ខេត្តក្រចេះ ៖ នាយប៉ុស្តិ៍នគរបាលមួយរូប នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានថ្នាក់លើហៅទៅសាកសួរ និងអនុវត្តវិន័យកងកម្លាំង ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន២គ្រាប់ កាលពីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្រោយប៉ះទង្គិចពាក្យសម្តីជាមួយគណៈកម្មការទូកង វត្តឫស្សីកែវ។
ករណីនាយប៉ុស្តិ៍នគរបាល ផ្ទុះអាវុធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។
នាយប៉ុស្តិ៍នគរបាល ដែលត្រូវបានថ្នាក់លើដាក់វិន័យកងកម្លាំងនេះ មានឈ្មោះវិន ថុន ឋានន្តរស័ក្តិវរសេនីយ៍ត្រី តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍ឃុំឫស្សីកែវ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីបញ្ចប់ការសាកសួរនៅអធិការនគរបាលស្រុក បន្ទាប់ពីកើតមានករណីផ្ទុះអាវុធ ចំនួន២គ្រាប់ កាលពីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ។
តាមប្រភពប្រជាពលរដ្ឋ និងអាជ្ញាធរឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា ករណីដែលនាយប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ ប្រើប្រាស់កាំភ្លើង បាញ់ចំនួន២គ្រាប់ ដោយសារខឹងលោកហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការទូកង វត្តឫស្សីកែវ រួមនិងសមាជិកគណៈកម្មការផ្សេងទៀត។
ប្រភពដដែល បន្តថា រឿងរ៉ាវនេះសង្ស័យកើតពីទំនាស់ផលប្រយោជន៍រឿងចែកលុយអំណោយ និងការចាក់លុយការប្រណាំងទូក កាលពីពេលថ្មីៗនេះ ហើយក៏មានករណីផ្សេងៗទៀតដែលមានការខឹងគុំកួនគ្នាជាច្រើនលើកមកហើយដែរ។
លោកហុក រ៉ាមិហ៍ សមាជិកក្រុមប្រឹក្សាឃុំ និងជាគណៈកម្មការទូកងវត្តឫស្សីកែវ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា រឿងនេះពាក់ព័ន្ធនឹងគណៈកម្មការទូកង ដោយសារនៅពេលដែលពិធីបុណ្យអុំទូក កម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់គាត់ បានទៅធ្វើការងារសណ្តាប់ធ្នាប់ ជាមួយនឹងគណៈកម្មការទូកង ហើយនៅពេលត្រឡប់មកវិញ កាលពីអំឡុងថ្ងៃទី១៧ ក្រុមគណៈកម្មការបានយកថវិកាដែលទទួលបានពីការឧបត្ថម្ភ យកមកបូកបញ្ជី ដើម្បីធ្វើការបែងចែកទៅចំណុះទូក ដោយនៅក្នុងចំណុះទូកម្នាក់ៗ ទទួលបានថវិកា ៣០ម៉ឺនរៀល ហើយនៅសល់ថវិកា ៨លានរៀល។ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលខាងលើ មានការខឹងសម្បាទៅលើគណៈកម្មការទូកង ហើ យក៏បានប្រើពាក្យសម្តីអសុរោះ ទៅលើក្រុមគណៈកម្មការទូកនោះថា “ពួកអាគណៈកម្មការទូក ចាប់ពីថ្ងៃនេះទៅ ពួកឯងមិនបាច់ចូលប៉ុស្តិ៍អញទៀតទេ” ហើយថា “ពួកគណៈកម្មការទូកឆ្នាំនេះ សុទ្ធតែពុករលួយជាងពួកគណៈកម្មការទូកឆ្នាំមុនទៅទៀត”។ ដោយសារឮពាក្យសម្តីនេះ ទើបលោកដែលកំពុងបែងចែកថវិកាទៅចំណុះទូកង ក៏បានឆ្លើយតបទៅវីញថា “ម៉េចបាននិយាយដូច្នោះ តើចង់បានអំណោយដូចចំណុះទូកដែរឬអី?” គ្រាន់តែការឆ្លើយឆ្លងសម្តីគ្នាបែបនោះ ស្រាប់តែនាយប៉ុស្តិ៍រដ្ឋបាល បានដើរសំដៅទៅម៉ូតូរបស់ខ្លួន ចាក់សោ យកកាំភ្លើង ពេលនោះគណៈកម្មការទូកផ្សេងទៀតក៏បានឱ្យលោកជិះម៉ូតូចេញពីទីតាំងកើតហេតុភ្លាមដែរ ស្រាប់តែមេប៉ុស្តិ៍ បានបាញ់មេឃ ២គ្រាប់ ជាការគំរាមតែម្តង។
លោកហ៊ុក រ៉ាមិហ៍ បញ្ជាក់ថា ទោះបីជាមានករណីនេះកើតឡើងក៏ដោយ រូបលោកនិងគណៈកម្មការទូក មិន បានប្តឹងផ្តល់អ្វីទេ តែដោយឡែករឿងអង្គភាពពិន័យយ៉ាងម៉េចនោះ គឺជារឿងផ្សេង។
លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីកែវ បច្ចុប្បន្នកំពុងជាប់អនុវត្តវិន័យរបស់កងកម្លាំង នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕