ខេត្តព្រះសីហនុ ៖ អគារផ្ទះសំណាក់ កម្ពស់៥ជាន់ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងការខូចខាតបន្ទប់ជាន់ទី២ អស់១បន្ទប់ទាំងស្រុង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិ ភ័យចុះអន្តរាគមន៍ បាញ់ទឹកអស់ ១រថយន្ត ទើបអាចគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុង។
ករណីអគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ ៥ជាន់ យីហោ «សួគ៌ា» មានទីតាំងស្ថិតនៅចំណុចក្រុម១៤ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមប្រភពសមត្ថកិច្ចជំនាញ បានឱ្យដឹងថា អគ្គិភ័យខាងលើ បានឆេះបន្ទប់ស្នាក់នៅរបស់ផ្ទះសំណាក់ «សួគ៌ា» ជាន់ទី២ បន្ទប់លេខ១១២ ស្ថិតនៅចំណុចក្រុម១៤ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឱ្យខូចខាតបន្ទប់ខាងលើ រួមនិងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទាំងស្រុង។
ប្រភពដដែល បន្តថា ទីតាំងកើតហេតុខាងលើ ជាប្រភេទសំណង់សង់អំពីថ្ម មានកម្ពស់ ៥ជាន់ បន្ទប់មានទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ និងមានម្ចាស់ ឈ្មោះកែវ ហាន ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរលក់ដូរ។ ជុំវិញប្រតិ បត្តិការពន្លត់អគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ ចំនួន២គ្រឿង និងបានប្រើប្រាស់ទឹក អស់ចំនួន១ឡាន ស្មើនឹង១២ម៉ែត្រគូប ដោយមិនបង្កឱ្យឆេះរាលដាល និងធ្វើឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ដោយឡែក មូលហេតុ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕