ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងជាមានកំហឹង ឬមានបញ្ហាផ្លូវចិត្តរឿងអ្វី ស្រាប់តែជិះម៉ូតូធំ ១គ្រឿងតាមផ្លូវសុខៗ ក៏ឈប់ រួចដុតម៉ូតូចោល បន្ទាប់មកបានដើរចេញទៅបាត់ ដោយទុកឱ្យភ្លើងឆាបឆេះម៉ូតូយ៉ាងសន្ធោសន្ធៅ រហូត សល់តែគ្រោងឆ្អឹងដែក។
ហេតុការណ៍នេះលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសចិត្តភ្លើងដែលដុតម៉ូតូចោលនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ចំណែកម៉ូតូដែលរងការឆាបឆេះ ជាប្រភេទម៉ូតូធំ ម៉ាក CBR (ត្រូវភ្លើងឆេះសល់តែគ្រោងឆ្អឹងដែក)។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើកម៉ូតូធុនធំ ១គ្រឿង ម៉ាក CBR មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិស ដៅពីជើង មកត្បូង ខណៈមកដល់ចំណុចកើតហេតុ ខាង ក្រោមស្ពានជ្រោយចង្វា បុរសរូបនោះ បានឈប់ម៉ូតូ រួចក៏ធ្វើសកម្មភាពដុតម៉ូតូចោលតែម្តង បណ្តាលឱ្យឆេះអស់ ចំណែកបុរសជាម្ចាស់ម៉ូតូ បានដើរគេចេញពីចំណុចកើតហេតុបាត់ភ្លាមៗផងដែរ។
នៅក្នុងហេតុការណ៍ខាងលើ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចយកម៉ូតូដែលឆេះនៅសល់គ្រោងឆ្ងឹងដែកនោះ ទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំស្រាវជ្រាវបន្ត៕