបទសម័យ។ប៉ុន្ដែសាវីន ដែលមានគេស្គាល់ច្រើនស្រាប់នោះអាចនឹង​ដណ្ដើមភាពលេចធ្លោនៅផលិតកម្មនេះបានឬអត់ នោះគេមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះ​នៅលើទស្សនិកជនជាអ្នកកំណត់។តែគេកត់សម្គាល់ថាCambodian Idol រដូវកាលទី៥​នេះមិន​សូវ​លេចធ្លោដូចរដូវកាលមុនៗនោះទេ ពោលគឺទាំងViews ផ្សាយផ្ទាល់ និងអ្នកស្គាល់​ច្បាស់​ពីបេក្ខភាពឡើងទៅផ្ដាច់ព្រ័ត្រមិនសូវមានអ្នកចាប់អារម្មណ៍ ។បញ្ហានេះត្រូវបានគេកត់​សម្គា​ល់​​​ថាអាចបណ្ដាលមកពីហង្សមាសធ្វើកម្មវិធីនេះញឹកញាប់ពេក ហើយតារាម្ចាស់​ពានខ្លះមិន​មានបទឲ្យច្រៀង មិនល្បី ទើបអ្នកខ្លះលែងចង់តាមដាន ។យ៉ាងណាសម្រាប់សាវីន ដែល​មាន​ចំ​ណុច​ពិសេសជាងម្ចាស់ពានមុនៗព្រោះ ខ្លួនអាចច្រៀងបាន​ជាច្រើនទម្រង់នោះអាចនឹង​មាន​គេ​​ចាំអ៊ុតបទថ្មីរបស់របស់លោកច្រើនជាងម្ចាស់ពានមុនៗជាមិនខាន ព្រោះតែគេចង់ដឹងថា​ម្ចាស់​​ពាន​រូបនេះធ្លាប់តែឃើញល្បីខាងស្មូត ច្រៀងភ្លេងការ អីចឹងពេលច្រៀងបទសម័យ នៅទ្រ​នុំមួយដែលប្រជុំទៅ​ដោយតារាខ្លាំងៗតើទៅរួច ឬអត់ ?

RELATED ARTICLES