ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរ ចំនួន៣នាក់ ត្រូវបានតម្រួត និងទាហានឈុតខ្មៅថៃ ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈដែលកំពុងជិះម៉ូតូម្នាក់ ១គ្រឿង ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ១កន្លែង ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលជាប់សង្ស័យ លួចម៉ូតូ ចំនួន៣គ្រឿង ។
ពលរដ្ឋខ្មែរទាំង៣នាក់ ដែលត្រូវទាហានថៃ ចាប់ឃាត់ខ្លួន នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនជាតិខ្មែរ ទាំង៣នាក់បានជិះម៉ូតូ ម្នាក់ ១គ្រឿង ចេញពីទឹកដីថៃ ឆ្ពោះមកកាន់ព្រំដែនខ្មែរ-ថៃ ដើម្បីឆ្លងព្រំដែនចូលទឹកដីខ្មែរ តាមច្រករបៀងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង តែត្រូវតម្រួត និងទាហានឈុតខ្មៅថៃ ស្ទាក់ចាប់បានពេលធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ។
តាមប្រភពមន្ត្រីព្រំដែនខ្មែរ បានបញ្ជាក់ប្រាប់ថា ពលរដ្ឋខ្មែរ ទាំង៣នាក់នោះ ត្រូវបានសមត្ថកិច្ចថៃ ចោទប្រកាន់ថាបានលួចម៉ូតូ ចំនួន៣គ្រឿង ពីស្រុកខ្លងហាត ខេត្តស្រះកែវ ហើយជិះមកកាន់ព្រំដែន ដើម្បីឆ្លងចូលមកទឹកដីខ្មែរ ក្នុងស្រុកសំពៅលូន។
ប្រភពដដែល បានបញ្ជាក់ថា ម៉ូតូទាំង៣គ្រឿងនោះ រួមមាន ១-ម៉ាកហុងដា វ៉េវ ២-ម៉ាកហុងដា ស្កុបពី និង៣-ម៉ាក HONDA PCX។
ពលរដ្ឋខ្មែរទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន និងដកហូតម៉ូតូ ហើយត្រូវបានចាត់ការតាមផ្លូវច្បាប់៕