Wednesday, November 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនកំលោះជិតចូលរោងការ ធ្លា.../ក់ទឹក បា---/ត់ខ្លួន

កូនកំលោះជិតចូលរោងការ ធ្លា…/ក់ទឹក បា—/ត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ ជិតចូលរោងការទៅហើយ បែរជាជួបគ្រោះអកុសល ទៅបង់សំណាញ់ ពេលយប់ ជាមួយមិត្តភក្តិ រអិលជើងធ្លាក់ទឹកព្រែក បណ្តាលឱ្យលិចបាត់ រកមិនទាន់ឃើញនៅឡើយ។

ករណីនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចព្រែកសឿ ស្ថិតក្នុងភូមិសឿ ឃុំសឿ ស្រុកមង្គលបុរី។

យុវជនរងគ្រោះ មានឈ្មោះយ៉ាវ ម៉ុនថៃ ហៅកូនង៉ា ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបុរី (ត្រៀមចូលរោងការនៅដើមឆ្នាំ២០២៥ខាងមុខ)។

តាមប្រភពសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះបានទៅផឹកស៊ីជាមួយមិត្តភក្តិ នៅម្តុំព្រែកសឿ ដែលមានដាក់ធុងបាស់ ច្រៀងខារ៉ាអូខេ យ៉ាងសប្បាយក្អាកក្អាយ។ លុះយប់ឡើង អ្នកផឹកស៊ីផ្សេងទៀត បានត្រឡប់ទៅផ្ទះវិញអស់ នៅសល់មិត្តភក្តិ ៣ទៅ៤នាក់  ក្នុងនោះមានជនរងគ្រោះម្នាក់ផង បានបបួលគ្នាទៅបង់សំណាញ់ នៅសំណង់ទ្វារទឹក ព្រែកសឿ។ ស្រាប់តែមកដល់ម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានមិត្តភក្តិជនរងគ្រោះ ម្នាក់ បានទូរស័ព្ទមកប្រាប់ក្រុមគ្រួសារថា ជនរងគ្រោះឈ្មោះយ៉ាវ ម៉ុនថៃ ហៅកូនង៉ា បង់សំណាញ់រអិលជើងចូលទឹក កួចលិចបាត់ហើយ។

ក្រោយទទួលព័ត៌មានខាងលើ បងប្អូនក្រុមគ្រួសារ និងកម្លាំងប៉ុស្តិ៍នគរបាលឃុំសឿ បានចុះទៅរុករកភ្លាមដែរ តែមិនឃើញសោះ។

ជាមួយនេះសាច់ញាតិរបស់ជនរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះបានភ្ជាប់ពាក្យរយៈពេលជិត១ឆ្នាំហើយ និងបានមើលពេលា រួចរាល់ហើយ ដោយត្រូវចូលរោងការនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ស្រាប់តែអកុសល បែរជាត្រូវលង់ទឹក បាត់ខ្លួន ពិតជារឿងគួរឱ្យ សោកស្តាយណាស់។

លោកអ៊ូ សុភាព អភិបាលស្តីទីស្រុកមង្គលបុរី បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុក និងកម្លាំងនគរបាលឃុំសឿ ដោយប្រើ ប្រាស់កាណូតស្មាច់ ចំនួន៤គ្រឿង និងប្រើប្រាស់យុទ្ធការមុខបួន ចងខ្សែបោះចូលទឹក ទាញរាវរកដែរ តែមិន ទាន់រកឃើញជនរងគ្រោះនៅឡើយ ដោយដាក់កម្លាំងរកនៅក្រោយសំណង់ព្រែកសឿ និងលើសំណង់ព្រែក ចំណោម តែការរុករករហូតដល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មិនទាន់រកឃើញ៕

RELATED ARTICLES