Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសំណុំរឿង ជា សារ៉ន តុលាការបង្កកដី២០០ហិកតារ ដោះស្រាយជូនជនរងគ្រោះ

សំណុំរឿង ជា សារ៉ន តុលាការបង្កកដី២០០ហិកតារ ដោះស្រាយជូនជនរងគ្រោះ

ខេត្តកំពត៖ សាលាដំបូងខេត្តកំពត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីវឌ្ឍនភាចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានបង្ហាញអំពីវឌ្ឍនភាពនៃចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តកំពត ដូចខាងក្រោម ៈ

១-បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ១០៦គណនី ។

២- បានសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ២ ០១២ក្បាលដី ស្មើនឹងទំហំ ២ ២៨៨ ៧៩៦,៨ ម៉ែត្រការ៉េមានទីតាំងស្ថិត នៅខេត្តកំពត រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកែប។ សាលាដំបូងខេត្តកំពត ក៏កំពុងតែស្រាវជ្រាវស្វែងរកនូវអចលនវត្ថុ និងចលនវត្ថុរបស់ជនត្រូវចោទ ដែលពាក់ព័ន្ធបន្តទៀតផងដែរ។

៣-សាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យ និងសិក្សាលើអចលនវត្ថុ ដែលត្រូវបានបង្កកដើម្បីជាមូលដ្ឋានក្នុងការរកដំណោះស្រាយ ជូនជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី។

៤-សាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យស្រាវជ្រាវនូវកម្ចី (បំណុល) របស់ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណីនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពតបន្ថែមថា សាលាដំបូងខេត្តកំពត បានកំពុងបន្តឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះជា សារ៉ន និងបក្ខពួក ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារ៉ន ប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

ជាមួយគ្នានេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាសហការ ដោយរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ដើម្បីសាលាដំបូងខេត្តកំពត បន្តចាត់ការសំណុំរឿងនេះ ប្រកបដោយប្រសិទ្ធភាព និងរកដំណោះស្រាយជូនភាគី ដែលមានការពាក់ព័ន្ធទាំងអស់ នាពេលខាងមុខ៕

RELATED ARTICLES