ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មខាងដើរទាក់និងវាយសត្វឆ្មា យកទៅលក់តាម បណ្តោយផ្លូវជាតិលេខ៥ ដោយបន្លំថាជាខ្លាត្រី ត្រូវបានសមត្ថកិច្ចជំនាញក្រុងកំពង់ឆ្នាំង ស្ទាក់ចាប់បាន ជាមួយវត្ថុតាង សត្វឆ្មាងាប់ ចំនួន៨ក្បាល ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។
ប្រតិបត្តិការបង្ក្រាបក្រុមទាក់សត្វឆ្មានេះ បានធ្វើឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយុន ស៊ីឆាង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ។
លោកឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ដោយទទួលបានព័ត៌មានពីប្រជា ពលរដ្ឋ ដែលតែងតែ រាយការណ៍អំពីការបាត់សត្វចិញ្ចឹម មានសត្វឆ្មា សត្វឆ្កែនៅពេលយប់ ព្រមទាំងសាក្សីបញ្ជាក់ពីភិនភាគរបស់ក្រុមអ្នកទាក់ឆ្មា និងឆ្កែផងនោះ ទើបនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយគ្រប់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង បានចេញប្រតិបត្តិការតាមផ្លូវក្នុងក្រុង គ្រប់ច្រកល្ហក បានប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង (ម៉ូតូឆ្អឹង) នៅចំណុចភូមិធម្ម យុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ក្រោយឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យបានបើកម៉ូតូរត់គេចមកដល់ដីឡូត៍មួយកន្លែង បានទុកម៉ូតូចោលជា មួយការុងធំមួយ ហើយរត់គេចខ្លួន តែសមត្ថកិច្ចព្យាយាមបន្តដេញចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់។ ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច បានឆែកនៅក្នុងការុង ឃើញសត្វឆ្មាងាប់ ដែលប្រឡាក់ដោយឈាម ចំនួន៨ក្បាល ដំបងសម្រាប់វ៉ៃឆ្មា និងឆ្កែ ប្រវែង១,៤០ម៉ែត្រ ចំនួន១ និងម៉ូតូ ១គ្រឿង (មានតែគ្រោងឆ្អឹង)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយុន ស៊ីឆាង បានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់ធ្វើសកម្មភាពវាយសត្វឆ្មា ជាច្រើនលើកមកហើយ និងបានយកទៅលក់នៅភូមិអូរសណ្តាន់ ដោយក្នុង ១ក្បាល បានតម្លៃ ពី១ម៉ឺន ទៅ១ម៉ឺន៥ពាន់រៀល។
ជនសង្ស័យបានសារភាពបន្តថា ចំពោះវិធីដែលប្រើក្នុងការវាយសត្វឆ្មា គឺពេលជិះម៉ូតូទៅឃើញឆ្មា ក៏បានចាំងភ្លើងពិលឱ្យចំមុខឆ្មា ពេលនោះឆ្មានៅស្ងៀម ភ្នែកសម្លឹងមើលភ្លើងពិល ឆ្លៀតឱកាសនោះ ដៃគូម្នាក់ទៀតបានយកដំបងវាយសម្លាប់សត្វឆ្មានោះ រួចរើសច្រកក្នុងការុងតែម្តង ហើយជាមធ្យម ពួកគេចេញវាយសត្វឆ្មា ១យប់ បានពី៨ ទៅ១០ក្បាល។
ជនសង្ស័យ បានសារភាពបន្តទៀតថា ក្រោយពេលវាយឆ្មាបានហើយ គឺយកទៅលក់ឱ្យអ្នកភូមិអូរសណ្តាន់ ឃុំទឹកហូត ដែលជាកន្លែងយកសត្វឆ្មាលក់ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ហើយប្រាប់អតិថិជនថាជាសត្វខ្លាត្រី។ នៅម្តុំត្រង់នោះ ពុំមានខ្លាត្រី លក់ច្រើនដូចការដាក់តាំងលក់សត្វឆ្មា ដូចសព្វថ្ងៃនេះទេ។ តែបើមានខ្លាត្រីមួយៗ គេនឹងទុកទាំងរោម ដើម្បីឱ្យអ្នកទិញគេស្គាល់ច្បាស់ជាខ្លាត្រីមែន។ គួររំលឹកដែរថា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ គេតែងឃើញមានការដាក់តាំងលក់ សត្វព្រៃ មានដូចជាសត្វស្លាប សត្វចតុបាតជាដើម ដោយឡែកសត្វឆ្មា គេបានយកមកបន្លំ ធ្វើជាសត្វខ្លាត្រី កុហកអ្នកទិញ ហើយក៏មានសត្វខ្លះទៀត ត្រូវបានបន្លំដែរ ដូចជាសត្វក្រួច ធ្វើសត្វលលក ជាដើម។ ក្រៅពីនោះ នៅមានសត្វពស់ និងអណ្តើក ជាដើម៕