ភ្នំពេញ ៖ ឃ្លាំងស្តុកម៉ាស៊ីនដេរ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចចេញអន្តរាគមន៍ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះបាញ់ទឹកពន្លត់ភ្លាមៗ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងស្តុកម៉ាស៊ីនដេរ ១កន្លែង តាមបណ្តោយផ្លូវបេតុង ក្រុម៤ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលរោងចក្រកម្មករ បានឈប់សម្រាកឈប់ថ្ងៃ បុណ្យអុំទូក ស្រាប់តែកើតមានករណីទុស្សេខ្សែភ្លើងនៅខាងក្នុងអគារ ទំហំ៤០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ ប្រក់ស័ង្កសី បង្កការឆាបឆេះខាងក្នុង បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច រាយការណ៍សុំអន្តរាគន៍ពីសមត្ថកិច្ចជំនាញភ្លាមៗតែម្តង។
កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានឱ្យដឹងថា អគ្គិភ័យនេះបានកើតឡើង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយឃ្លាំងស្តុកម៉ាស៊ីនដេរដែលត្រូវភ្លើងឆេះនោះ មានទំហំ១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ដោយបានបណ្តាលឱ្យខូចខាត គ្រឿងជួសជុលម៉ាស៊ីនដេរ អស់១បន្ទប់ ប៉ុន្តែមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ។
ប្រភពដដែល បានបន្តថា ខណៈកើតមានហេតុការណ៍អគ្គិភ័យនេះភ្លាម បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញា ធរនិងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ ហើយភ្លាមៗនោះកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះ មហន្តរាយ៧១១ កងពលតូចលេខ៧០ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង និងរថយន្តដឹកឧបករណ៍សម្ភារៈ ០១គ្រឿង សហការជាមួយរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌកំបូល ចេញទៅពន្លត់ ហើយបាញ់ទឹក ១ស៊ីទែន ក៏រលត់ទៅវិញនៅវេលាម៉ោង ១០និង៣៥នាទីព្រឹកថ្ងៃដដែល ដោយពុំបានឆេះរាលដល់លំ នៅឋានប្រជាពលរដ្ឋ ឬមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ៕