ខេត្តកំពង់ធំ ៖ ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ១ក្រុមធំ បានណាត់ជួបគ្នា ចាប់គូជល់មាន់យ៉ាងគគ្រឹកគគ្រេង នៅក្នុងចម្ការស្វាយចន្ទីរមួយកន្លែង លុះសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប បាននាំគ្នារត់ចែកជើងគ្នាអស់គ្មានសល់ ដោយសមត្ថកិច្ចចាប់បានតែមាន់ ៥ក្បាល និងម៉ូតូ ចំនួន២០គ្រឿង។
ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងចម្ការស្វាយចន្ទី តំបន់អូរក្បាលហុង ចម្ងាយពីភូមិជីវភាពប្រហែល ៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរ បាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាល ពីវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកតាំងគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សន តាល់ បានចេញប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់) ចំនួន១ករណី ស្ថិតនៅចំណុចក្នុងព្រៃចម្ការស្វាយចន្ទី តំបន់អូរក្បាលហុង ចំងាយពីភូមិជីវភាពប្រហែល៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុក តាំងគោក ខេត្តកំពង់ធំ។
ជាជាលទ្ធផល នៃកិច្ចប្រតិបត្តិការ កម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន២០គ្រឿង មាន់ជល់ ចំនួន៥ក្បាល ព្រមទាំងសម្ភារៈមួយចំនួនទៀត។ រីឯអ្នកញៀនល្បែងស៊ីសងរត់បាត់ស្រមោលពីកន្លែងកើតហេតុ៕