ខេត្តសៀមរាប ៖ ស្ថានីយប្រេងមួយកន្លែង កើតមានបញ្ហាបច្ចេកទេស ធ្លាយទុយោហ្គាស់ស្តុក ផ្អើលអ្នកជិតខាងភ័យស្លន់ស្លោ និងរាយការណ៍សុំអន្តរាគមន៍សមត្ថកិច្ចភ្លាមៗ និងត្រូវបានរថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា ដោយមិនបង្កឱ្យមានហានិភ័យណាមួយកើតឡើងនោះឡើយ។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្ថានីយប្រេង PAPA ខាងកើតរង្វង់មូលកន្ត្រក តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដោយមានបញ្ហាបច្ចេកទេស ធ្វើឱ្យធ្លាយទុយោហ្គាស់ កន្លែងស្តុក ភាយក្លិន បង្កឱ្យផ្អើលអ្នករស់នៅក្បែរខាង ខ្លាចកើតមានអគ្គិភ័យ ក៏ប្រញាប់រាយការណ៍សុំអន្ត រាគមន៍ពីសមត្ថកិច្ចជំនាញភ្លាមៗ។
ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញបង្ការនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា ដោយមិនបណ្តាលឱ្យឆាបឆេះឡើយ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ហេតុការណ៍ខាងលើ កើតឡើងដោយមូលហេតុធ្លាយធុងហ្គាស់ តែត្រូវបានសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា មិនបង្កឱ្យមានការឆាបឆេះឡើយ៕